កំពង់ឆ្នាំង ៖ សាលប្រជុំមួយខ្នងនិងអគាររដ្ឋបាលចំនួន១ខ្នងមាន២ជាន់របស់ស្រុក ជលគីរី ត្រូវបានប្រារព្ធពិធីបញ្ចុះបឋមសិលា ក្រោមអធិបតីភាពអភិបាលខេត្តកំពង់ឆ្នាំង ឯកឧត្តម ឈួរ ច័ន្ទឌឿន ដោយមានការចូលរួមពី លោកអភិបាលរងខេត្ត លោក លោកស្រីប្រធានអង្គភាពជុំវិញខេត្ត កងកំលាំងប្រដាប់អាវុធទាំង៣ប្រភេទអាជ្ញាធរដែនដី ប្រជាពលរដ្ឋសរុបចំនួន៦៣២នាក់។
លោក យិន សាវ៉េន អភិបាលស្រុកជលគីរីបានបញ្ជាក់ថា៖ស្រុកជលគីរីបានបង្កើតឡើង នៅថៃ្ងទី៨ខែមិនា ឆ្នាំ១៩៨៨ មានអគារ១ខ្នង ៤បន្ទប់ បច្ចុប្បន្នមានសភាពចាស់ ទ្រុឌទ្រោមមិនអាចបំពេញការងារបាន និងអគារបណ្ណាល័យ១ខ្នងមាន២បន្ទប់។
ដោយមើលឃើញស្ថានភាពបែប នេះ ក្រសួងមហាផ្ទៃបានផ្តល់អគាររដ្ឋបាលថ្មី១ខ្នងមានពីរ ជាន់ដែលមានទទឹង១៣ម៉ែត្រ បណ្តោយ២៨ម៉ែត្រនិងសាលប្រជុំមួយខ្នងមានទទឹង១៧ម៉ែត្រ និង បណ្តោយ២០ម៉ែត្រ ។ លោកអភិបាលស្រុកបានបន្តថា ៖ នេះជាសមិទ្ធផលថ្មីមួយទៀតសំរាប់ ស្រុកជលគីរី ដោយមានការយកចិត្តទុកដាក់របស់ប្រមុខរាជរដ្ឋាភិបាលដល់ថ្នាក់ក្រោម ជាតិ ក្នុងគោលបំណងពង្រឹងអភិបាលកិច្ចល្អ និងជាកន្លែងផ្តល់សេវាសាធារណៈជូនប្រជាពលរដ្ឋ អោយបានសមរម្យ។
កិច្ចសំណេះសំណាលក្នុងឱកាសនោះឯកឧត្តម ឈួរ ច័ន្ទឌឿន អភិបាលខេត្តកំពង់ឆ្នាំង បាន មានប្រសាសន៍ដោយពាំនាំប្រសាសន៍ផ្តាំផ្ញើសាកសួរសុខទុក្ខពីសំណាក់ សម្តេចអគ្គមហាពញា ចក្រីហេងសំរិនប្រធានរដ្ឋសភា,សម្តេចអគ្គមហាសេនាបតីតេជោហ៊ុន សែននាយករដ្ឋមន្ត្រី នាយករដ្ឋមន្ត្រី សម្តេចតែងតែគិតគូរពីសុខទុក្ខ ប្រជាពលរដ្ឋជានិច្ចដោយមិនប្រកាន់ពូជសាសន៍ និងនិន្នាការនយោបាយឡើយ ។ជាពិសេសសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាសម្តេចបានដាក់ចេញនូវនយោបាយ ឈ្នះឈ្នះ បង្រួបបង្រួមជាតិផ្សះផ្សារជាតិអោយមានសុខសន្តិភាពស្ថេរភាពខាងនយោបាយ ចាប់ផ្តើមកសាង ប្រទេសតាំងពីបាតដៃទទេរហូតដល់មានការរីកចំរើនលើគ្រប់វិស័យទាំង ផ្នែកពុទ្ធចក្រនិង អាណាចក្ររហូតដល់បច្ចុប្បន្ននេះ។
ឯកឧត្តម បានបន្តទៀតថាៈ បើតាមតួលេខក្នុងឆ្នាំ១៩៧៥ ប្រជាពលរដ្ឋ យើងមាន ជាង៧លាននាក់ក្នុងរបបប្រល័យពូជសាសន៍ប៉ុលពតបានសំលាប់ប្រជាពលរដ្ឋ ខ្មែរអស់ ជាង២លាននាក់។ក្រោយថៃ្ងរំដោះ នៅឆ្នាំ១៩៧៩ ប្រជាពលរដ្ឋយើងនៅសល់ តែជាង៤លាននាក់ប៉ុណ្ណោះ តែមកដល់បច្ចុប្បន្នប្រជាពលរដ្ឋខ្មែរបានកើនឡើងដល់ទៅជាង១៤លាន នាក់ ។ ដូចនេះហើយ យើងចាំបាច់ត្រូវតែមានកន្លែងធ្វើការសមរម្យសំរាប់ផ្តល់សេវា សាធារណៈជូនប្រជាពលរដ្ឋបានទាន់ពេលវេលា ។
ឯកឧត្តម ក៏បានផ្តាំផ្ញើដល់ប្រជាពលរដ្ឋនិងអាណាព្យាបាលត្រូវធ្វើយ៉ាងណាអប់រំ កូនចៅជៀសអោយឆ្ងាយពីគ្រឿងញៀន និងសូមអោយ ប្រជាពលរដ្ឋត្រៀមនូវឧបករណ៏ សម្រាប់បង្កបង្កើនផលរដូវ វស្សា និងសូមមានការប្រុងប្រយ័ត្នក្នុងរដូវវស្សានេះនូវ គ្រោះធម្មជាតិ ភ្លៀងខ្យល់កន្ត្រាក់ និងរន្ទះបាញ់ ជាដើម និងចូលរួមគោរពច្បាប់ចរាចរណ៍ទាំងអស់គ្នា ជាពិសេសសំណូមពរដល់ប្រជានេសាទទាំងអស់កុំប្រើឧបករណ៍នេសាទណាដែល ច្បាប់ហាមឃាត់។
នៅចុងបញ្ចប់ឯកឧត្តមបានបញ្ចុះបឋមសិលាអគារ រដ្ឋបាលនិងសាលាប្រជុំដើម្បីបន្ត ការសាងសង់ និងសម្ពោធដាក់អោយប្រើប្រាស់ អោយបានឆាប់រហ័សនៅពេលខាងមុខនេះ៕






