កាលពីព្រឹកថ្ងៃទី ២២ ខែមិថុនា ឆ្នាំ២០១៥ នៅសាលាខេត្តពោធិ៍សាត់ ឯកឧត្តម បណ្ឌិត មិន ឃិន រដ្ឋមន្ត្រីក្រសួងធម្មការ និងសាសនា លោកជំទាវ ងួន ធួន ទីប្រឹក្សារាជរដ្ឋាភិបាល ឯកឧត្តម ខូយ សុខា ប្រធានក្រុមប្រឹក្សាខេត្ត និងឯកឧត្តម បណ្ឌិត ម៉ៅ ធនិន អភិបាលខេត្ត បានអញ្ជើញជាអធិបតីភាព ក្នុងពិធីប្រកាសតែង តាំង លោក រ៉ុន សុភារិន ជាប្រធានមន្ទីរធម្មការ និងសាសនាខេត្ត ជំនួសលោក នូ ផេង ដែលចូលនិវត្តន៍ ។
យោងតាម សេចក្តីប្រកាសរបស់ក្រសួងធម្មការ និងសាសនា លេខ ០៦៤.១៥.កធស.ប្រក ចុះថ្ងៃទី ០៥ ខែមិថុនា ឆ្នាំ២០១៥ បានសម្រេចតែងតាំងលោក រ៉ុន សុភារិន ជាប្រធានមន្ទីរធម្មការ និងសាសនាខេត្ត ជំនួសលោក នូ ផេង ដែលចូលនិវត្តន៍ ។
ក្នុងឱកាសនោះ ឯកឧត្តម បណ្ឌិត ម៉ៅ ធនិន និងឯកឧត្តម រដ្ឋមន្ត្រី មិន ឃិន បានថ្លែងកោតសរសើរចំពោះ លោក នូ ផេង ទោះបីខ្លួនពិការក៏ពិតមែន ប៉ុន្តែលោកមានការដឹកនាំគ្រប់គ្រងវិស័យធម្មការ និងសាសនា នៅខេត្តពោធិ៍សាត់បានល្អ ។
ដោយឡែក ពេលនេះ ដល់ពេលចូលនិវត្តន៍ទៅតាមការកំណត់របស់ច្បាប់សហលក្ខន្តិកៈ មន្ត្រីរាជការស៊ីវិល ទើបពេលនេះ ក្រសួងបានសម្រេចតែងតាំងលោក រ៉ុន សុភារិន ជាប្រធានមន្ទីរធម្មការ និងសាសនាខេត្តដើម្បីដឹកនាំ បន្ត ។
លោក បានផ្តាំផ្ញើដល់ប្រធានមន្ទីរថ្មី ត្រូវមានសាមគ្គីផ្ទៃក្នុងល្អ កសាងសមត្ថភាព ធនធានមនុស្ស អភិវឌ្ឍន៍ អង្គភាពខេត្ត ក្រុង ស្រុក រៀបចំប្រព័ន្ធរដ្ឋបាល ហិរញ្ញវត្ថុ របៀបរបបធ្វើការងារ ការទទួលខុសត្រូវ ផែនការយុទ្ធ សាស្ត្រសម្រាប់អភិវឌ្ឍមន្ទីរ មានទំនាក់ទំនងល្អជាមួយមេគណទាំងពីរគណៈ មេដឹកនាំសាសនា និងអាជ្ញាធរ គ្រប់លំដាប់ថ្នាក់ ។
ជាមួយគ្នានោះដែរ ឯកឧត្តម រដ្ឋមន្ត្រី ក៏បានអរគុណដល់ម្ចាស់វិទ្យុ ទូរទស្សន៍ ដែលបានជួយផ្សព្វផ្សាយព្រះ ធម៌ សាបព្រោះដល់ពុទ្ធបរិស័ទ និងកូនចៅប្រជាពលរដ្ឋឱ្យមានការយល់ដឹង រំងាប់អារម្មណ៍ និងកែប្រែខ្លួនពីអំពើ អាក្រក់មកប្រព្រឹត្តអំពើល្អឡើងវិញ បានមួយចំនួនធំផងដែរ ។/


