ខេត្តប៉ៃលិន៖ ពលរដ្ឋដែល រស់នៅសង្កាត់ប៉ៃលិននិងសង្កាត់បរយ៉ាខា,ក្រុងប៉ៃលិនពួកគាត់បាន រិៈគន់ ទៅលើមន្ត្រីជំនាញរ៉ែ និងថាមពលខេត្ត ព្រមទាំងមន្ត្រីជំនាញសាធារណៈការខេត្តប៉ៃលិនថា, បណ្តែតបណ្តោយឲ្យក្រុមឈ្មួញបានដឹកអាចម៍ដីលក់យ៉ាងអាណាធិបតេយ្យ ធ្វើឲ្យប៉ះពាល់ដល់ទ្រព្យសម្បិត្តសាធារណៈ និងប៉ះពាល់បរិស្ថាន បង្កជាអាចម៍ដីជ្រុះនៅលើដងផ្លូវ ពួកគាត់ពិបាកក្នុងការធ្វើដំណើរ ហើយបញ្ហាទាំងនេះអាជ្ញាធរខេត្ត និងមន្ទីរជំនាញហាក់មើលរំលង និងគ្មានចាត់វិធានការទប់ស្តាត់ ចំពោះរថយន្តទាំងនោះសោះ។
តាមប្រភពព័ត៌មានពីពលរដ្ឋដែលរស់នៅក្នុងសង្កាត់ទាំងពីខាងលើបាននិយាយតៗគ្នានៅតាមហាងកាហ្វេថា៖ រយៈពេលជិតមួយខែមកនេះផ្លូវកៅស៊ូជាច្រើនខ្សែនៅក្រុងប៉ៃលិនបានក្លាយជាសំបុកមាន់និងរថយន្តបានកិន បែកផ្លូវកៅស៊ូ ,រងការខូចខាតយ៉ាងខ្លាំង ដោយសារតែរថយន្តដឹកអាចម៍ដីលក់ របស់ក្រុមហ៊ុនមួយចំនួន បានបំផ្លាញ ធ្វើឲ្យខូចខាតសម្បិត្តសាធារណៈ ប៉ះពាល់បរិស្ថាន ផ្លូវពិបាកធ្វើដំណើរ ហើយរថយន្តដឹកអាចម៍ដីលក់ មួយចំនួនមិនព្រមគោរពសេចត្តីណែនាំរបស់ក្រសួងជំនាញ ដែលបញ្ហានេះគឺអាជ្ញាធរខេត្ត ក៍ដូចមន្ទីរជំនាញខេត្ត មានភាពធូរលុងក្នុងការគ្រប់គ្រង់។
ប្រភពព័ត៌មាន បានបន្តថា៖ផ្លូវកៅស៊ូ ដែលរងការខូចខាតធ្ងន់ធ្ងរជាងគេបំផុត និងកើតមានក្រឡិកក្រឡុក ដូចសំបុកមាន់ គឺនៅភូមិបរយ៉ាខា ភូមិបរតាំងស៊ូ ភូមិប៉ាហ៊ីត្បូង នៃក្រុងប៉ៃលិន ហើយផ្លូវទាំងនេះ ទើបតែរងការខូចខាត ដោយសារតែរថយន្តធំតូច របស់ក្រុមហ៊ុនធ្វើអាជីវកម្មដឹកអាចម៍ដីលក់បើកឆ្លងកាត់ទៅមកៗ បង្កអោយបាក់ស្រុត ក្លាយជារណ្តៅធំៗ និងមានទឹកដក់ ពិបាកក្នុងការធ្វើដំណើរឆ្លងកាត់ទៅមក និងបង្កអោយកើតមានករណីគ្រោះថ្នាក់ចរាចរណ៍ផងដែរ ។
ប្រភពព័ត៌មាន បានបន្តទៀតថា៖ ការដឹកអាចម៍ដីលក់ របស់ក្រុមឈ្មួញទាំងនោះ ភាគច្រើនមិនគោរពសេចត្តីណែនាំ របស់ក្រសួងរ៉ែនិងថាមពលនោះទេ ដូចជា ដឹកដីលើផ្លូវសាធារណៈ រថយន្តមិនគ្រប រថយន្តជ្រុះអាចម៍ រថយន្តដឹកលើសទម្ងន់ ជាដើម ហើយបញ្ហានេះពួកគាត់ស្នើសុំអាជ្ញាធរខេត្ត ក៍ដូចមន្ទីរជំនាញរ៉ែ និងថាមពល ,មន្ទីរសាធារណៈការ និងដឹកជញ្ជូនខេត្ត មេត្តាចុះត្រួតពិនិត្យទីតាំងកាយអាចម៍ដីលក់ ណែនាំពីនិតិវិធីច្បាប់ ដល់ក្រុមឈ្មួញដឹកដីលក់ទាំងនោះផង កុំទៅតែពិនិត្យ ដោយពុំមានវិធានការនោះ ។
ពាក់ព័ន្ធបញ្ហានេះដែរលោក សុខ សួន ប្រធានមន្ទីររ៉ែនិងថាមពលខេត្តប៉ៃលិន មានប្រសាសន៍ឲ្យដឹងនៅរសៀលថ្ងៃទី២៩ ខែសីហា តាមទូរស័ព្ទថា៖ នៅពេលថ្មីៗនេះ លោកបានចុះទៅមើលនៅតាមការដ្ឋាន របស់ក្រុមឈ្មួញដឹកអាចម៍ដីទាំងនោះហើយ ដោយណែនាំឲ្យពួកគាត់ដាក់គម្រប់គ្របពីលើ បើសិនមិនអនុវត្តន៍ ខាងលោកមិនឲ្យបើកបរលើផ្លូវសាធារណៈនោះទេ លោកធ្វើដូច្នោះគឺដើម្បីបង្កើនប្រសិទ្ធិភាពការងារ(សូមស្តាប់ការលើកឡើងរបស់លោក សុខ សួន ប្រធានមន្ទីររ៉ែនិងថាមពលខេត្តប៉ៃលិន )។
ចំណែកលោក អ៊ាត សារ៉ាត់ ប្រធានមន្ទីរសាធារណៈការ និងដឹកជញ្ជូនខេត្តប៉ៃលិន ក៍មានប្រសាសន៍ឲ្យដឹងតាមទូរស័ព្ទកាលពីរសៀលថ្ងៃទី២៩ ខែសីហានេះថា៖ ចំពោះបញ្ហានេះកាលពីសប្តាហ៍មុនប្រជុំ គណៈអភិបាលខេត្ត គឺឯកឧត្តមអភិបាលខេត្តប៉ៃលិន បានប្រគល់ភារកិច្ចនេះឲ្យទៅអាជ្ញាធរដែនដី និងមន្ត្រីសមត្ថកិច្ចជាអ្នកចុះអនុវត្តន៍ ប្រសិនជាឃើញក្រុមរថយន្តទាំងនោះធ្វើខុសគោលការណ៍និងចុះចាប់ភ្លាមៗ ប៉ុន្តែខាងលោកមិនទាន់បានចុះសហការនៅឡើយទេ ចំណែកឯរថយន្តដឹកដីនៅតែដឹកដដែល ដោយមិនគិតពីខែវស្សា ប្រាំងនោះឡើយ៕









