កំពត ៖ នៅពេលថ្មីៗនេះមានការបែកធ្លាយពីរឿងស្ថាប័នកាំកុងត្រូលប្រចាំនៅច្រកទ្វារព្រំដែនអន្តរជាតិព្រែកចាក ដែលកំពុងបណ្តែតបណ្តោយឱ្យមានការចរាចរទំនិញគ្មានគុណភាព ខូចគុណភាព និងប្រើសារធាតុគីមី នាំចូលមកស្រុកខ្មែរយ៉ាងពេញបន្ទុក ។
ប្រភពបានឱ្យដឹងទៀតថា សព្វថ្ងៃនេះស្ថាប័នកាំកុងត្រូលនៅទីនោះ ហាក់ដូចជាអសមត្ថភាពការងារ ដោយមន្ត្រីទាំងនោះសម្លឹងឃើញតែផលប្រយោជន៍ជាធំ បើទោះជាមានទំនិញប្រភេទណាដឹកឆ្លងកាត់មុខស្នាក់ការបែបណាក៏មិនដែលមានការត្រួតពិនិត្យឱ្យបានហ្មត់ចត់ដែរ គឺគិតតែពីប្រមូលលុយពីក្រុមឈ្មួញយកមកចែកគ្នាចាយតែប៉ុណ្ណោះ។គេបានទម្លាយទៀតថា ទំនិញគ្រប់ប្រភេទ ដូចជាភេសជ្ជៈគ្រប់មុខដែលដឹកចូលមកស្រុកខ្មែរគេហាក់ពុំដែលឃើញមន្ត្រីកាំកុងត្រូលណាម្នាក់សួរនាំឬពិនិត្យមើលកាលបរិច្ឆេទនោះឡើយ សំខាន់បំផុតឱ្យតែក្រុមឈ្មួញហុចលុយគឺជាការស្រេច ។
ជាងនេះទៅទៀត បើនិយាយពីទំនិញជាគ្រឿងឧបភោគ បរិភោគគ្រប់ប្រភេទ រឹតតែស្រួលដឹកជញ្ជូនទៀត ដូចជា បន្លែ ផ្លែឈើ និងត្រី សាច់ ជាដើម ត្រូវបានឈ្មួញដែលរកសីុដុះស្លែនៅតំបន់នោះ ដឹកពីប្រទេសវៀតណាមចូលមកលក់ចែកចាយនៅស្រុកខ្មែរយ៉ាងភ្លូកទឹកភ្លូកដី ដែលភាគច្រើនសុទ្ធតែប្រើសារធាតុគីមីស្ទើតែទាំងអស់។
ប្រភពខាងលើបានរិះគន់ថា ក្រុមមន្ត្រីជំនាញនៅច្រកទ្វារព្រំដែនអន្តរជាតិព្រែកចាក សព្វថ្ងៃគិតតែអង្គុយចុចទូរស័ព្ទ លេងFacebookក្នុងស្នាក់ការយ៉ាងរំភើយ គ្មានភ័យព្រួយអី្វបន្តិចឡើយ បើទោះជាឈ្មួញណាចង់ដឹកទំនិញល្មើសច្បាប់អីក៏ដឹកទៅ សំខាន់បង់លុយឱ្យគ្រប់ចំនួន ដឹកតិចឬច្រើនបង់តាមហ្នឹងទៅ ពិតជាដឹកបានយ៉ាងរលូនគ្មានអ្វីមករំខាននោះឡើយ។
សូមជម្រាបថា៖ទំនិញដែលគេលក់នៅតាមទីផ្សារនានាទូទាំងខេត្តកំពត ទោះជាកន្លងមកជំនាញកាំកុងត្រូលតែងតែធ្វើការត្រួតពិនិត្យជារឿយៗ ថែមទាំងដកហូតទំនិញខូចគុណភាព ហួសសុពលភាព និងមានសារធាតុគីមីយកទៅបំផ្លាញចោលបែបណាក៏ដោយ ប៉ុន្តែគេជឿថា ការត្រួតពិនិត្យហាក់ពុំទាន់គ្រប់ជ្រុងជ្រោយនោះទេ ហើយគេដឹងច្បាស់ថា ទំនិញភាគច្រើនដែលយើងទិញនៅតាមស្តង់-ផ្សារយកមកបរិភោគនោះ សុទ្ធតែមានផ្ទុកនូវសារធាតុគីមី និងខូចគុណភាព មិនអាចជៀសផុតឡើយ ដរាបណាមន្ត្រីជំនាញពិនិត្យមិនបានដិតដល់។
គេហ៊ានអះអាងបែបនេះ ព្រោះតែការត្រួតពិនិត្យលើកណាក៏មានទំនិញខូចគុណភាព ឬហួសកាលកំណត់ លក់នៅលើទីផ្សារដែរ។ដូច្នេះបើមន្ត្រីជំនាញនៅតំបន់ច្រកទ្វារព្រំដែន គិតតែចាំទទួលតែផលប្រយោជន៍ ហើយមិនអនុវត្តទៅតាមតួនាទីរបស់ខ្លួនបែបនេះ ទោះជាដកហូតរួចធ្វើពិធីដុតបំផ្លាញទំនិញខូចគុណភាពទាំងនោះចោលយ៉ាងណាក៏មិនចេះអស់ដែរ។
ទាក់ទិននឹងការរិះគន់ខាងលើ នៅរសៀលថ្ងៃទី ២០ខែមេសា ឆ្នាំ២០១៨នេះ កម្ពុជាថ្មី មិនអាចសុំការពន្យល់ពីប្រធានស្នាក់ការកាំកុងត្រូលប្រចាំច្រកទ្វារព្រំដែនអន្តរជាតិព្រែកចាកបានទេ ដោយសារទូរស័ព្ទរបស់លោកប្រធានធ្វើការទំនាក់ទំនងមិនបាន៕
សេង ណារិទ្ធ












