ខេត្តរតនៈគីរី ៖ សាច់សត្វព្រៃគ្រប់ប្រភេទចំនួនប្រមាណជាង ៣០គីឡូក្រាម ដែលចរាចរដាក់លក់នៅផ្សារក្រុងបាន លុង ខេត្តរតនគីរី ត្រូវបានកម្លាំងអង្គការសម្ព័ន្ធមិត្តសត្វព្រៃ ហៅកាត់ វាយអែត សហការជាមួយកម្លាំងជំនាញរដ្ឋ បាលព្រៃឈើចល័ត និងកងរាជអាវុធហត្ថលើផ្ទៃប្រទេសបានចុះបង្ក្រាបនាព្រឹកថ្ងៃទី ១៨ ខែមិថុនា ឆ្នាំ២០១៥ នេះ ។
តាមកំណត់ហេតុបានឱ្យដឹងថា សត្វព្រៃដែលចាប់បាននោះ រួមមាន ប្រភេទសាច់សត្វកាំប្រម៉ា ១ក្បាល ស្មើនឹង ៤,៨០គីឡូក្រាម, ឆ្លូស ២១,៦០គីឡូក្រាម, ជ្រូកព្រៃ ៤,៨០គីឡូក្រាម, ទន្សាយរស់ ១ក្បាល ទម្ងន់ ១,៥០គីឡូក្រាម និងក្បាលឆ្លូសគ្រៀមជាប់ស្នែងចំនួនបីក្បាលផងដែរ ។ អាជីវករដែលលក់សាច់សត្វព្រៃចំនួន ពីរនាក់ ត្រូវបានកម្លាំងធ្វើកិច្ចសន្យាឱ្យបញ្ឈប់ការប្រកបរបរលក់សត្វព្រៃនេះតែម្តង ប្រសិនបើអ្នកដែលមិនរាង ចាលសមត្ថកិច្ចនិងអនុវត្តទៅតាមច្បាប់ ។ ចំណែកវត្ថុតាងទាំងនោះ ត្រូវគេឱ្យដឹងថា កម្លាំងជំនាញយកទៅបំផ្លាញ នៅឯខេត្តស្ទឹងត្រែង ។
គួរកត់សម្គាល់ថា បច្ចុប្បន្នសាច់សត្វព្រៃត្រូវបានដាក់តាំងលក់ព្រោងព្រាតក្នុងផ្សារក្រុងបានលុង ឬផ្សារតាម បណ្តាស្រុកនានា និងតាមភោជនីយដ្ឋានមួយចំនួន គេតែងតែសង្កេតឃើញថា មិនដែលមានសមត្ថកិច្ចពាក់ព័ន្ធនៅ មូលដ្ឋាន ចុះបង្ក្រាបម្តងណាឡើយ ។
រាល់ការបង្ក្រាបសាច់សត្វព្រៃជាច្រើនលើកកន្លងមកនេះ មានមុខតែកម្លាំងអង្គការសម្ព័ន្ធមិត្តសត្វព្រៃ ប៉ុណ្ណោះ ជាក់ស្តែងដូចជា ការបង្ក្រាបនៅព្រឹកថ្ងៃទី ១៨ ខែមិថុនា ឆ្នាំ២០១៥ នេះ គេមិនឃើញមានមុខសមត្ថកិច្ច ជំនាញមូលដ្ឋានចុះចាប់ជាមួយនោះទេ ៕
ដោយ ៖ ស៊ន ចាន់ឌី





