(ភ្នំពេញ)៖ អភិបាលរាជធានីភ្នំពេញ ឯកឧត្តម ឃួង ស្រេង បានជំរុញឲ្យអាជ្ញាធរខណ្ឌទាំង១៤ សង្កាត់ទាំង១០៥ បន្តការបម្រើសេវាជូនប្រជាពលរដ្ឋឲ្យកាន់តែល្អប្រសើរថែមទៀត ពោលគឺឲ្យសមនឹងការជឿទុកចិត្តពីសំណាក់ ប្រជាពលរដ្ឋមកលើអាជ្ញាធររបស់យើង។
ការជំរុញបែបនេះរបស់ឯកឧត្តម ឃួង ស្រេង បានធ្វើឡើងក្នុងឱកាសដែលឯកឧត្តម និងឯកឧត្តម ម៉ប់ សារិន ប្រធានក្រុមប្រឹក្សារាជធានីភ្នំពេញ អញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំសាមញ្ញលើកទី៥១ របស់ក្រុមប្រឹក្សារាជធានីភ្នំពេញ នាព្រឹកថ្ងៃទី១០ ខែសីហា ឆ្នាំ២០២៣នេះ នៅសាលារាជធានីភ្នំពេញ។
ឯកឧត្តម ឃួង ស្រេង បានលើកឡើងថា ការផ្ដល់សេវា តាមរយៈច្រកចេញចូលតែមួយ នៅតាមបណ្តាខណ្ឌទាំង១៤ ក៏ដូចជាសង្កាត់ទាំង១០៥ ឃើញថា មានលក្ខណៈល្អប្រសើរ ទទួលបានការគាំទ្រពីប្រជាពលរដ្ឋ។ ដូច្នេះ ឯកឧត្តមសូមឲ្យអាជ្ញាធរបន្តការខិតខំប្រឹងប្រែង លើការផ្ដល់សេវាជូនប្រជាពលរដ្ឋឲ្យកាន់តែប្រសើរថែមទៀត ខណៈដែលប្រជាពលរដ្ឋបច្ចុប្បន្ននេះ រស់នៅក្នុងភាពស៊ីវិល័យ ដែលតម្រូវឲ្យការងាររបស់យើង ក៏ត្រូវតែស៊ីវិល័យ ឲ្យលឿនទាន់ចិត្តទៅតាមនោះដែរ។
ឯកឧត្តម ឃួង ស្រេង ក៏បានបញ្ជាក់ថា ឆ្លងតាមលទ្ធផល នៃការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៧ នៃរដ្ឋសភា កាលពីថ្ងៃអាទិត្យ ទី២៣ ខែកក្កដា ឆ្នាំ២០២៣កន្លងមកនេះ បានបង្ហាញឲ្យឃើញថា ប្រជាពលរដ្ឋពិតជាស្រឡាញ់លើការដឹកនាំរបស់រាជរដ្ឋាភិបាលក៏ដូចជាអាជ្ញាធររាជធានីភ្នំពេញរបស់យើង។ ដូច្នេះជាការឆ្លើយតប យើងត្រូវតែបម្រើពួកគាត់ឲ្យបានឲ្យកាន់តែល្អឲ្យសមទៅនឹងការជឿទុកចិត្ត និងការស្រឡាញ់របស់ប្រជាពលរដ្ឋមកលើអាជ្ញាធររបស់យើង។
បន្ថែមពីលើនេះឯកឧត្តម ឃួង ស្រេង បានបញ្ជាក់ថា សំរាមនៅតែជាបញ្ហា ដែលយើងជាអាជ្ញាធរត្រូវតែបន្តយកចិត្តទុកដាក់ ដោយមិនត្រូវទុកសំរាមឲ្យនៅតាមដងផ្លូវនោះទេ។ ដូច្នេះឯកឧត្តមជម្រុញឲ្យអាជ្ញាធរខណ្ឌទាំង១៤ សង្កាត់ទាំង១០៥ បន្តផ្សព្វផ្សាយឲ្យប្រជាពលរដ្ឋគោរពម៉ោងពេល យកសំរាមចេញក្រៅផ្ទះ។ ឯកឧត្តមបន្តថា ការផាកពិន័យលើការចោលសំរាម យើងនឹងអនុវត្តនៅពេលឆាប់ៗនេះ តែអ្វីដែលត្រូវអនុវត្តនៅពេលនេះ គឺការផ្សព្វផ្សាយឲ្យពួកគាត់យល់ដឹងពីការទុកដាក់សំរាមជាមុនសិន។
ឯកឧត្តម ម៉ប់ សារិន ក្នុងឱកាសនោះ ក៏បានកោតសរសើរចំពោះគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត គណៈកម្មការរៀបចំការបោះ- ឆ្នោតរាជធានីភ្នំពេញ រដ្ឋបាលរាជធានីភ្នំពេញ គណៈបញ្ជាការឯកភាពរាជធានីភ្នំពេញ សមត្ថកិច្ចគ្រប់ថ្នាក់ ខណ្ឌ សង្កាត់ កងកម្លាំង និងអ្នកពាក់ព័ន្ធដែលបានយកចិត្តទុកដាក់ខិតខំ ការពារ ថែរក្សាសន្តិសុខ សណ្តាប់ធ្នាប់ ក្នុងយុទ្ធនាការឃោសនាបោះឆ្នោតរយៈពេល២១ថ្ងៃ និងថ្ងៃបោះឆ្នោតជ្រើសរើសតាំង តំណាងរាស្ត្រនីតិកាលទី៧ ថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣ តាំងពីចាប់ផ្តើមរហូតដល់ចប់ ដោយធានាបានសុវត្ថិភាព សណ្ដាប់ធ្នាប់ របៀបរៀបរយបានល្អប្រសើរ និងទទួលបានជោគជ័យទាំងស្រុង។
ឯកឧត្តមបន្តថា លទ្ធផលផ្លែផ្កាលើគ្រប់វិស័យដែលយើងសម្រេចបានក្នុងខែកក្កដា ឆ្នាំ២០២៣កន្លងមកនេះ គឺពិតជាបានកើតចេញពីការចូលរួមយ៉ាងសកម្មប្រកបដោយស្មារតីភ្ញាក់រលឹក សាមគ្គីឯកភាព របស់មន្ត្រីរាជការគ្រប់ លំដាក់ថ្នាក់ និងប្រជាជនរាជធានីភ្នំពេញ ក្រោមការដឹកនាំយកចិត្តទុកដាក់របស់គណៈអភិបាលរាជធានីភ្នំពេញ។ តាមរយៈសមិទ្ធផលនេះ ពិសេសការរីកចម្រើនវិស័យសេដ្ឋកិច្ច បានចូលរួមចំណែកលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាជន រាជធានីភ្នំពេញឱ្យកាន់តែមានភាពប្រសើរឡើង។
ឯកឧត្តមបន្តថា ព្រឹត្តិការណ៍ដែលលេចធ្លោនឹងជាសមិទ្ធិផលដ៏ធំធេងរបស់កម្ពុជា គឺជោគជ័យ នៃការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រនីតិកាលទី៧ ឆ្នាំ២០២៣ ទើបកន្លងទៅថ្មីៗនេះ ប្រព្រឹត្តទៅប្រកបដោយសេរីភាព ត្រឹមត្រូវ យុត្តិធម៌ អព្យាក្រឹត មានសន្តិសុខសណ្តាប់ធ្នាប់ល្អ និងគ្មានអំពើហឹង្សា ណាមួយកើតឡើង ក្រោមក្រសែភ្នែកនៃអ្នកសង្កេតការណ៍ជាតិ និងអន្តរជាតិជាច្រើនប្រទេស បានបង្ហាញពិភពលោកឱ្យឃើញពីការរីកចម្រើននៃលទ្ធិ ប្រជាធិបតេយ្យ សេរីពហុបក្ស ដែលមានគណបក្សចូលរួមចំនួន១៨ ព្រមទាំងការខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការអភិវឌ្ឍសេដ្ឋកិច្ច ហេដ្ឋារចនាសម្ព័ន្ធសង្គម ទាំងការរួមចំណែករបស់សហគមន៍ អន្តរជាតិ ហើយកាន់តែបញ្ជាក់ឱ្យឃើញច្បាស់ថា ប្រជាជនកម្ពុជានិយាយរួម និយាយដោយឡែក ប្រជាជននៅរាជធានីភ្នំពេញ ពិតជាត្រូវការរស់ក្រោមដំបូលសន្តិភាព ស្ថិរភាពនយោបាយ និងការអភិវឌ្ឍសេដ្ឋកិច្ចប្រកបដោយចីរភាព ធានាបាននូវកំណើនខ្ពស់៕




