កំពត ៖ ដោយមានដូងមួយដើមក្នុងចំណោមដំណាំហូបផ្លែប្រភេទនេះជាច្រើនដើមបានទេរទាបសំដៅផ្ទៃ ទឹកនៃស្ទឹងកំចាយ ម្ចាស់ទីតាំងក៏បង្កើតជាកន្លែងកម្សាន្តដោយដាក់ឈ្មោះថារមណីយដ្ឋានដូងទេរ។ ព្រោះតែមានអំណោយផលនៃទេសភាពបែបធម្មជាតិ ខ្យល់អាកាសបរិសុទ្ធ និងអនាម័យបរិស្ថានល្អប្រសើរ រមណីយដ្ឋានដូងទេរបាន និងកំពុងទាក់ទាញភ្ញៀវជិតឆ្ងាយមកម្សាន្តជារៀងរាល់ថ្ងៃ។
ដើម្បីបានដល់រមណីយដ្ឋានដូងទេរស្ថិតក្នុងទឹកដីភូមិស្នំប្រាំពីរ ឃុំម៉ាក់ប្រាង ស្រុកទឹកឈូនេះ ទេសចរទាំងឡាយត្រូវធ្វើដំណើរលើដងផ្លូវឆ្ពោះទៅកាន់រមណីយដ្ឋានទឹកឈូក្នុងចម្ងាយប្រហែលប្រាំមួយគីឡូម៉ែត្រពីចំ ណុចរង្វង់មូលរូបសំណាកទឹករលកក្បែរស្ពានមិត្តភាពកម្ពុជា កូរ៉េកំពង់បាយទីរួមខេត្តកំពត រួចបត់ចុះទៅផ្នែកខាងស្តាំដៃប្រមាណប្រហែលបួនរយម៉ែត្របន្ថែមទៀត។
លោក ជា ភារៈ ទេសចរមកពីរាជធានីភ្នំពេញបានរៀបរាប់ថា នេះជាលើកដំបូងដែលលោក និងក្រុមការងារ មានឱកាសបានមកដល់រមណីយដ្ឋានដូងទេរ ព្រោះតែក្រុមហ៊ុនអនុញ្ញាតឱ្យសម្រាកប្រចាំឆ្នាំ។ ពេលបានឃើញ ភ្លាម អារម្មណ៍មមៃគិតថាហាក់ដូចជាទីតាំងនេះស្ថិតនៅឆ្នេរលម្ហែរបស់ប្រទេសគេដោយឃើញទឹកស្ទឹងល្ហល្ហាចពណ៌ខៀវស្រងាត់ ខ្យល់អាកាសបរិសុទ្ធ ថែមទាំងមានរុក្ខជាតិហូបផ្លែជាច្រើនប្រភេទព័ទ្ធជុំវិញបរិវេណទាំងមូល ទៀតផង។
ភ្ញៀវដដែលនេះបានបន្តថា ជាមួយនឹងទេសភាពល្អប្លែកកម្របានជួបនេះ ក្រុមលោកសប្បាយនឹងការ ថតយករូបភាពល្អៗ ដូចជា ពេលដើរលើឆ្នេរខ្សាច់ ឈរផ្អែកដើមដូងទេរ ហែលទឹកលេងកម្សាន្ត និងការអង្គុយមើលជួរភ្នំនៅពីមុខជាក់ស្តែង។ ដោយឡែកចំពោះបញ្ហាអនាម័យឃើញថាមានលក្ខណៈល្អប្រសើរ ហើយក្នុងនាមលោកជាភ្ញៀវមកពីចម្ងាយ លោកសូមអំពាវនាវដល់ម្ចាស់រមណីយដ្ឋានយកចិត្តទុកដាក់លើការងារថែរក្សាបរិស្ថាននេះជាបន្តទៀតដើម្បីសុខុមាលភាពទាំងអស់គ្នា។
លោក ខែម សុវណ្ណ អ្នកចាត់ការទូទៅនៃរមណីយដ្ឋានដូងទេរបានរៀបរាប់ថា(សំឡេងដើម) រមណីយដ្ឋានដូងទេរទើបតែបើកសាកល្បងប្រហែលពីរខែប៉ុណ្ណោះ ពោលគឺមិនទាន់ដំណើរការជាផ្លូវការនៅឡើយទេ។
ការបើកទីតាំងកម្សាន្តនៅទីនេះក្នុងបំណងបង្កើនតំបន់រមណីយដ្ឋានសម្រាប់ខេត្តកំពតដែលមានភាពទាក់ទាញ ខ្លាំងលើវិស័យទេសចរណ៍។ អ្នកចាត់ការរូបនេះបានបន្តទៀតថា ការបង្កើតមណ្ឌលកម្សាន្តនៅទីនេះមានបំណង បង្កើតទីផ្សារសម្រាប់ផលិតផលក្នុងស្រុកផងដែរ ដូចជា សម្ភារៈតុបតែងលម្អនានាគឺប្រមូលយកពីអ្វីដែលជាស្នា ដៃរបស់អ្នកស្រុកផ្ទាល់ដើម្បីចូលរួមលើកស្ទួយជីវភាពពួកគាត់មួយផ្នែក។ សព្វថ្ងៃ តាមរយៈការបើកសាកល្បងនេះ រមណីយដ្ឋានបានផ្តល់ការងារដល់អ្នកស្រុកពី២០ទៅ៣០នាក់។ ទៅថ្ងៃមុខ សង្ឃឹមថាអ្នកស្រុកអាចទទួលបានការងារធ្វើយ៉ាងហោចណាស់ក៏៥០នាក់ដែរ ព្រោះនៅទីនេះមានគម្រោងបង្កើតជាបារ អាហារដ្ឋាន កន្លែងស្នាក់នៅ និងឆ្នេរខ្សាច់ទឹកសាបល្អស្អាតដែលក្នុងខេត្តកំពតទើបតែមាននៅរមណីយដ្ឋានដូងទេរនេះ។
លោក សុវណ្ណ បានប្រាប់ឱ្យដឹងផងដែរថា ក្នុងថ្ងៃធម្មតាទីនេះអាចទទួលភ្ញៀវពី៣០០នាក់ទៅ៥០០នាក់។ ចំណែកឯថ្ងៃសៅរិ៍ អាទិត្យ ឬថ្ងៃបុណ្យទានមានពី៧០០នាក់ទៅ១.០០០នាក់។ អ្នកមើការខុសត្រូវបានបញ្ជាក់ឱ្យដឹងទៀតថាពិសេសកាលពីថ្ងៃឆ្លងឆ្នាំសកលកន្លងទៅ ភ្ញៀវមកកម្សាន្តនៅរមណីយដ្ឋានដូងទេរនេះពេញណែនតែម្តង។ ជា មួយនឹងបរិមាណភ្ញៀវដូចបានមកកាលពីថ្ងៃឆ្លងឆ្នាំនោះគឺដល់កម្រិតអតិបរមាតែម្តង ពោលគឺទំហំនៃរមណីយដ្ឋាននេះនៅមានកម្រិត។ ប៉ុន្តែអំណើសតទៅ រមណីយដ្ឋាននឹងពង្រីកឱ្យធំទូលាយជាងនេះដើម្បីបំពេញតម្រូវការភ្ញៀវ។
លោក សយ ស៊ីណុល ប្រធានមន្ទីរទេសចរណ៍ខេត្តកំពតបានមានប្រសាសន៍ថា៖ ទោះបីមិនទាន់បានដល់កម្រិតក្លាយជារមណីយដ្ឋានក្តី ប៉ុន្តែការបង្កើតមុខរបរពាក់ព័ន្ធនឹងវិស័យទេសចរណ៍របស់បងប្អូនប្រជាពល រដ្ឋនៅកន្លែងកម្សាន្តដូងទេរនោះជារឿ់ងប្រពៃណាស់។ នេះជាការបង្កើនបណ្តុំសកម្មភាពទេសចរណ៍ទៅលើសក្តានុពលកំពុងមានស្រាប់គឺរមណីយដ្ឋានធម្មជាតិទឹកឈូដែលធ្លាប់មានឈ្មោះល្បីជាយូរមកហើយ។ ថ្មីៗនេះនៅតំបន់ជុំវិញរមណីយដ្ឋានទឹកឈូមានការបង្កើតកន្លែងកម្សាន្តខ្នាតតូចៗបន្ថែម ដូចជា កន្លែងជិះខ្សែរ៉ក កន្លែងជិះទូកកៃយ៉ាក់ កន្លែងដូងទេរជាដើម។
លោកប្រធានមន្ទីរបានបញ្ជាក់ថា នេះគឺជាការចូលរួមចំណែកដ៏សំខាន់សម្រាប់វិស័យឧស្សាហកម្មគ្មានផ្សែងក្នុងខេត្តកំពតរបស់យើង៕
សេង ណារិទ្ធ








