ខេត្តបន្ទាយមានជ័យ ៖ នៅព្រឹកថ្ងៃទី៥ខែមករាឆ្នាំ២០១៨នេះ លោកសាន ស៊ានហូ អភិបាលនៃគណៈអភិបាលក្រុងប៉ោយប៉ែតបានដឹកនាំមន្ត្រីក្រោមឱវាទជាច្រើននាក់មកពីអង្គភាពផ្សេងៗគ្នាបានបន្តចុះរៀបចំសណ្ដាប់ធ្នាប់នៅមាត់ច្រកទ្វារអន្តរជាតិប៉ោយប៉ែត។
ក្នុងនោះលោកអភិបាលក្រុងបានបញ្ជាដោយផ្ទាល់ឲ្យកាត់ស្លាកយីហោ របស់អាជីវករ ដែលដាក់លើចិញ្ចើមផ្លូវដែលមិនព្រមរុះរើចេញតាមការណែនាំរបស់អភិបាលក្រុងកន្លងទៅនោះទេ ។
ទន្ទឹមនោះ លោកអភិបាលក្រុងបានធ្វើការរៀបចំនូវក្រុមអ្នករត់ម៉ូតូឌុបដែលចតយ៉ាងអនាធិបតេយ្យនៅច្រកទ្វារអន្តរជាតិប៉ោយប៉ែត ឲ្យមានការចតជាជួរនិងមានសណ្ដាប់ធ្លាប់ល្អ ដើម្បីអោយភ្ញៀវទេសចរចេញចូលដោយងាយស្រួល ។ ក្នុងនោះលោកអភិបាលក្រុងបានមានប្រសាសន៍ថា ៖ ចំពោះម៉ូតូឌុបណាមិនស្ដាប់តាមការណែនាំរបស់អាជ្ញាធរទេនោះ លោកនឹងមានវិធានការដោយចាប់យក។
លោកបន្តថា ៖ បើយើងមិនធ្វើដូច្នោះទេ ការផ្សព្វផ្សាយរបស់យើងកន្លងទៅ វាគ្មានន័យអ្វីទាំងអស់អញ្ចឹង ភាពរញ៉េរញ៉ៃនៅតែមានបន្តរហូតដល់ទីបញ្ចប់ ដូច្នេះហើយយើងត្រូវតែប្ដេជ្ញាធ្វើបានដូចភ្លៀងរលឹមពីពេលនេះតទៅ ។ បន្ទាប់ពីនេះ លោកអភិបាលក្រុងបានធ្វើការព្រមានទៅលើអ្នកដែលយកទីស្នាក់ការទំនាក់ទំនងព្រំដែនកម្ពុជា-ថៃធ្វើជាកន្លែងផ្ញើម៉ូតូម៉ូតូនិងយករថយន្តស្ទូចមកស្ទូចយកម៉ូតូទាំងអស់ដែលដាក់ផ្ញើនៅកន្លែងទីស្នាក់ការទំនាក់ទំនងព្រំដែនកម្ពុជា-ថៃយកទៅដាក់នៅអធិការដ្ឋាននគរបាលក្រុងប៉ោយប៉ែតដើម្បីរង់ចាំដោះស្រាយគ្នាជាក្រោយ ។
លោកអភិបាលក្រុងបានបញ្ជាក់ថា ៖ ការស្ទូចម៉ូតូទាំងនេះគឺជាការល្អប្រសើរមួយដែរសម្រាប់ម៉ូតូណាដែលអត់ពន្ធត្រូវយកទៅបង់ពន្ធទាំងអស់តែម្ដង ។ ម៉ូតូដែលត្រូវបានកម្លាំងសមត្ថកិច្ចរឹបអូសនិងស្ទូចយកនោះ មានចំនួន៨៣គ្រឿង ដែលសុទ្ធសឹងជាម៉ូតូរបស់កម្មករ និងអាជីវករ ដែលចូលទៅលក់ដូរនៅផ្សាររោងក្លឿ ប្រទេសថៃ។
គួររំលឹកដែលថា ៖ អាជ្ញាធរក្រុងបានកំណត់ថ្ងៃទី១៥ ដែលជាថ្ងៃត្រូវបញ្ចប់ភាពអនាធិបតេយ្យទូទៅ នៅមុខច្រកទ្វារអន្តរជាតិប៉ោយប៉ែត រហូតទៅដល់ផ្សារកណ្ដាល ដែលមានរយះៈចម្ងាយ៥គីឡូម៉ែត្រ ។
ជុំវិញរឿងការរៀបចំសណ្តាប់ធ្នាប់ក៏ដូចជាសម្អាតបរិស្ថាននិងអនាម័យនៅក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ របស់អាជ្ញាធរក្រុងប៉ោយប៉ែតត្រូវបានប្រជាពលរដ្ឋក៏ដូចជាមហាជនទូទៅរួមទាំងភ្ញៀវទេសចរណ៍ទៀតនោះ មានការកោតសរសើរនិងគាំទ្រ យ៉ាងខ្លាំងទៅលើចំណាត់ការរបស់អាជ្ញាធរក្រុងប៉ោយប៉ែត ៕






