(កែប)៖ នៅព្រឹកថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០១៨ នៅទីស្នាក់ការគណបក្សប្រជាជនកម្ពុជាខេត្តកែប បានរៀបចំកិច្ចប្រជុំក្រុមការងារគ្រប់ថ្នាក់ ដើម្បីត្រួតពិនិត្យការងារឆ្ពោះទៅការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រនីតិកាលទី៦ ឆ្នាំ២០១៨ ក្រោមអធិតីភាព លោក សាត សាម៉ី តំណាងឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិត ចម ប្រសិទ្ធ ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម និងសិប្បកម្ម ជាសមាជិកកណ្តាលគណបក្សប្រជាជនកម្ពុជា និងជាប្រធានក្រុមការងារចុះជួយខេត្តកែប លោក កែន សត្ថា អភិបាល នៃគណៈអភិបាលខេត្តកែប ជាសមាជិកគណៈកម្មាធិការកណ្តាល និងជាប្រធានគណៈកម្មាធិការគណបក្សប្រជាជនកម្ពុជាខេត្តកែប ។
កិច្ចប្រជុំនេះមានការអញ្ជើញចូលរួមពីសំណាក់ លោក លោកស្រី សមាជិក សមាជិកាគណបក្សមកពីគ្រប់ក្រុង ស្រុក និងឃុំ សង្កាត់ទូទាំងខេត្តកែបទាំងអស់សរុបប្រមាណជាង៤០០នាក់ ។
លោកកែន សត្ថា ប្រធានគណៈកម្មាធិការគណបក្សខេត្ត បានលើកឡើងថា កិច្ចប្រជុំនេះបានរៀបចំឡើងដើម្បីត្រួតពិនិត្យនូវរាល់សកម្មភាពត្រៀម និងផែនការសកម្មភាពផ្សេងៗ ក្នុងអំឡុងពេលឃោសនារកសំលេងគាំទ្រគណបក្សប្រជាជនកម្ពុជា សម្រាប់ជ្រើសតាំងតំណាងរាស្ត្រនីតិកាលទី៦ ដែលនឹងប្រព្រឹត្តទៅនាថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៨ ខាងមុខនេះ ដោយបានអំពាវនាវឲ្យប្រជាពលរដ្ឋដែលគ្រប់អាយុអញ្ចើញទៅបោះឆ្នោតទាំងអស់គ្នា ហើយបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជាដែលមានលេខរៀងទី២០ មានរូបសញ្ញាទេវតាបាចផ្កាជាសម្គាល់ ដើម្បីបន្តរក្សាសន្តិភាព និងអភិវឌ្ឍប្រទេសជាតិតទៅមុខទៀត។
មានប្រសាសន៍ក្នុងឱកាសនោះ លោក សាត សាមីុ បានបញ្ជាក់ថា នៅសល់តែជាងមួយខែទៀត ការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រនីតិកាលទី៦នឹងឈានចូលមកដល់ហើយ ដូច្នេះក្រុមការងារទាំងអស់ត្រូវចេះសហការគ្នាឲ្យស្អិតរមួត ដើម្បីឆ្លើយតបនឹងតម្រូវការរបស់ប្រជាពលរដ្ឋនៅតាមមូលដ្ឋាន ហើយត្រូវពិនិត្យមើលស្ថានភាពទូទៅនៅគ្រប់តំបន់ឲ្យបានល្អប្រសើរដើម្បីអនុវត្តការងារទទួលបានប្រសិទ្ធភាពខ្ពស់៕
សេង ណារិទ្ធ






