ខេត្តប៉ៃលិន ៖ កាលពីវេលាម៉ោង១១និង៣៣នាទីថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០១៨កន្លងទៅនេះ មានគណនេយ្យហ្វេសប៊ុករបស់អនុប្រធានមន្ទីរវប្បធម៌ និងវិចិត្រសិល្ប:ខេត្តប៉ៃលិន បានបង្ហោះនៅក្នុងបណ្តាញសង្គមថា ៖ សូមលោកជំទាវ រដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចត្រសិល្បៈ និងឯកឧត្តមរដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈមេត្តា ជួយផ្តល់យុត្តិធម៌ដល់រូបខ្ញុំបាទផង អ៊ី លីឈុន បានបំពេញការជាអនុប្រធានមន្ទីរអស់រយៈពេល១៩ឆ្នាំមកហើយ មុនពេលលោក លឹម ប៊ុនហេង ប្រធា នមន្ទីរចាស់បានចូលនិវត្តន៍ ។ គាត់បានស្នើសុំទៅអភិបាលខេត្តប៉ៃលិន តែងតាំងរូបខ្ញុំជំនួសរូបគាត់ ហើយអភិបាលខេត្តចាស់ៗ លោកបានចូលនិវត្តន៍អស់ផងដែរ ។ ម្លោះហើយ ធ្វើអោយអភិបាលខេត្តថ្មី គាត់សម្រេចចិត្តតែងតាំងលោក ព្រហ្ម រដ្ឋា ជាប្រធានមន្ទីរថ្មី ហើយលោក ព្រហ្ម រដ្ឋា ទើបតែតែ ងតាំង ជាអនុប្រធានមន្ទីរបាន១ឆ្នាំ៥ខែទេ មិនទាន់សមស្រប និងត្រឹមត្រូវ តាមប្រកាសលេខ៧៨៨ របស់រដ្ឋមន្ត្រីក្រសួងមុខងារសធារណៈនៅឡើយ ។ គាត់មើលឃើញលោក ព្រហ្ម រដ្ឋា ចេញមុខការ ងារតាមរយៈកម្មវិធីសិល្បៈមិនដឹងការងារវប្បធម៌ មានរហូតដល់ទៅ៨ការិយាល័យ មើលឃើញតែច្រៀង និងរាំ ហើយរូបខ្ញុំបាទ ក៏មិនធ្លាប់ជាប់ជាមន្ត្រីឡេមឡឺមចេញពីនេះ ទៅចេញនោះនេះដែរ បំរើដោយស្មោះ៤ឆ្នាំចុងក្រោយនេះ សូម្បីតែអវត្តមានច្បាប់ ឬអត់ច្បាប់ ក៏មិនធ្លាប់មានដែរ ខំបំពេញការ ងារអង្គភាព រួមជាមួយលោកប្រធានមន្ទីរ និង មន្ត្រីក្រោមឱវាទទាំងអស់ដោយស្មារតីសាមគ្គី ទទួលខុសត្រូវ លើការងារមិនដែលធ្វេសប្រហែសឡើយ ។ សូមលោកជំទាវរដ្ឋមន្ត្រីមេត្តាផ្តល់យុត្តិធម៌ដល់រូបខ្ញុំបាទដោយក្តីអនុគ្រោះផង ។
ពាក់ព័ន្ធទៅនឹងបញ្ហានេះលោក ផាន់ ចាន់ធុល អភិបាលខេត្តប៉ៃលិន ដែលទើបនឹងឡើងកា ន់តំណែងបានរយ:ពេល ២ ខែ បានលើកឡើង កាលពីព្រឹកថ្ងៃទី២៦ ខែមិថុនា ក្នុងឱកាសពិធីប្រកា សតែងតាំងមុខតំណែងប្រធានមន្ទីរទេសចរខេត្តប៉ៃលិនថ្មី បានឱ្យដឹងថា នៅតាមមន្ទីរអង្គភាព ភាគច្រើន មិនសូវពូកែ នឹងការងាររបស់ខ្លួននោះទេ ពូកែតែអាខាងអួតអាង និងយកមុខ ហើយដណ្តើមតំណែងគ្នាប៉ុណ្ណោះ ។
លោកបន្តទៀតថា ចំណុចសំខាន់ផ្សេងទៀត គឺទម្លាប់របស់មន្ត្រីក្នុងខេត្តនេះ មិនសូវពូកែធ្វើការអភិវឌ្ឍការងាររបស់ខ្លួនប៉ុន្មាននោះទេ ខ្លាំងតែខាងបង្ហោះហ្វេសប៊ុក ។
ជាក់ស្តែងថ្មីៗ នេះ ឃើញមានខាងអនុប្រធានមន្ទីរវប្បធម៌ និងវិចិត្រសិល្ប:ខេត្ត បានបង្ហោះហ្វេសប៊ុកឱ្យគេរកយុត្តិធម៌ ដើម្បីបានឡើងកាន់តំណែងធ្វើប្រធាន ដោយការងារមិនគិតខិតខំធ្វើនោះទេ ។ លោកបញ្ជាក់ទៀតថា រឿងនេះខាងខេត្តបានយកដំណឹងខាងលើទៅជូនជំទាវតំណាងរាស្ត្រ និងបន្តទៅដល់ក្រសួងអស់ហើយ ដើម្បីចាត់ការបន្តទៀត ៕
ដោយ ៖ នីយ៉ា










