ទំនិញគេចពន្ធជាច្រើនឆ្លងតាមច្រករបៀង ត្រូវកម្លាំងយោធាថៃចាប់បាន
ប្រទេសថៃ
ទំនិញគេចពន្ធជាច្រើនដែលនាំឆ្លងដែនតាមច្រករបៀងចូលទៅក្នុងទឹកដីថៃ ត្រូវបានភាគីថៃចាប់បានដើម្បីប្រគល់ទៅឱ្យអង្គភាពគយប្រចាំស្រុកអារញ្ញប្រាថេត ដោយឡែកអ្នកនាំទំនិញបានរត់ឆ្លងដែនចូលមកកម្ពុជា គ្មានសល់។
យោងតាមការផ្សាយរបស់គេហទំព័រក្នុងស្រុកបានបញ្ជាក់ថា នៅព្រលប់ថ្ងៃទី ១៤ ខែឧសភា ឆ្នាំ២០២៤ កម្លាំងយោធាឈុតខ្មៅការពារព្រំដែនលេខ 12។បានធ្វើការល្បាតតាមខ្សែបន្ទាត់ព្រំដែនថៃកម្ពុជា ដើម្បីទប់ស្កាត់បទល្មើសគ្រប់ប្រភេទ។
លុះទៅដល់ចំណុចភូមិដុងងូ ឃុំប៉ារ៉ៃ ស្រុកអារញ្ញប្រថេត ខេត្តស្រះកែវ ក៏បានប្រទះឃើញមនុស្សមួយក្រុមមានគ្នាចំនួន ៦ នាក់ ដែលកំពុងធ្វើសកម្មភាពលីជញ្ជូនទំនិញឆ្លងដែនពីខាងកម្ពុជាចូលទៅក្នុងទឹកដីថៃ ទើបសមត្ថកិច្ចបង្ហាញខ្លួនដើម្បីធ្វើការត្រួតពិនិត្យ។ ប៉ុន្តែនៅពេលដែលឃើញកម្លាំងយោធាថៃភ្លាមមនុស្សទាំង ៦ នាក់ បានទម្លាក់ទំនិញចោលហើយរត់ត្រឡប់ក្រោយឆ្លងដែនចូលមកក្នុងទឹកដីកម្ពុជាបាត់គ្មានសល់។
វត្ថុតាងដែលបន្សល់នៅកន្លែងកើតហេតុគឺមានការុងព៌ណខៀវចំនួន ៦ នៅក្នុងនោះគឺមាន ស្បែកជើងប៉ាតាចំនួន ១៥០ គូ និងខោអាវឈុតកីឡា ចំនួន ១៤៥ កំប្លេ ដែលទាំងនេះគឺជាទំនិញមិនបានបង់ពន្ធឱ្យបានត្រឹមត្រូវ ទើបកម្លាំងយោធាថៃបានដកហូតនិងប្រគល់ឲ្យអង្គភាពគយប្រចាំស្រុកអារញ្ញប្រថេត ដើម្បីរក្សាទុកទៅតាមផ្លូវច្បាប់ ។
បើតាមប្រភពច្បាស់ការមួយដែលផ្ដល់ពីក្នុងផ្សាររោងក្លឿ បើបញ្ជាក់ថា នៅក្នុងទឹកដីថៃត្រង់ចំណុចឃុំប៉ារ៉ៃ ពិតជាមានកូដាំង ( ឃ្លាំង ) របស់ថៃស្របច្បាប់ពិតប្រាកដ ដែលសម្រាប់ស្តុកទំនិញនៅទីនោះ ឯការនាំទំនិញឆ្លងដែនគឺវាកៀកកិតជាមួយនឹងអូរព្រំដែន ដូច្នេះការនាំទំនិញគេចពន្ធរត់តែបន្តិចគឺអាចទៅដល់ឃ្លាំងស្តុកទំនិញនោះជាមិនខាន ប៉ុន្តែជាចៃដន្យលើកនេះត្រូវយោធាថៃស្ទាក់ចាប់បាន ៕




