ឯកឧត្តម ឌី វិជ្ជា និងលោកជំទាវ ចាត់តំណាងចុះសំណេះសំណាលជាមួយកម្លាំងសម្អាតនៅរមណីយដ្ឋានវត្តភ្នំ
នាវេលាទាបភ្លឺថ្ងៃទី១៦ ខែមេសា ឆ្នាំ២០២៤ លោក ជិន ប៊ុនធឿន អភិបាលខណ្ឌឫស្សីកែវ បានជួបសំណេះសំណាល នាំនូវការផ្ដាំផ្ញើសួរសុខទុក្ខពីឯកឧត្តម ឌី វិជ្ជា និងលោកជំទាវ ហ៊ុន ម៉ាណា ជូនដល់កម្លាំងចម្រុះដែលសហការបោស និងលាងសម្អាត នៅរមណីយដ្ឋានវត្តភ្នំ។
ការចុះជួបសំណេះសំណាលនេះ គឺដោយមើលឃើញថា កម្លាំងចម្រុះដែលបោស និងលាងសម្អាត បានចំណាយកម្លាំងកាយចិត្ត មិនគិតពីការនឿយហត់បោសសំអាតតាមទីសាធារណៈ ជាពិសេសទីកន្លែងសប្បាយភាពនៅរមណីយដ្ឋានប្រវត្តិសាស្ត្រវត្តភ្នំ ដែលរដ្ឋបាលរាជធានីភ្នំពេញបានរៀបចំពិធីសង្ក្រានទទួលអំណរសាទរទេវតាឆ្នាំថ្មី។ ក្នុងឱកាសនេះ ក៏បានផ្តល់ជូនបាយប្រអប់ និងទឹកសុទ្ធផងដែរ។
កម្លាំងចម្រុះ ដែលសហការបោសសម្អាតធ្វើអនាម័យ រួមមាន មន្ត្រីនៃមន្ទីរវប្បធម៌និងវិចិត្រសិល្បៈរាជធានីភ្នំពេញ មន្ទីរសាធារណការ និងដឹកជញ្ជូនរាជធានីភ្នំពេញ មន្ត្រីសាលាខណ្ឌដូនពេញ និងបុគ្គលិកក្រុមហ៊ុនប្រមូលសំរាម Mizuda Sanitation (Cambodia) Co.,Ltd៕




