កំពត ៖ រថយន្តខ្នាតយក្សមួយគ្រឿងផ្ទុកស៊ីម៉ងត៍ជាង២០តោន ខណៈពោះពួយនៅលើដងផ្លូវសុខៗស្រាប់តែរេចង្កូតក្រឡាប់ធ្លាក់ស្នាមភ្លោះ បណ្តាលឱ្យគៀបតែកុងជាប់នឹងកាប៊ិនរថយន្តរបួសធ្ងន់ ត្រូវបានប្រជាពលរដ្ឋជួយគាស់ចេញយកទៅសង្គ្រោះអាយុជីវិតភ្លាមៗ។ចំពោះករណីរថយន្តដឹកស៊ីម៉ងត៍ក្រឡាប់ខាងលើនេះ អ្នកស្រុកអះអាងថា មកពីរថយន្តបែកកង់ខាងឆ្វេងទើបរេចង្កូតចូលព្រៃ ឯសមត្ថកិច្ចសន្និដ្ឋានថា សង្ស័យតែកុងងងុយដេកទើបបង្កហេតុក្រឡាប់ខ្លួនឯងបែបនេះ។
ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង២៣និង១៥នាទីយប់ ថ្ងៃទី២៩ខែឧសភា ឆ្នាំ២០១៨ ត្រង់ចណុចភូមិប្រផុង ឃុំសំរោងលើ ស្រុកបន្ទាយមាស ខេត្តកំពត លើកំណាត់ផ្លូវជាតិលេខ៣១បង្កឡើងដោយរថយន្តខ្នាតធំដឹកស៊ីម៉ងត៍។
បើតាមប្រភពពីប្រជាពលរដ្ឋបាននិយាយថា មុនពេលជួបករណីដ៏អាក្រក់នេះ គេឃើញរថយន្តខាងលើធ្វើដំណើរក្នុងទិសដៅពីត្បូងទៅជើង ដោយផ្ទុកស៊ីម៉ងត៍ប្រមាណ២០តោន លុះមកដល់ចំណុចកើតហេតុ ស្រាប់តែរថយន្តនេះរេចង្កូតមកផ្នែកខាងស្តាំហើយធ្លាក់ចូលស្នាមភ្លោះរួចក៏បុកផ្ទប់នឹងជញ្ជាំងរណ្តៅជាប់បណ្តាលឱ្យក្រពិតរថយន្តផ្នែកខាងមុខ ដោយគៀបជាប់ទាំងអ្នកបើកបរ ហើយចាក់ស៊ីម៉ងត៍ចោលរប៉ាត់រប៉ាយពេញទីនោះផងដែរ។ប្រភពបានបញ្ជាក់ទៀតថា បន្ទាប់ពីមានករណីគ្រោះថ្នាក់ចរាចរកើតឡើងកណ្តាលអធ្រាតនេះ ប្រជាជលរដ្ឋក្នងមូលដ្ឋាន ក៏បានមកជួយគាស់យកអ្នកបើកបរដែលគៀបជាប់ក្នុងកាប៊ិនរថយន្តយកទៅសង្គ្រោះ ដោយប្រើពេលវេលាជាង២ម៉ោងទើបរួចរាល់។
ដោយឡែក បើយោងតាមប្រភពពីសមត្ថកិច្ចស្រុកបន្ទាយមាស បានឱ្យដឹងថា គ្រោះថ្នាក់នេះសង្ស័យអ្នកបើកបរងងុយដេក ទើបធ្វើឱ្យរថយន្តដែលកំពុងផ្ទុកទម្ងន់ខ្លាំងរេចង្កូតខុសផ្លូវផ្អៀងក្រឡាប់យ៉ាងស្រួល ប៉ុន្តែមិនបានបង្កឱ្យអ្នកស្រុករងគ្រោះ និងខូចខាតទ្រព្យសម្បតិ្តឡើយ ។
ប៉ូលិសបានបន្តថា អ្នកបើកបរមិនស្គាល់ឈ្មោះទេ គ្រាន់តែដឹងថាជនរងគ្រោះរស់នៅឯខេត្តកំពង់ចាម ជាអ្នកស៊ីឈ្នួលបើករថយន្តដឹកស៊ីម៉ងត៍ទៅកាន់ខេត្តកំពង់ចាម ហើយជនរងគ្រោះត្រូវបានគេជួយដឹកបញ្ជូនទៅសង្គ្រោះនៅឯមន្ទីរពេទ្យ ក្រោយពីគាស់ចេញពីកាប៊ិនរថយន្តភ្លាម។
ក្រោយពីកើតហេតុ នៅព្រឹកថ្ងៃទី៣០ខែឧសភា ឆ្នាំ២០១៨នេះ គេឃើញសមត្ថកិច្ចទាក់ទងហៅរថយន្តមកស្ទូចចេញពីទីតាំងកើតហេតុដើម្បីរង់ចាំម្ចាស់យកទៅជួសជុល ៕
សេង ណារិទ្ធ





