កំពត ៖ រថយន្តប្រភេទដឹកទំនិញចំណុះ៥តោនមួយគ្រឿង បានរេចង្កូតទៅកៀររថយន្តទំនើប LX330 នៅពីមុខរួចជ្រុលទៅបុកអ្នកជិះម៉ូតូដែលបើកបញ្ច្រាសទិស បណ្តាលឲ្យដួលខ្ទាតទៅចិញ្ចើមផ្លូវ ប៉ុន្តែហេតុការណ៍ព្រលឹងចុងសក់នេះពុំបានបង្កឲ្យមានមនុស្សរបួសធ្ងន់ធ្ងរនោះទេ គ្រាន់តែខូចខាតម៉ូតូ និងខូចរថយន្តLexus-LX330អស់មួយចំហៀងប៉ុណ្ណោះ។
ឧបទ្ទវហេតុខាងលើ បានកើតឡើងនៅវេលាម៉ោង៧និង៤០នាទីព្រឹក ថ្ងៃទី ២៥ខែមិថុនា ឆ្នាំ២០១៨ ត្រង់ចំណុចមុខផ្សារថ្នល់បំបែក ស្ថិតក្នុងភូមិបឹងធំខាងកើត ឃុំអង្គសុរភី ស្រុកកំពង់ត្រាច ខេត្តកំពត។
បើតាមប្រភពនៅកន្លែងកើតហេតុបានឲ្យដឹងថា មុនពេលជួបករណីដូចខាងលើ គេឃើញរថយន្តទំនើបម៉ាកLx330មួយគ្រឿងបើកបរមកពីលិចទៅកើតយឺតៗ លុះមកដល់ចំណុចកើតហេតុ ស្រាប់តែមានរថយន្តខ្នាតធំចំណុះ៥តោនមួយគ្រឿងទៀតបោះពួយមកពីក្រោយក្នុងទិសដៅស្របគ្នា ដោយខណៈនោះអ្នកបើកបររថយន្តធំបានបួងចង្កូតវ៉ារថយន្តLexusតែវ៉ាមិនផុតក៏កៀររថយន្តLexusចាប់់ពីក្រោយបន្តទៅដល់ផ្នែកខាងមុខ រួចជ្រុលទៅបុកម៉ូតូអ្នកដំណើរដែលកំពុងបើកបញ្ច្រាសបណ្តាលឲ្យដួលត្រលប់ត្រឡិន ប៉ុន្តែអ្នកជិះម៉ូតូដែលមានគ្នា៣នាក់គ្រាន់តែរងរបួសស្រាល ហើយបានលើកម៉ូតូជិះទៅឲ្យពេទ្យលាងរបួសដោយមិនបានប្តឹងផ្តល់អី្វឡើយ។ចំណែកអ្នកបើកបររថយន្តបង្កបានចតឈប់នៅខាងមុខបំណងគេចខ្លួនតែបានប្រជាពលរដ្ឋជួយឃាត់ទុកឲ្យសមត្ថកិច្ចចាត់ការតាមជំនាញ។
ក្រោយពីមានករណីគ្រោះថ្នាក់នេះភ្លាមសមត្ថកិច្ចមូលដ្ឋានក៏បានចុះមកអន្តរាគមន៍នៅកន្លែងកើតហេតុ។ប៉ូលិសនិយាយថា គ្រោះថ្នាក់នេះបង្កឡើងដោយសាររថយន្តម៉ាកហីុយ៉ាន់ដាយ ចំណុះ៥តោន ពណ៌ស ពាក់ស្លាកលេខ កំពត 3A-0625 បើកបរដោយឈ្មោះ សន សារ៉ន ភេទប្រុស អាយុ២៥ឆ្នាំ រស់នៅភូមិភ្នំតូច ឃុំទទុង ស្រុកដងទុង ខេត្តកំពត។ចំណែករថយន្តរងគ្រោះ ម៉ាកLexus-Lx330 ពាក់ស្លាកលេខ ភ្នំពេញ 2AH-4819 បើកបរដោយឈ្មោះ អួក សិុន អាយុជាង៤០ឆ្នាំ ធ្វើការនៅមន្ទីរសុខាភិបាលខេត្តកំពត។ដោយឡែកភាគីខាងម៉ូតូមិនស្គាល់អត្តសញ្ញាណទេ ដោយសារពេលកើតហេតុបានលើកម៉ូតូជិះឌុបគ្នាទៅលាងរបួសខ្លួនឯងបាត់អស់ហើយ។
បច្ចុប្បន្នសមត្ថកិច្ចកំពុងវាស់វែងនិងនាំយកមធ្យោបាយពាក់ព័ន្ធយកទៅកាន់អធិការដ្ឋាននគរបាលស្រុកកំពង់ត្រាចដើម្បីដោះស្រាយគ្នាតាមច្បាប់ចរាចរណ៍ផ្លូវគោក៕
សេង ណារិទ្ធ







