ខេត្តសៀមរាប៖ រយៈពេល០៣ថ្ងៃ នៃព្រឹត្តិការណ៍អង្គរសង្ក្រាន្តពីថ្ងៃទី១៤-១៦ ខែមេសា ឆ្នាំ២០២៣ មានភ្ញៀវទេសចរជាតិ-អន្តរជាតិ និងប្អូនប្រជាពលរដ្ឋដើរកម្សាន្តមានចំនួនប្រមាណ ២ ១២០ ៣៧៣នាក់ ក្នុងនោះ ភ្ញៀវទេសចរជាតិ និងបងប្អូនប្រជាពលរដ្ឋ មានចំនួនប្រមាណ ២ ១០៧០០០នាក់ ដែលក្នុងព្រឹត្តិការណ៍អង្គរសង្ក្រាន្តក្នុងតំបន់អង្គរ។ នេះបើយោងតាមរបាយការណ៍របស់មន្ទីរទេសចរណ៍ខេត្តសៀមរាប។
របាយការណ៍បន្តថា សម្រាប់ក្រុងសៀមរាបមានចំនួនប្រមាណ ១ ៧៥០០០០នាក់, រមណីយដ្ឋានឧទ្យានជាតិភ្នំគូលែន មានចំនួនប្រមាណ ៣៨ ០០០នាក់, តំបន់ទន្លេសាបមានចំនួនប្រមាណ ២៤ ០០០នាក់, សហគមន៍ទេសចរណ៍ និងតំបន់រមណីយដ្ឋានផ្សេងៗមានចំនួនប្រមាណ ២៩៥ ០០០នាក់, ភ្ញៀវទេសចរបរទេសផ្ទៃក្នុង មានចំនួន ១៣ ៣៧៣នាក់ ។
ប្រជាពលរដ្ឋដែលបានទៅកម្សាន្ត នៅក្នុងព្រឹត្តិការណ៍អង្គរសង្ក្រាន្ត បានបង្ហាញពីការសប្បាយរីករាយ និងមានមោទកភាពចំពោះព្រឹត្តិការណ៍មួយនេះ ដែលជាព្រឹត្តិការណ៍មួយធ្វើឱ្យភ្ញៀវទេសចរបរទេស និងយុវជនជំនាន់ក្រោ យបានស្គាល់ពីប្រពៃណី ទំនៀមទម្លាប់ខ្មែរតាំងពីបុរាណកាលមក។
ពួកគាត់ចង់ឱ្យមានព្រឹត្តិការណ៍អង្គរសង្ក្រាន្តនេះបន្តទៅទៀត ជារាងរាល់ឆ្នាំ ព្រោះព្រឹត្តិការណ៍នេះ បានលើកស្ទួយវប្បធម៌ប្រពៃណីខ្មែរ ដែលអាចឱ្យយុវជនយើងបានស្គាល់កាន់តែច្បាស់អំពីរបៀបរបប នៃការរស់នៅ សាសនា និងប្រពៃណីខ្មែរ។
សូមជម្រាបថា សម្រាប់ព្រឹត្តិការណ៍អង្គរសង្ក្រាន្តឆ្នាំនេះ ក្រៅពីវប្បធម៌ អ្វីដែលកាន់តែពិសេសនោះ គឺការការបំបែកឯតទគ្គកម្មពិភពលោកចំនួន២ គឺការបំបែកឯតទគ្គកម្ម នៃការបត់បេះដូង ដែលមានរហូតដល់ ៣ ៩១៧ ៨០៥បេះដូង, ការបំបែកកំណត់ត្រារាំម៉ាឌីហ្សុនប្រមាណ ៤ ៩៩៩នាក់៕





