(កំពង់ឆ្នាំង)៖ ឧបករណ៍ឆក់ត្រីចំនួន២៤គ្រឿង ត្រូវបានរដ្ឋបាលជលផលសហការជាមួយអាជ្ញាធរ និងសមត្ថកិច្ចនគរបាលស្រុកកំពង់លែង ធ្វើពិធីប្រគល់និងទទួលនៅសាលាស្រុកកំពង់លែង កាលពីព្រឹកថ្ងៃទី១៩ ខែមេសា ឆ្នាំ២០២៣ម្សិលមិញនេះ។
លោក តាត សីហាក់ នាយផ្នែករដ្ឋបាលជលផលកំពង់ឆ្នាំង បានបញ្ជាក់នៅរសៀលថ្ងៃទី២០ ខែមេសា ឆ្នាំ២០២៣នេះឲ្យដឹងថា ដោយសារតែមួយរយៈចុងក្រោយនេះ មានការផ្សព្វផ្សាយតាមប្រព័ន្ធហ្វេសប៊ុក និងសំបុត្រអនាមិកជាច្រើន ចង្អុលបង្ហាញអំពីឈ្មោះ និងទីតាំងដែលជនសង្ស័យរក្សាទុកនិងកំពុងប្រើប្រាស់ឧបករណ៍ឆក់នៅក្នុងតំបន់ផ្សេងៗ ជាពិសេសគឺក្នុងតំបន់អភិរក្ស រដ្ឋបាលជលផលកំពង់ឆ្នាំង សហការជាមួយរដ្ឋបាលស្រុកកំពង់លែង បានធ្វើការកោះហៅឈ្មោះអ្នកដែលបានរក្សាទុក និងប្រើប្រាស់នូវឧបករណ៍ឆក់ត្រីខាងលើនេះ ដើម្បីឲ្យស្ម័គ្រចិត្តដោយខ្លួនឯង ដោយយកឧបករណ៍ឆក់ត្រីទាំងនោះមកប្រគល់ជូនសមត្ថកិច្ចមុនពេលដែលសមត្ថកិច្ចមានចំណាត់ការផ្លូវច្បាប់។
លោកបានបន្តឲ្យដឹងទៀតថា បន្ទាប់ពីដឹងឈ្មោះ និងស្គាល់លំនៅឋានរបស់អ្នកប្រព្រឹត្តខាងលើនេះហើយ សមត្ថកិច្ចជំនាញបានសហការជាមួយកម្លាំងអធិការដ្ឋាននគរបាលស្រុកកំពង់លែង ធ្វើការស្រាវជ្រាវរកមុខសញ្ញា និងសាវតាអ្នកប្រព្រឹត្ត ក្នុងនោះលោកអភិបាលស្រុក ក្នុងនាមលោកជាប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលស្រុក ក៏បានបញ្ជាឲ្យសមត្ថកិច្ចកោះហៅជនសង្ស័យចំនួន០៧រូប រស់នៅភូមិជើងគ្រួស ឃុំស្វាយរំពារ ស្រុកកំពង់លែង មកកាន់សាលាស្រុក ដើម្បីយកឧបករណ៍ឆក់ត្រីទាំងនោះមកប្រគល់ជូនសមត្ថកិច្ចនិងរកអោយឃើញពីមូលហេតុ ដែលនាំអោយមានការប្រព្រឹត្តបទល្មើនេសាទ (ឆក់ក្តៅនិងត្រជាក់) ខាងលើនេះ។ ជាលទ្ធផល នៅក្នុងចំណោមជនសង្ស័យទាំង០៧រូប ដែលរដ្ឋបាលស្រុកបានកោះហៅខាងលើនេះពួកគេបានសារភាពថា ពិតជាមានលួចលាក់រក្សាទុកឧបករណ៍ឆក់ត្រីប្រាកដមែន ហើយពួកគេក៏បានស្ម័គ្រចិត្តប្រគល់ឧបករណ៍ឆក់ទាំងនោះមកឲ្យសមត្ថកិច្ច និងធ្វើកិច្ចសន្យាបញ្ឈប់ការប្រព្រឹត្តនូវទង្វើខុសច្បាប់ដូចនេះជាបន្តទៀតផងដែរ។
លោកវរសេនីយ៍ឯក ប៉ាល់ ជឿន អធិការនគរបាលស្រុកកំពង់លែង ក៏បានប្រាប់អោយដឹងផងដែរថា ពួកគាត់ក៏មានការភ្ញាក់រលឹក និងបានយកឧបករណ៍ឆក់ត្រីមកប្រគល់ជូនសមត្ថកិច្ចជាបន្តបន្តាប់ រហូតមកដល់ថ្ងៃទី១៩ ខែមេសា ឆ្នាំ២០២៣នេះ សមត្ថកិច្ចរបស់លោក ទទួលបានឧបករណ៍ឆក់ត្រីពីប្រជាពលរដ្ឋស្ម័គ្រចិត្តយកមកប្រគល់ជូន មានចំនួន២៤គ្រឿង ក្នុងនោះឧបករណ៍ឆក់ត្រី (ប្រភេទឆក់ត្រជាក់) ចំនួន៤គ្រឿង ឧបករណ៍ឆក់ត្រីទាំងអស់នេះ ត្រូវបានប្រគល់ជូនទៅឱ្យខ័ណ្ឌរដ្ឋបាលជលផលកំពង់ឆ្នាំងរក្សាទុកផងដែរ។
លោក យ៉ែម លក្ខិណា អភិបាលស្រុកកំពង់លែង ក៏បានបញ្ជាក់ប្រាប់ នៅល្ងាចថ្ងៃទី២០ ខែមេសា ឆ្នាំ២០២៣នេះដែរថា កាលពីព្រឹកថ្ងៃទី១៩ ខែមេសាម្សិលមិញនេះ លោកបានកោះអញ្ជើញពលរដ្ឋចំនួន០៧នាក់ក្នុងចំណោមម្ចាស់ឧបករណ៍ឆក់ត្រីទាំង ២៤នាក់ ដែលបានយកមកប្រគល់ជូនសមត្ថកិច្ច ដើម្បីធ្វើការអប់រំ និងធ្វើកិច្ចសន្យាបញ្ឈប់ការប្រព្រឹត្តជាបន្តទៀត ដោយបានធ្វើពិធីប្រគល់ និងទទួលដែលប្រព្រឹត្តទៅនៅសាលាស្រុកកំពង់លែង ដោយមានការចូលរួមពីរដ្ឋបាលស្រុក សមត្ថកិច្ចខណ្ឌរដ្ឋបាលជលផលកំពង់ឆ្នាំង និងសមត្ថកិច្ចនគរបាល នៃអធិការដ្ឋានស្រុកកំពង់លែង ដើម្បីធ្វើពិធីប្រគល់និងទទួលនូវឧបករណ៍ឆក់ផង និងប្រជុំផ្សព្វផ្សាយពាក់ព័ន្ធនិងករណីរៀបចំវិធានការទប់ស្កាត់និងបង្ក្រាបនូវរាល់បទល្មើសនេសាទ ដើម្បីកុំឲ្យកើតមាននៅក្នុងទឹកដីនៃស្រុកកំពង់លែងនេះផង។
លោកអភិបាលស្រុក ក៏អំពាវនាវដល់បងប្អូនប្រជានេសាទទាំងអស់ ចំពោះការនេសាទគ្រប់ប្រភេទត្រូវធ្វើឡើងទៅតាមច្បាប់ស្ដីពីជលផល ដោយកុំប្រើឧបករណ៍នេសាទ និងការនេសាទទាំងឡាយណាដែលច្បាប់បានហាមឃាត់ ដោយឡែកចំពោះបងប្អូនប្រជាពលរដ្ឋយើងដែលនៅមានសេសសល់ឧបករណ៍ឆក់ត្រីត្រូវប្រញាប់យកមកប្រគល់ជូនអាជ្ញាធរមានសមត្ថកិច្ច ព្រោះការរក្សាទុកឧបករណ៍ទាំងនេះ គឺជាអំពើខុសច្បាប់។ ប្រសិនបើអាជ្ញាធរមានសមត្ថកិច្ចដឹងថា បងប្អូនរក្សាទុកនិងប្រើប្រាស់ឧបករណ៍ឆក់ត្រីដូចខាងលើនេះ សមត្ថកិច្ចនឹងអនុវត្តទៅតាមនីតិវិធី ដោយមិនមានការយោគយល់នោះឡើយ៕






