(សៀមរាប)៖ ឯកឧត្តម ទៀ សីហា អភិបាលខេត្តសៀមរាប ណែនាំដល់មន្ត្រីរាជការទាំងអស់ ត្រូវបន្តបំពេញនូវភារកិច្ចស្នូលរបស់ខ្លួន និងមានការសាមគ្គីភាពផ្ទៃក្នុងឲ្យបានល្អ នៅក្នុងសំណេះសំណាលជាមួយមន្ត្រីរាជការរដ្ឋបាលសាលាខេត្ត ក្នុងឱកាសចូលឆ្នាំថ្មី នាថ្ងៃទី១០ ខែមេសា ឆ្នាំ២០២៣នេះ។
នៅចំពោះមុខ ឯកឧត្តម អ៊ាន ឃុន ប្រធានក្រុមប្រឹក្សាខេត្ត លោក លោកស្រី សមាជិកក្រុមប្រឹក្សាខេត្ត គណៈអភិបាលខេត្ត មន្ត្រីថ្នាក់ដឹកនាំ បុគ្គលិករាជការ ទីចាត់ការ អង្គភាពទាំង៦ នៃរដ្ឋបាលសាលាខេត្តសៀមរាប និងកម្មករ ឯកឧត្តម ទៀ សីហា បានបន្តថា ទោះបីកម្ពុជាក្នុងរយៈពេលជិត៣ឆ្នាំ បានជួបនូវវិបត្តិជម្ងឺកូវិដ-១៩ ធ្វើឲ្យមានការធ្លាក់ចុះក្នុងវិស័យទេសចរណ៍ ក្រោមការយកចិត្តទុកដាក់ខ្ពស់របស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជា បានធ្វើការចាក់ស្រោចវ៉ាក់សាំងប្រឆាំងជម្ងឺកូវិដ-១៩ ចាប់ពីដូសមូលដ្ឋាន ដល់ដូសបន្តបន្ទាប់ ដោយឥតគិតថ្លៃជូនប្រជាពលរដ្ឋ ដោយមិនប្រកាន់ពូជសាសន៍ ពណ៌សម្បុល និន្នាការនយោបាយអ្វីនោះឡើង បានធ្វើឲ្យជម្ងឺកូវិដ-១៩មានភាពធូស្រាល និងបើកប្រទេសឡើងវិញ។
ឯកឧត្តមបានបន្តទៀតថា ក្រោយពេលមានភាពធូស្រាល ខេត្តទេសចរណ៍វប្បធម៌ ដែលជាខេត្តវប្បធម៌ដ៏សម្បូរបែបទៅដោយប្រាង្គប្រាសាទ និងរមណីយដ្ឋានធម្មជាតិ បានកំពុងក្លាយជាគោលដៅទាក់ទាញភ្ញៀវទេសចរណ៍លើពិភពលោក ចូលមកទស្សនាកម្សាន្តជាបណ្តើរៗឡើងវិញ ក្នុងការស្តារឡើងវិស័យទេសចររបស់ខេត្ត។ ម្យ៉ាងទៀតក្រុងបុរាណប្រវត្តិសាស្ត្រ បានកំពុងកែប្រែនូវមុខមាត់ថ្មីនូវសោភណ្ឌភាពស្រស់ត្រកាល ក្រោយពីទទួលបានអំណោយដ៏ថ្លៃថ្លានូវផ្លូវ៣៨ខ្សែ និងការកែលម្អដងស្ទឹងប្រវត្តិសាស្ត្រ ក្នុងការទទួលស្វាគមន៍ខួប១០ឆ្នាំ នៃព្រឹត្តិការណ៍អង្គរសង្ក្រាន្ត ក្នុងឱកាសដែលប្រជាពលរដ្ឋកម្ពុជាទទួលសាទរទេវតាឆ្នាំថ្មី ឆ្នាំថោះ បញ្ជស័ក ព.ស ២៥៦៧ ដែលគ្រោងនឹងប្រារព្ធឡើង ចាប់ពីថ្ងៃទី១៤ ដល់ថ្ងៃទី១៦ ខែមេសា ឆ្នាំ២០២៣ ខាងមុខនេះ។ ទាំងនេះ គឺអាស្រ័យដោយកិច្ចសហការ និង ការចូលរួមរបស់មន្ត្រីរាជការសាលាខេត្ត ហើយក៏ជាឆ្នាំទី១០ក្នុងការប្រារព្ធថ្នាក់ជាតិ តែអាជ្ញាធរខេត្ត នៅតែបន្តធ្វើជារៀងរាល់ឆ្នាំតទៅទៀតផងដែរ។
ឯកឧត្តមបានលើកទៀតថា នេះជាប្រពៃណីរបស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជា នៅក្នុងរដូវបុណ្យចូលឆ្នាំ ដែលជាទំនៀមទំលាប់ប្រពៃណីជាតិម្តងៗ តែងតែធ្វើការជួបសំណេះសំណាលជាមួយបងប្អូនជាមន្ត្រីចូលនិវត្តន៍ ដែលជារៀបច្បង និងបងប្អូនមន្ត្រីរាជការ កម្មករ រដ្ឋបាលសាលាខេត្តសៀមរាបទាំងអស់ ព្រមទាំងឧបត្ថម្ភនូវថវិកា ដើម្បីឲ្យបងប្អូនយកទៅប្រើប្រាស់តាមសេចក្តីត្រូវការ ក្នុងឱកាសបុណ្យចូលឆ្នាំថ្មី ក្នុងការធ្វើនូវចង្ហាន់យកទៅប្រគេនព្រះសង្ឃ ដើម្បីឧទិ្ទសកុសលផលបុណ្យជូនដល់វិញ្ញាណក្ខ័ន្ត លោកអ្នកមានគុណ ញ្ញាតិកាលប្រាំពីរសណ្តានដែលបានចែកឋាន ទៅតាមរយៈព្រះសង្ឃជាស្រែបុណ្យ និងទទួលទេវតាឆ្នាំថ្មី ព្រមទាំងសូមឲ្យវិញ្ញាណក្ខ័ន្ធ អ្នកទាំងអស់បានទទួល និងជួយរំដោះឲ្យរួចចាកផុតពីទុក្ខទោសទាំងឡាយ ឧបាយភូមិណាមួយឲ្យបានទៅសោយសុខក្នុងសុគតិភពកុំបីឃ្លាងឃ្លាតឡើយ។
ឯកឧត្តម ទៀ សីហា ក៏បានធ្វើការណែនាំ និងផ្តាំផ្ញើដល់មន្ត្រីរាជការ រដ្ឋបាលសាលាខេត្តទាំងអស់ ត្រូវបន្តបំពេញនូវភារកិច្ចស្នូលរបស់ខ្លួន និងមានការសាមគ្គីភាពផ្ទៃក្នុងឲ្យបានល្អ ព្រមទាំងបម្រើនូវសេវាជូនប្រជាជនឲ្យបានទាន់ពេលវេលា និងធ្វើការគ្រប់គ្រង ឲ្យបានល្អចំពោះមន្ត្រីក្រោមឱវាទនៃទីចាត់ការ អង្គភាពទាំង៦ និង មានការទំនាក់ទំនងល្អជាមួយ បណ្តាមន្ទីរ អង្គភាព និង ភ្ញៀវជាតិ អន្តរជាតិ និងក្នុងពេលបើកបរសូមឲ្យប្រើប្រាស់នូវមួកសុវត្ថិភាព និងដាក់ខ្សែក្រវ៉ាត់សុវត្ថិភាពនៅពេលបើកបរ សំខាន់នៅក្នុងឱកាសបុណ្យចូលឆ្នាំថ្មី។ ក្នុងនោះដែរ ឯកឧត្តមអភិបាលខេត្ត ក៏បានធ្វើការប្រគល់ថវិកាឧបត្ថម្ភ ជានិមិត្តរូប ដល់បណ្តាទីចាត់ការទាំង៦ និងតំណាងមន្ត្រីជាប់កិច្ចសន្យា ព្រមទាំងកម្មករផងដែរ។
ក្នុងឱកាសនោះដែរ ឯកឧត្តម អ៊ាន ឃុន បានលើកឡើងថា ឆ្លងតាមរយៈកាលបំពេញការងារដ៏នឿយហត់របស់ថ្នាក់ដឹកនាំ មន្ត្រីរាជការ និងកម្មករ រដ្ឋបាលសាលាខេត្ត អស់រយៈពេល១ឆ្នាំមកនេះ ធ្វើឲ្យទទួលបាននូវលទ្ធផល ជាផ្លែផ្កាជាទីមោទនៈក្រៃលែង។ ឯកឧត្តមបានបន្តថា ក្រោមកិច្ចដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី ក្រោមគោលនយោបាយឈ្នះៗ បានធ្វើឲ្យប្រទេសជាតិទាំងមូលទទួលបានសន្តិភាពពេញលេញ និងធ្វើឲ្យសេដ្ឋកិច្ចប្រទេសជាតិទាំងមូលមានការអភិវឌ្ឍន៍រីកចម្រើនលើគ្រប់វិស័យ៕




