កំពត ៖ ក្រោយពេលដាក់ពាក្យបណ្តឹងជាច្រើនដងទៅអាជ្ញាធរគ្រប់លំដាប់ថ្នាក់ក្នុងខេត្តកំពត ឲ្យជួយអន្តរាគមន៍ដោះស្រាយជម្លោះ ប្រជាពលរដ្ឋប្រមាណ៤០គ្រួសារ រស់នៅក្នុងភូមិកំពង់បាយ សង្កាត់កំពង់បាយ ក្រុងកំពត នៅព្រឹកថ្ងៃទី១២ខែមករា ឆ្នាំ២០១៨នេះ ពួកគាត់បានប្រមូលផ្តុំគ្នានៅមុខផ្ទះដែលកំពុងសាងសង់ ស្ថិតនៅក្នុងទីតាំងខាងលើ ដើម្បីទាមទារតវ៉ាម្តងទៀតក្នុងគោលបំណងឲ្យម្ចាស់ផ្ទះបញ្ឈប់ការសាងសង់និងរំកិលផ្ទះចេញពីផ្លូវ ព្រោះពលរដ្ឋទាំងនោះបានលើកឡើងថា ផ្ទះនោះសង់លើចិញ្ចើមផ្លូវសាធារណៈ ធ្វើឲ្យផ្លូវកាន់តែរួមតូច ពិបាកក្នុងធ្វើដំណើរ។ដោយករណីនេះ ខាងអាជ្ញាធរ និងមន្ត្រីជំនាញហាក់ឆ្លើយមិនស៊ីចង្វាក់គ្នា និងលាក់លៀមអាថិ្ំបាំង ឬការពិតអ្វីម្យ៉ាងផងដែរ។
ចំណែកតំណាងអ្នកភូមិកំពង់បាយ លោកស្រី រ័ត្ន បានប្រាប់ថា៖ មិនមែនជាលើកទីមួយទេដែលអ្នកភូមិបានដាក់បណ្តឹងនិងទាមទាតវ៉ាចំពោះការសាងសង់ផ្ទះមួយខ្នងនេះ ហើយថាការប្រមូលផ្តុំគ្នានៅថ្ងៃនេះ ក៏មិនខុសពីថ្ងៃមុនដែរគឺ ដើម្បីតវ៉ា សុំឲ្យអាជ្ញាធរ បញ្ឈប់ការសង់ផ្ទះលើចិញ្ចើមផ្លូវ និងរំកិលផ្ទះចេញពីផ្លូវ ដែលពីមុនរថយន្តពីរគ្រឿងអាចចៀសគ្នាបានយ៉ាងស្រួល តែពេលនេះរថយន្តមួយគ្រឿងស្ទើចេញចូលទាំងលំបាកនោះ។
ចំណែកម្ចាស់ផ្ទះកំពុងសាងសង់ លោក ស្រីសេង សាឡេង បានប្រាប់ឲ្យដឹងដែរថា ការសាង់ផ្ទះមានឯកសារសុំការអនុញ្ញាតពីជំនាញ និងមានប្លង់ត្រឹមត្រូវតាមច្បាប់ មិនដូចជាអ្នកភូមិចោទប្រកាន់នោះទេ ទើបគាត់ហ៊ានាងសង់បែបនេះ។
ទាក់ទិននឹងជម្លោះខាងលើ អភិបាលក្រុងកំពត លោក លាង រឿនសុធី បានប្រាប់ឲ្យដឹងថា ការសាងសង់ផ្ទះនេះដំបូងមិនមានច្បាប់អនុញ្ញាតទេ ហើយពលរដ្ឋបានដាក់ពាក្យប្តឹងយូរហើយ ព្រោះផ្លូវនេះមុនសាងផ្ទះ គឺមានទំហំធំទូលាយ អ្នកភូមិមិនអាចទទួលបានទេពេលផ្លូវរួមតូចបែបនេះ។ប៉ុន្តែលោកមិនបានបញ្ជាក់ទេថា តើការសង់ផ្ទះនេះខាងសាលាក្រុងបានដឹងនិងបានត្រួតពិនិត្យឯកសារត្រឹមត្រូវមុននិងអនុញ្ញាតឲ្យសាងសង់នោះទេ។
អនុប្រធានមន្ទីររៀបចំដែនដីនគររូបនីយកម្ម និងសំណងខេត្តកំពត លោក ស៊ឹម សុខជា បានប្រាប់ឲ្យដឹងថា ម្ចាស់ផ្ទះមានលិខិតសុំច្បាប់សាងសង់ ត្រឹមត្រូវតាមច្បាប់ ប៉ុន្តែការសង់ជាក់ស្តែងប៉ុណ្ណាឬលើចិញ្ចើមផ្លូវលោកមិនបានដឹងទេ ហើយបើម្ចាស់ផ្ទះរំលោភលើផ្លូវសាធារណៈមែន មន្ត្រីជំនាញរបស់លោក នឹងឲ្យម្ចាស់សំណង់រុះរើចេញពីផ្លូវនេះដោយគ្មានលក្ខខណ្ឌ។
គួរំឭកថា ៖ ប្រជាពលរដ្ឋបានដាក់ពាក្យបណ្តឹងតាំងពីឆ្នាំ ២០១៦ ហើយមិនមានដំណោះស្រាយ អ្វីទេ មានតែការបញ្ឈប់សាងសង់មួយរយៈពេលខ្លី រួចសាងសង់វិញដដែល។ហើយមន្ត្រីជំនាញ និងអាជ្ញាធរមុនពេលពលរដ្ឋប្រមូលផ្តុំគ្នាតវ៉ា មិនមានអ្នកណាហ៊ានចេញមុខមកស្រាយបំភ្លឺអ្វីទេ ដោយខ្លាចនេះខ្លាចនោះ ទាំងការពិតខ្លួនបានដឹងរឿងទាំងអស់ និងបានចូលរួមផ្តល់ការអនុញ្ញាតឲ្យសាងសង់ថែមទៀតផង។
ចំណែកម្ចាស់ផ្ទះអាងអំណាចលុយ គ្របលើអំណាចច្បាប់រដ្ឋ ហ៊ានបំពានទៅលើពលរដ្ឋជាភូមិផងរបងជាមួយ ថែមទាំងស្ទុះមកទាញក្រវាត់ កាមេរ៉ាអ្នកសារព័ត៌មានមិនឲ្យថតផ្សាយថែមទៀតផង ៕
សេង ណារិទ្ធ









