ស.ស.យ.ក ខេត្តរតនគិរី នាំយកថវិកា, ប្រេងឥន្ធនៈ និងគ្រឿងឧបភោគបរិភោគប្រគល់ជូនកម្លាំងនគរបាលនៃស្នងការនគរបាលខេត្តរតនគិរី
(រតនគិរី)៖ លោកស្រី ឃឹម សុខឃាង ញ៉ែមសំអឿន អនុប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា ខេត្តរតនគិរី និងជាប្រធានសមាគមស្ត្រីឆ្នើមមនុស្សធ៌មខេត្តរតនគិរី តំណាងលោក ញ៉ែម សំអឿន ប្រធាន ស.ស.យ.ក ខេត្តរតនគិរី នៅថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០២៣ បានដឹកនាំប្រតិភូនាំយកថវិកាចំនួន ៣លានរៀល ក្នុងនោះ ២លានរៀល ជាថវិកាផ្ទាល់របស់លោក ញ៉ែម សំអឿន ប្រធានស.ស.យ.ក និង១លានរៀលទៀតជាថវិកា របស់ក្រុមស្ត្រីឆ្នើម, ប្រេងឥន្ធនៈ និងគ្រឿងឧបភោគ បរិភោគមួយចំនួន ដើម្បីផ្តល់ជូនកងកម្លាំងនគរបាលដែលកំពុងបំពេញភារកិច្ចបំពេញបេសកកម្មឈរជើងនៅតាមប៉ុស្តិ៍ការពារព្រំដែនកម្ពុជា-វៀតណាម។
លោកឧត្តមសេនីយ៍ត្រី អ៉ឹម ផានី ស្នងការស្តីទី តំណាងលោកឧត្តមសេនីយ៍ត្រី អ៊ុង សុភាព ស្នងការនគរបាលខេត្តរតនគិរី បានថ្លែងអំណរគុណចំពោះលោកស្រី ឃឹម សុខឃាង ញ៉ែម សំអឿន និងគណៈប្រតិភូដែលបានចំណាយពេលវេលាដ៏មានតម្លៃព្រមទាំងនាំយកថវិកា, ប្រេងឥន្ធនៈ និងគ្រឿងឧបភោគបរិភោគផ្តល់ជូនកងកម្លាំងនគរបាលនៃស្នងការនគរបាលខេត្តរតនគិរីនាពេលនេះ ពិតជាមានសារៈសំខាន់, វប្បធ៌មចែករំលែកក្នុងនាមគ្រួសារខ្មែរ។
លោកឧត្តមសេនីយ៍ស្នងការស្តីទី ក៏បានជូនពរគណៈប្រតិភូទាំងអស់ជួបប្រទះនូវពុទ្ធពរទាំង៤ប្រការ គឺអាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ៕












