ខេត្តរតនគិរីៈ រថយន្តម៉ាកកាមរីស្វិតពណ៌សអត់ស្លាកលេខមួយគ្រឿងផ្ទុកឈើប្រណិតប្រភេទធ្នង់ពេញមួយរថយន្ត ដឹកជញ្ជូនចេញពីស្រុកកោះញ៉ែកខេត្តមណ្ឌលគិរីក្នុងគោលដៅឆ្ពោះមកខេត្តរតនគិរីដោយឆ្លងកាត់ស្រុកលំផាត់តាមផ្លូវជាតិលេខ៧៦ តែចៃដន្យត្រូវបានក្រុមអ្នកសារពត៌មានមួយក្រុមតាមប្រមាញ់ផ្តិតយករូបភាពនិងរាយការណ៍ទៅនគរបាលប៉ុស្តិ៍ឃុំជ័យឧត្តមដើម្បីជួយអន្តរាគមន៍ស្ទាក់ឃាត់យកបានភ្លាមៗ។
តាមការអោយដឹងពីលោក ចាន់ ណារិទ្ធ នាយប៉ុស្តិ៍ឃុំជ័យឧត្តម បានអោយដឹងថាប្រតិបត្តិការស្ទាក់ចាប់បានរថយន្តដឹកបទល្មើសខាងលើនេះបានប្រព្រិត្តិទៅកាលពីវេលាម៉ោង៦និង៣០នាទីព្រឹក ថ្ងៃទី១៤ ខែសីហា ឆ្នាំ២០១៥ នៅត្រង់ចំណុចទល់មុខអធិការស្រុកតែម្តង ស្ថិតក្នុងភូមិលំផាត់ ឃុំជ័យឧត្តម។លោកបន្តទៀតថា ម្ចាស់រថយន្តដឹកបទល្មើសត្រូវបានស្គាល់ឈ្មោះ ពុធ រ៉ា ភេទប្រុស អាយុ២១ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅក្រុងបានលុងមិនត្រូវបានឃាត់ខ្លួននោះទេ ចំណែកឈើប្រណិតនិងរថយន្តបានរក្សាទុកនៅប៉ុស្តិ៍រងចាំប្រគល់ឲ្យជំនាញនគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ចខេត្តនៅថ្ងៃទី១៥ ខែសីហានេះ។
លោកនូវ ដារ៉ា ប្រធានការិយាល័យប្រឆាំងបទល្មើសសេដ្ឋកិច្ចខេត្តបានអោយដឹងថា វត្ថុតាងនិងរថយន្តដឹកបទល្មើសកំពុងធ្វើសំណុំបែបបទដើម្បីប្រគល់ទៅអោយជំនាញរដ្ឋបាលព្រៃឈើខេត្តនៅរសៀលម៉ោង២និង៣០ថ្ងៃទី១៥ ខែសីហា ឆ្នាំ២០១៥នេះ។
គួររំលឹកផងដែរថា ខណៈដែលក្រុមអ្នកសារពត៌មានយើងបានប្រទះឃើញរថយន្តដែលដឹកជញ្ជូនបទល្មើសខាងលើក៏បានទូរស័ព្ទទៅកម្លាំងចម្រុះដែលយាមតាមដងផ្លូវស្រាប់ រួមមានកម្លាំងកងរាជអាវុធហត្ថ យោធា និងជំនាញរដ្ឋបាលព្រៃឈើម្នាក់ដែលគេស្គាល់ឈ្មោះទុំ នាយសង្កាត់រដ្ឋបាលព្រៃឈើលំផាត់ ដើម្បីធ្វើអន្តរាគមន៍ស្ទាក់ចាប់ តែផ្ទុយទៅវិញក្រុមសមត្ថកិច្ចទាំងនោះបានត្រឹមតែដេកយាមចាំរាប់ក្បាលរថយន្តដឹកបទល្មើសតែប៉ុណ្ណោះ ប្រសិនបើរថយន្តណាដែលមិនបង់លុយទើបពួកគេធ្វើការបង្ក្រាបយកស្នាដៃអោយថ្នាក់លើដឹង។
សមត្ថកិច្ចចម្រុះទាំងអស់បើអ្នកដឹកឈើមិនបង់លុយគឺចាប់ព្រមានអោយបង់ថ្ងៃក្រោយទៀត តែបើឡានដឹកឈើណាបង់លុយប្រចាំថ្ងៃប្រខែនោះដឹកម៉ាជីវិតក៏ដឹកទៅ៕
ជីវ៉ា




