កំពត ៖ បន្ទាប់ពីមានភ្លៀងធ្លាក់កាលពីរាត្រីឆ្លងអាធ្រាត ថ្ងៃទី២៣ខែមីនា ឆ្នាំ២០១៨ បានធ្វើឲ្យភូមិសាស្ត្រមួយចំនួនក្នុងក្រុងកំពត បង្កការលិចលង់យ៉ាងខ្លាំង។ជាមួយបញ្ហាប្រឈមដូចខាងលើ ក៏បានធ្វើឲ្យផ្ទះសំបែងរបស់ពលរដ្ឋក្នុងក្រុងកំពតមួយផ្នែក ត្រូវទឹកភ្លៀងវាយលុកស្ទើរកកន្លែងដេកពួនមិនបានផងដែរ។
ប្រជាពលរដ្ឋក៏បាននាំគ្នារិះគន់ថា នៅពេលថ្មីៗនេះ ក្រុងកំពត ទើបតែទទួលបានពានរង្វាន់ទីក្រុងស្អាត”ផ្ការំដួលបីទង”ពីរាជរដ្ឋាភិបាលកម្ពុជា ដោយការប្រគល់នេះបានប្រព្រឹត្តទៅកាលពីថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០១៨ ហើយក៏ត្រូវបានធ្វើពិធីដង្ហែពានរង្វាន់ជ័យលាភីទីក្រុងស្អាតនេះ កាលពីថ្ងៃទី១៩ខែមីនា ឆ្នាំ២០១៨ ស្ថិតចំណុចមាត់ព្រែកកំពង់បាយ ក្រុងកំពត។
សូមជម្រាបថា៖កន្លងមក លោក ជាវ តាយ អភិបាលនៃគណៈអភិបាលខេត្តកំពតបានអំពាវនាវឲ្យប្រជាពលរដ្ឋ សិស្ស និស្សិត មន្ត្រីរាជការ កងកម្លាំងទាំងបីប្រភេទ ឲ្យរួមគ្នាធ្វើអនាម័យ ថែរក្សាបរិស្ថានស្អាតនៅតាមបណ្តាស្រុក និងក្រុងទាំងអស់ទូទាំងខេត្ត។ការធ្វើអនាម័យ សម្អាតបរិស្ថាន គឺផ្តើមដោយយើងទាំងអស់គ្នា ហើយថានៅពេលខាងមុខនេះ ក្រុងកំពតមិនអាចជាក្រុងលិចទឹក ក្រុងមានសំរាម និងមិនអាចជាទីក្រុងអណាធិបតេយ្យដោយសន្តិសុខនោះទេ។
ការលើកឡើងបែបនេះ ខណៈលោកអភិបាលខេត្ត បានថ្លែងនៅក្នុងពិធីអបអរសាទរខេត្តកំពតទទួលបានពានរង្វាន់ជ័យលាភីទីក្រុងស្អាត “ផ្ការំដួលបីទង” លើកទី២ (២០១៨-២០២១) ដែលបានរៀបចំធ្វើឡើងនៅថ្ងៃទី១៩ ខែមីនា ឆ្នាំ ២០១៨ ស្ថិតក្នុងបរិវេណដងព្រែកកំពង់បាយ លោកអភិបាលបានលើកឡើងថា នៅក្នុងចក្ខុវិស័យរបស់រាជរដ្ឋាភិបាល វិស័យទេសចរណ៍ជាឧស្សាហកម្មគ្មានផ្សែង ដែលយើងទាំងគ្នាត្រូវព្យាយាម ការពារនិងធ្វើយ៉ាងម៉េច ឲ្យមានស្ថេរភាព និងការរីកចម្រើន ទាក់ទាញភ្ញៀវទេសចរជាតិនិងអន្តរជាតិឲ្យមកកម្សាន្តនៅខេត្តកំពតកាន់តែច្រើនឡើងៗ។ លោកអភិបាលខេត្តបានបញ្ជាក់ដែរថា យើងនឹងរួមគ្នាធ្វើឲ្យខេត្តកំពតស្ថិតនៅក្នុងស្ថានភាពមួយល្អប្រសើរជាងមុន បើទោះជាកន្លងមកថ្នាក់ដឹកនាំតែងតែខិតខំប្រឺងប្រែងអភិវឌ្ឍលើគ្រប់ផ្នែកគ្រប់វិស័យក៏ដោយ។ លោកក៏បានប្រាប់ដល់អាជ្ញាធរស្រុក-ក្រុងទាំងអស់ឲ្យថែរក្សាពានរង្វាន់ផ្ការំដួលបីទងឲ្យបាន កុំឲ្យធ្លាក់មកវិញ ព្រមទាំងការពារពន្ទុកុំឲ្យធ្លាក់ចុះឲ្យសោះ។ ហើយនៅពេលខាងមុខយើងត្រូវរួមគ្នាធ្វើ រួមគ្នាសម្អាត ព្រោះក្រុងកំពតមិនអាច ជាក្រុងលិចទឹក ក្រុងមានសំរាម និងមិនអាចជាទីក្រុងអណាធិបតេយ្យដោយសន្តិសុខនោះទេ៕
សេង ណារិទ្ធ














