រោងសិប្បកម្មមានរាប់សិបកន្លែងនៅក្នុងក្រុងច្បារមន ក្នុងចំណោមស្រុកទាំង ៨ ក្នុងខេត្តកំពង់ស្ពឺ មានតែក្រុងច្បារមនមួយប៉ុណ្នោះ មានរោងសិប្បកម្មកែច្នៃឈើគ្មានច្បាប់ ច្រើនជាងគេ កំពុងតែបើកធ្វើសកម្មភាពយ៉ាងអនាធិបតេយ្យ គ្មានកោតញញើតសមត្ថកិច្ចណាបន្តិចសោះឡើយ ដោយសារមន្ត្រីរដ្ឋបាលព្រៃឈើជាអ្នកដើរដាក់ខែ ចាំកាងក្រុមឈ្មួញទាំងអស់នោះ ជាហេតុធ្វើឱ្យក្រុមឈ្មួញ បានចិត្តរឹតតែបន្តសកម្មភាពយ៉ាងគឃ្លើន ហើយគេស្គាល់រោងសិប្បកម្មដែលកែច្នៃឈើប្រណីតមានជាង ១០កន្លែង ដែលមានម្ចាស់ឈ្មោះ ងួន សុខឡេង មានចំនួន ២កន្លែង នៅតាមបណ្តោយផ្លូវជាតិលេខ ៤ ដែលមានខ្នងបង្អែកធំ និងឈ្មោះ កែន ផេង អារឈើប្រណីតមានទីតាំងនៅក្នុងភូមិផ្សារចាស់ សង្កាត់ស្វាយក្រវា់ន់ ស្រុកច្បារមន និងមានរោងសិប្បកម្មជាច្រើនកន្លែងទៀតទូទាំងក្រុងច្បារមន ដែលក្រុមឈ្មួញ និងសមត្ថកិច្ចជំនាញ នាំគ្នាបិទភ្នែកមិនឃើញនោះទេ ។
ក្រុមឈ្មួញអស់ទាំងនោះនាំគ្នាប្រព្រឹត្តបទល្មើសព្រៃឈើទូទាំងខេត្តកំពង់ស្ពឺ ជាពិសេសឈ្មួញដុះស្លែឈ្មោះ ណុប ឌីនិងឈ្មោះ ជឿង ថេង ជាមន្ត្រីយោធាទៀតផង ដោយអាងអំណាច ទើបហ៊ានប្រព្រឹត្តបែបនេះ ។
ប្រជាពលរដ្ឋសំណូមពរដល់ថ្នាក់លើ មេត្តាជួយពិនិត្យមើលទង្វើមន្ត្រីក្រោមឱវាទ ពិសេសលោក អ៊ូ សំអួន អភិបាលខេត្តកំពង់ស្ពឺ មើលក្រុមឈ្មួញដែលនាំគ្នាកាប់បំផ្លាញព្រៃឈើនោះផងទាន ! ។
សារព័ត៌មានយើងមិនអាចសុំការបំភ្លឺពីលោកអភិបាលខេត្ត និងមន្ត្រីពាក់ព័ន្ធបាននោះទេ ព្រោះគ្មានលេខទូរស័ព្ទ ៕


