ភ្នំពេញ ៖ សពអ្នកម្នាង អ៊ុក ផល្លា នៅព្រឹកថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០១៨នេះ ត្រូវបានដឹកចេញពីមន្ទីរពេទ្យយកទៅតម្កល់នៅវត្តបទុមវតីហើយ ដើម្បីរៀបចំធ្វើបុណ្យតាមប្រពៃណីព្រះពុទ្ធសាសនា ខណៈដែលសម្តេចក្រុមព្រះ នរោត្តម រណឫទ្ធិ ព្រះប្រធានគណបក្សហ្វ៊ុនស៊ិនប៉ិច ត្រូវបានបញ្ជូនយកពៅព្យាបាលបន្តនៅទីក្រុងបាងកក ប្រទសថៃ។
សូមបញ្ជាក់ថា អ្នកម្នាង អ៊ុក ផល្លា បានទទួលមរណភាពដោយសារតែគ្រោះថ្នាក់ចរាចរណ៍នៅលើផ្លូវជាតិលេខ៤ ចំណុចគីឡូម៉ែត្រលេខ២០០-២០១ ក្នុងភូមិអូរតាសេក ឃុំអូរចំណារ ស្រុកព្រៃណប់ ខេត្ដព្រះសីហនុ កាលពីថ្ងៃអាទិត្យ ទី១៧ ខែមិថុនា ឆ្នាំ២០១៨ម្សិលមិញនេះ។ គ្រោះថ្នាក់នេះបានកើតឡើងបន្ទាប់ពីមានរថយន្តឈ្នួលម៉ាកហាយឡែនឌើមួយគ្រឿងបើកបុករថយន្តរបស់សម្តេចក្រុមព្រះ នរោត្តម រណឫទ្ធិ ពេលព្រះអង្គកំពុងយាងចុះទៅសំណេះសំណាលជាមួយប្រជាពលរដ្ឋនៅក្នុងខេត្តព្រះសីហនុ។
របាយការណ៍របស់សមត្ថកិច្ចបានឲ្យដឹងថា គ្រោះថ្នាក់នេះ បានកើតឡើងដោយសាររថយន្តឈ្នួលហាយឡែនឌើ បានព្យាយាមបើកជែងរថយន្តធំមួយបើកក្នុងទិសដៅស្របគ្នាក្នុងទិសដៅពីព្រះសីហនុ មកភ្នំពេញ ក៏ជ្រុលចូលទៅបុករថយន្តសម្តេចក្រុមព្រះដែលមានទិសដៅផ្ទុយគ្នានោះតែម្តង។
គ្រោះថ្នាក់នេះ បានធ្វើឲ្យអ្នកម្នាង អ៊ុក ផល្លា ស្លាប់បាត់បង់ជីវិតពេលបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យ រីឯសម្តេចក្រុមព្រះបានរងរបួសធ្ងន់ធ្ងរ។ ដោយឡែកភាគីរថយន្តហាយឡែនឌើវិញ ដែលមានអ្នកជិះរហូតដល់ទៅ៦នាក់ បានរងរបួសធ្ងន់ស្រាល តែបុរសជនជាតិចិនម្នាក់ដែលជិះក្នុងរថយន្តហាយឡែនឌើដែរ គឺរងរបួសធ្ងន់ធ្ងរខ្លាំង ត្រូវបានបញ្ជូនមកសង្គ្រោះនៅមន្ទីរពេទ្យក្នុងរាជធានីភ្នំពេញ។
មរណៈទុក្ខយ៉ាងក្រៀមក្រំជូនចំពោះ អ្នកម្នាង អ៊ុក ផល្លា នៃ សម្តេចក្រុមព្រះ នរោត្តម រណឬទ្ធិ ដែលបានទទួលមរណភាពដោយគ្រោះថ្នាក់ចរាចរណ៍ នាថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០១៨ ដោយដឹកមកព្យាបាលនៅមន្ទីរពេទ្យខេត្តកំពតគ្រូពេទ្យថាប៉ះពាល់ផ្លោកនោមគ្រូពេទ្យមិនមានសម្ភារៈព្យាបាល ក៏បន្តដឹកមកព្យបាលនៅមន្ទីរពេទ្យរ៉ូយយ៉ាល់ភ្នំពេញមកដល់មន្ទីរពេទ្យរ៉ូយយ៉ាល់គ្រូពេទ្យនៅរ៉ូយយ៉ាល់បានប្រាប់ថាអ្នកម្នាងបានស្លាប់បាត់ទៅហើយសពបានកម្កល់ទុកនៅមន្ទីរពេទ្យរ៉ូយយ៉ាល់មួយយប់លុះព្រឹកឡើងម៉ោង៨ដង្ហែរមកវត្តបុទុមតីដើម្បីធ្វើបុណ្យតាមប្រពៃណី សូមវិញ្ញាណក្ខន្ធ អ្នកម្នាង បានទៅកាន់សុគតិភពកុំបីឃ្លៀងឃ្លាតឡើយ ដោយឡែក អ្នកបើកបររថយន្តសម្តេចក្រុមព្រះ បានរងរបួសស្រាល៕







