
ឯកឧត្តម វេង សាខុន បន្តចុះជួបសមាជិកបក្សនៅស្នាក់ការគណបក្សស្រុកតំបែរ និងស្នាក់ការគណបក្សឃុំគោកស្រុក
នាព្រឹកថ្ងៃអង្គារ ៩រោច ខែបឋមាសាឍ ឆ្នាំថោះ ត្រូវនឹងថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០២៣ ឯកឧត្តម វេង សាខុន ប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានស្រុកតំបែរ ខេត្តត្បូងឃ្មុំ និងស្រុកកំពង់សៀម ខេត្តកំពង់ចាម លោកជំទាវ តំណាងប្រធានគណៈកម្មាធិការបក្សខេត្តត្បូងឃ្មំ និងឯកឧត្តម ងិន ឆាយ អនុប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានស្រុកតំបែរ និងជាប្រធានក្រុមការងារចុះមូលដ្ឋានឃុំតំបែរ ឃុំគោកស្រុក និងឃុំត្រពាំងព្រីង លោកស្រីអភិបាលរងខេត្ត លោកប្រធានក្រុមប្រឹក្សាស្រុក លោកអភិបាលស្រុក និងសហការីមួយចំនួនទៀតបានអញ្ជើញចុះមកពិនិត្យ និងវាយតម្លៃជារួមលើលទ្ធផលនៃយុទ្ធនាការឃោសនាបោះឆ្នោតក្នុងរយ:ពេល ១០ថ្ងៃកន្លងមក និងរៀបចំរបៀបគូសសន្លឹកឆ្នោតសាកល្បងឱ្យបានត្រឹមត្រូវជូនសមាជិកគណបក្សឃុំតំបែរចំនួន ៣៥០នាក់ និងឃុំគោក ស្រុកចំនួន ១៥០នាក់។
ជារួមសកម្មភាពយុទ្ធនាការឃោសនាបោះឆ្នោតទូទាំងស្រុកទទួលបានលទ្ធផលគួរជាទីមោទន: ហើយលទ្ធផលដ៏ល្អនេះ ឯកឧត្តមបានថ្លែងអំណរគុណ និងវាយតម្លៃខ្ពស់លើការខិតខំ និងស្មារតីលះបង់គ្រប់បែបយ៉ាងរបស់ឯកឧត្តមប្រធាន អនុប្រធាន សមាជិកក្រុមការងារចុះមូលដ្ឋានឃុំគ្រប់លំដាប់ថ្នាក់ និងបានគាំទ្រ លើកទឹកចិត្តសមាជិកបក្សទាំងអស់ឱ្យខិតខំបន្តយុទ្ធនាការនេះឱ្យកាន់តែសកម្មថែមទៀតដើម្បីឈានទៅសម្រេចជោគជ័យធំធេងនៅថ្ងៃទី២៣ ខាងមុខ។
ទិសដៅចំពោះមុខ ឯកឧត្តមបានណែនាំដល់សកម្មជនគណបក្សឱ្យបន្តចុះគ្រប់ខ្នង ផ្ទះដើម្បីជួយពន្យល់ ណែនាំ និងបង្រៀនសមាជិកគណបក្សគ្រប់ៗរូបត្រូវត្រៀមលក្ខណសម្បត្តិឱ្យបានគ្រប់គ្រាន់ និងត្រឹមត្រូវ (អត្តសញ្ញាណប័ណ្ណ មធ្យោបាយធ្វើដំណើរ និងពេលវេលា) មុននឹងចេញទៅបំពេញកាតព្វកិច្ចជាពលរដ្ឋកម្ពុជាម្នាក់ គឺទៅបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា ហើយត្រូវចងចាំជានិច្ចថាបោះឆ្នោតជូនគណបក្សប្រជា ជនកម្ពុជា លេខរៀងទី១៨ ដែលមានរូបសញ្ញាទេវតាបាចផ្កា គឺបោះឆ្នោតឱ្យខ្លួនឯង ធានាបន្តទទួលបាននូវសុខសន្តិភាព និងការអភិវឌ្ឍ។
គិតត្រឹមថ្ងៃ១១ ខែកក្កដា ក្រុមការងារគណបក្សចុះមូលដ្ឋានស្រុក ឃុំ និងភូមិ រួមនិងមន្ត្រីគណបក្សមូលដ្ឋាន បានអញ្ជើញចុះឃោសនាផ្សព្វផ្សាយគោលនយោបាយរបស់គណបក្ស និងបង្រៀនគូសសន្លឹកឆ្នោតនៅតាមខ្នងផ្ទះទូទាំងស្រុកបានចំនួន ៤,៧៩៥ និងបានជួបសមាជិកបក្សចំនួន ២២,៤៨៥ ក្នុងចំណោមសមាជិកបក្សទូទាំងស្រុកចំនួន ៣៦,៥៨០នាក់ ស្នើនឹង ៦១%។
ទីបញ្ចប់ អង្គពិធីបានប្តេជ្ញាឥតងាករ៉េបន្តគាំទ្រយ៉ាងពេញទំហឹងសម្តេចអគ្គមហា សេនាបតីតេជោ ហ៊ុន សែន ជានាយករដ្ឋមន្ត្រី និងឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្ត្រីនាពេលអនាគត។























