កម្ពស់ទឹកឡើងខ្លាំងមិនធ្លាប់មានដល់ទៅ១៥៣មីលីម៉ែត្រ នៅរាជធានីភ្នំពេញ នាព្រលប់ថ្ងៃនេះ
ភ្នំពេញ ៖ នៅរាជធានីភ្នំពេញល្ងាចម៉ោង០៦និង៣៥នាទី នាថ្ងៃទី០៣ កក្កដានេះ កម្ពស់ទឹកបានហក់ឡើងខ្លាំងមិនធ្លាប់មានដល់ទៅ១៥៣មីលីម៉ែត្រ ខណៈភ្លៀងបានបង្អុរយ៉ាងខ្លាំងនិងមានរយៈពេលយូរ។
គិតត្រឹមម៉ោង៩យប់ ថ្ងៃទី៣ ខែកក្កដា ឆ្នាំ២០២៣នេះ នៅរាជធានីភ្នំពេញភ្លៀងនៅតែបន្តធ្លាក់ ខណៈផ្លូវខ្លះក្នុងរាជធានីភ្នំពេញតំបន់មួយចំនួនត្រូវបានជន់លិចលង់។
មន្ត្រីនៃមន្ទីរសាធារណការនិងដឹកជញ្ជូនរាជធានីភ្នំពេញបានឲ្យដឹងថា នៅថ្ងៃទី០៣ ខែកក្កដា ឆ្នាំ២០២៣នេះ ទឹកភ្លៀងធ្លាក់ខ្លាំងនៅល្ងាចនេះ មានកម្ពស់រហូតដល់១៥៣មីលីម៉ែត្រ(វាស់នៅស្ថានីយបឹងត្របែក)។ នេះជាកម្ពស់ទឹកភ្លៀងធ្លាក់ខ្លាំងមិនធ្លាប់មានក្នងរយៈពេល៣ឆ្នាំចុងក្រោយនេះ ដែលបានបណ្តាលឱ្យទឹកលិចលង់នៅតំបន់មួយចំនួននៅក្នុងខណ្ឌចំនួន៤ នៃតំបន់កណ្តាលរាជធានីភ្នំពេញ រួមមានដូចជា៖ ១.ខណ្ឌសែនសុខ ២.មានជ័យ ៣.ច្បារអំពៅ ៤.ខណ្ឌពោធិ៍សែនជ័យ។
ប៉ុន្តែទោះបីជាយ៉ាងណាក្តី មន្ទីរសាធារណការនិងដឹកជញ្ជូនរាជធានីភ្នំពេញ មន្ទីរបានសហការជាមួយអាជ្ញាធរខណ្ឌទាំង១៤ បានព្យាយាមបូមទឹករំដោះចេញ ប្រកបដោយប្រសិទ្ធភាព ខណៈកំណើន៣ដងនៃការបូមទឹកថ្មីនៃស្ថានីយបូមទឹកទាំង១៤កន្លែង បានធ្វើឱ្យទឹកកំពុងស្រកយ៉ាងលឿន៕







