លោកវរសេនីយ៍ត្រី នួន នីណារ៉ូ មេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថក្រុងប៉ោយប៉ែតដឹកនាំកម្លាំង ចុះធ្វើការឃាត់ខ្លួនជនសង្ស័យម្នាក់ ពាក់ព័ន្ធករណីហិង្សាដោយចេតនា
ខេត្តបន្ទាយមានជ័យ៖ អនុវត្តតាមបណ្តឹងឈ្មោះ ផល រតនា ភេទស្រី អាយុ៣២ឆ្នាំ (ប្រពន្ធជនរងគ្រោះ) មានទីលំនៅភូមិផ្សារកណ្ដាល សង្កាត់ផ្សារកណ្តាល ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ កម្លាំងមូលដ្ឋានកងរាជអាវុធហត្ថក្រុងប៉ោយប៉ែត ដឹកនាំដោយលោកវរសេនីយ៍ត្រី នួន នីណារ៉ូ មេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថក្រុងប៉ោយប៉ែត ឃាត់ខ្លួនជនសង្ស័យម្នាក់ ករណីហិង្សាដោយចេតនា ប្រព្រឹត្តកាលពីវេលាម៉ោង០៣ និង៣០នាទីទៀបភ្លឺ ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៣ នៅចំណុចផ្សារសានកូ ស្ថិតក្នុងភូមិផ្សារកណ្តាល សង្កាត់ផ្សារកណ្តាល ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។
លោកវរសេនីយ៍ត្រី នួន នីណារ៉ូ មេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថក្រុងបានឱ្យដឹងថា ជនសង្ស័យឈ្មោះ សាត ចន្នី ភេទប្រុស អាយុ៤០ឆ្នាំ ជនជាតិខ្មែរ បច្ចុប្បន្នរស់នៅភូមិផ្សារកណ្តាល សង្កាត់ផ្សារកណ្តាល ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។
លោកវរសេនីយ៍ត្រី នួន នីណារ៉ូ បានឱ្យដឹងថា តាមការបណ្ដឹងប្រពន្ធជនរងគ្រោះបានររៀបរាបថា នៅវេលាម៉ោង៣និង៣០នាទី ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៣ ជនសង្ស័យបានប្រើហិង្សាមកលើប្ដីរបស់ខ្លួនឈ្មោះ ហៀម ដា អាយុ២៦ឆ្នាំ ដោយចាប់បោកបណ្ដាលឱ្យដួលសន្លប់ដោយមិនដឹងមូលហេតុ ហើយគាត់ជាប្រពន្ធបានបញ្ជូនទៅមន្ទីរពេទ្យបង្អែកក្រុងប៉ោយប៉ែត។
លោកវរសេនីយ៍ត្រី នួន នីណារ៉ូ បានបញ្ជាក់ទៀតថា ក្រោយឃាត់ខ្លួន និងសួរចម្លេីយ ជនសង្ស័យបានឆ្លើយសារភាពថា ខ្លួនបានផឹកស្រានៅកន្លែងប៉ុស្តិ៍យាម ក្នុងបុរីសានកូ ជាមួយមនុស្សមួយក្រុម ដោយនាំគ្នាផឹកស្រាថ្នាំ ពេលនោះរូបខ្លួនបានផឹកអស់ជាច្រើន និងស្រវឹងខ្លាំង បាត់បង់ស្មារតី ស្រាប់តែមានមនុស្សប្រុសម្នាក់ ក្នុងចំណោមអ្នកផឹកជាមួយគ្នា បានមកវាយរូបខ្លួនមុន ពេលនោះរូបខ្លួនវាយតទៅវិញជាច្រើនដៃ តែមិងដឹងត្រូវអ្នកណានោះទេ មួយសន្ទុះក្រោយមកស្រាប់តែកម្លាំងមូលដ្ឋានកងរាជអាវុធហត្ថក្រុងមកឃាត់ខ្លួនតែម្តង។ ដោយផ្អែកលើបណ្ដឹង និងមានបទល្មើសជាក់ស្ដែង កម្លាំងជំនាញមូលដ្ឋានកងរាជអាវុធហត្ថក្រុងប៉ោយប៉ែតបានកសាងសំណុំរឿងបញ្ជូនមកបញ្ចាការដ្ឋានកងរាជអាវុធហត្ថខេត្តចាត់ការបន្ត។
លោកវរសេនីយ៍ឯក ម៉ែន ភិរម្យ មេបញ្ជាការរងកងរាជអាវុធហត្ថខេត្ត ទទួលការងារស្រាវជ្រាវ និងបង្ក្រាបបទល្មេីសបានឱ្យដឹងថា ការបង្ក្រាបករណីខាងលើនេះ ក៏ទទួលបានការអនុញ្ញាតពីលោកឧត្តមសេនីយ៍ត្រី បោន ប៊ិន មេបញ្ជាការកងរាជអាវុធហត្ថខេត្ត និងមានការសម្របសម្រួលនីតិវិធីពី ឯកឧត្តម កើត វណ្ណារ៉េត ព្រះរាជអាជ្ញា អមសាលាដំបូងខេត្តផងដែរ ។
បច្ចុប្បន្ន ជនសង្ស័យត្រូវបានកម្លាំងការិយាល័យព្រហ្មទណ្ឌ កងរាជអាវុធហត្ថខេត្ត បញ្ជូនទៅសាលាដំបូងខេត្តហើយ នៅព្រឹកថ្ងៃអាទិត្យ ទី០២ ខែកក្កដា ឆ្នាំ២០២៣នេះ អនុវត្តតាមនីតិវិធី៕




