សម្ដេចតេជោ ហ៊ុន សែន ណែនាំឲ្យបញ្ចេញរថយន្តក្រុងជាង ៣០០គ្រឿង ដឹកជញ្ជូនកម្មករទៅបោះឆ្នោត
សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ណែនាំឲ្យអភិបាលរាជធានីភ្នំពេញ បញ្ចេញរថយន្តក្រុងជាង ៣០០គ្រឿង ដើម្បីដឹកជញ្ជូនកម្មករ-កម្មការនី ទៅតាមបណ្ដាខេត្តនានា ដើម្បីចូលរួមការបោះឆ្នោតជ្រើសតាំង តំណាងរាស្រ្ដ នីតិកាលទី ៧។
តាមរយៈសារជាសំឡេង នៅល្ងាចថ្ងៃទី ១១ ខែកក្កដានេះ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានលើកឡើងថា រាជរដ្ឋាភិបាល បានអនុញ្ញាតឲ្យកម្មករ-កម្មការនី បានឈប់សម្រាករយៈពេល ៣ថ្ងៃ ដើម្បីទៅចូលរួមការបោះឆ្នោតជ្រើសតាំង តំណាងរាស្រ្ដ នីតិកាលទី ៧ ឆ្នាំ ២០២៣នេះ។
ដោយមើលឃើញអំពីស្ថានភាព នៃមធ្យោបាយធ្វើដំណើរអាចនឹងមានការខ្វះខាត និងខ្លាចក្រែងមានការដំឡើងថ្លៃឈ្នួលរថយន្ត ជាពិសេសដើម្បីសម្រួលដល់ការលំបាករបស់កម្មករ-កម្មការនីនោះ សម្ដេចតេជោ ហ៊ុន សែន បានណែនាំដល់អភិបាលរាជធានីភ្នំពេញ បញ្ចេញរថយន្តក្រុងពី ៣០០ ទៅ ៣៥០គ្រឿង ដើម្បីដឹកជញ្ជូនកម្មករ-កម្មការនី ទៅបោះឆ្នោតនៅតាមបណ្ដាខេត្តនានា។




