ភ្នំពេញ : ថៅកែក្រុមហ៊ុនពិភពដីមាស ! អ្នកឧកញ៉ា ហ៊ី គឹមហុង អគ្គនាយកក្រុមហ៊ុនពិភពដីមាស និង ភរិយា និង អង្គរក្ស ៥ នាក់ ត្រូវបានសមត្ថកិច្ចចាប់ឃាត់ខ្លួន តាមពាក្យបណ្ដឹងរបស់ប្រជាពលរដ្ឋរងគ្រោះរាប់រយនាក់ ករណីរកស៊ីបោកប្រាស់ វិនិយោគដីខ្យល់ ដោយអនុវត្តតាមដីកា។
ប្រភពច្បាស់ការពីសមត្ថកិច្ចបានបង្ហេីបអោយដឹងថា នៅរសៀលថ្ងៃទី ៧ ខែ សីហា ឆ្នាំ ២០២៣ នេះ សមត្ថកិច្ចនគរបាលនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានឃាត់ខ្លួន អ្នកឧកញ៉ា ហ៊ី គឹមហុង អគ្គនាយកក្រុមហ៊ុនពិភពដីមាស និង ភរិយា ។ ចំពោះ អង្គរក្ស ៥ នាក់របស់ អ្នកឧកញ៉ា ក៏ត្រូវបានឃាត់ខ្លួនផងដែរដោយសារតែអង្គរក្សទាំងនេះ ប្រឆាំងរារាំងសមត្ថកិច្ច ពេលចុះអនុវត្តន៍ដីកា ។
ប្រភពបានបន្ថែមថា ការឃាត់ខ្លូនបានធ្វើឡេីងតាមដីការបស់ តុលាការ ពីបទឆបោកប្រជាពលរដ្ឋច្រើនរយគ្រួសារពាក់ព័ន្ធគម្រោងវិនិយោគដីឡូត៍ ។ ប្រភពបានអោយដឹងទៀតថា សមត្ថកិច្ចកំពុងតាមចាប់ខ្លួន បុគ្គលពាក់ព័ន្ធជាច្រើនទៀតក្នុងក្រុមហ៊ុនពិភពដីមាស ដែលពាក់ព័ន្ធសកម្មភាពឆបោកប្រជាជន ។
ប្រជាពលរដ្ឋរងគ្រោះ នៅកន្លែងកើតហេតុ រាប់រយនាក់ បានបញ្ជាក់ថា, ពេលសមត្ថកិច្ចចុះអនុវត្ត ដីកា អង្គរក្សរបស់ អ្នកឧកញ៉ា ហ៊ី គឹមហុង អគ្គនាយកក្រុមហ៊ុនពិភពដីមាស បានរារាំងសមត្ថកិច្ច ឈានដល់តដៃ ទើបសមត្ថកិច្ច ទោះអាវុធចំនួនពីរគ្រាប់ ជាការគំរាម ដើម្បីកុំឲ្យមានអំពើហឹង្សាមួយណាកើតឡើង។
សូមបញ្ជាក់ថា , បន្ទាប់ពីមានការ ប្រទូសរ៉ាយ និងផ្ទុះអាវុធ នៅមុខស្នាក់ការ ក្រុមហ៊ុនពិភពដីមាស ស្ថិតនៅភូមិ ត្រពាំងថ្លាន់ សង្កាត់ពន្សាំង ខណ្ឌព្រែកព្នៅ .. គិតត្រឹមម៉ោង ៤:៣០ នាទីល្ងាច ថ្ងៃទី ០៧ សីហា ២០២៣ សមត្ថកិច្ច បានឡោមព័ទ្ធ ឃាត់ខ្លួនបានថៅកែម្នាក់ នៃក្រុមហ៊ុន ពិភពដីមាស និងអង្គរក្ស ជាច្រើននាក់ បញ្ជូនទៅស្នងការ ដើម្បីចាត់ការ តាមនីតិវិធី ។
ប្រជាពលរដ្ឋ ជាជនរងគ្រោះ គាំទ្រចំពោះចំណាត់ការរបស់សមត្ថកិច្ច និងតុលាការ សង្ឃឹមថាពួកគាត់ទទួលបានយុត្តិធម៌ ។ ចំពោះព័ត៌មានលំអិត អង្គភាពយើងខ្ញុំនឹងបន្តផ្សព្វផ្សាយ ជូនប្រិយមិត្តនៅពេលក្រោយ ៕
ដោយ : សហការី




