ខេត្តមណ្ឌលគិរី ៖ ជនជាតិយួន៨នាក់ ត្រូវបានបញ្ជូនទៅតុលាការនៅព្រឹកថ្ងៃទី១២ ខែមករា ឆ្នាំ២០១៨នេះ បន្ទាប់ពីកម្លាំងចម្រុះចុះធ្វើការឃាត់ខ្លួនក្នុងករណីកាប់ព្រៃឈើដោយខុសច្បាប់ពីព្រឹកថ្ងៃទី១០ខែមករាឆ្នាំ២០១៨ត្រង់ចំណុចភូមិសាស្ត្រឃុំក្រង់តេះស្រុកពេជ្រាដាក្នុងដែនជម្រកសត្វព្រៃស្រែពក។
ក្នុងសកម្មភាពឃាត់ខ្លួននោះ ព្រះរាជអាជ្ញាររងអមសាលាដំបូងខេត្តមណ្ឌលគិរីបានដឹកនាំកម្លាំងចម្រុះចុះឃាត់ខ្លួនជនជាតិយួនទាំងនោះដោយផ្ទាល់និងបញ្ជូនទៅសាកសួរនៅខណ្ឌរដ្ឋបាលព្រៃឈើមណ្ឌលគិរីអំពីសកម្មភាពកាប់នឹងឈូសឆាយព្រៃឈើដោយខុសច្បាប់នៅក្នុងដែនជម្រកសត្វព្រៃស្រែពកក្នុងភូមិសាស្ត្រឃុំក្រង់តេះ ស្រុកពេជ្រាដា ។
តាមសេចក្តីរាយការណ៏បានឲ្យដឹងថា អស់រយៈពេលជាច្រើនថ្ងៃមកហើយ គេបានឃើញមានក្រុមជនជាតិយួនទាំងនោះប្រើប្រាស់គ្រឿងចក្រធុនធំចំនួនបីគ្រឿងឈូសឆាយដីព្រៃនឹងកាប់រំលំដើមឈើរាប់ពាន់ដើមគរទុកក្នុងព្រៃជិតអូរផ្លាយក្នុងភូមិសាស្ត្រខាងលើ។
ប្រភពអោយដឹងថា ជនជាតិយួនដែលបានធ្វើសកម្មភាពកាប់ផ្តួលដើមឈើរាប់ពាន់ដើមនោះបានប្រើប្រាស់គ្រឿងចក្រដែលមានបិទស្លាករបស់ក្រុមហ៊ុន ដួង ស្រួច គ្រុប(DSG) ។
សមត្ថកិច្ចចុះទៅដល់ទីតាំងនោះក៏បានប្រទះឃើញគំនរឈើធំៗចំនួន៧កន្លែងដែលមានឈើប្រមាណជិតមួយពាន់ដើមដែលគេកាត់គល់កាត់ចុងរាយប៉ាយពេញព្រៃ។
គេសង្ស័យថា ក្រុមហ៊ុន ដួង ស្រួច គ្រុប គឺអ្នកនៅពៅក្រោយខ្នងនិងជួលជនជាតិយួនដើម្បីឲ្យកាប់រំលំដើមឈើក្នុងដែនជម្រកការពារសត្វព្រៃធ្វើឲ្យប៉ះពាល់ផ្នែកបរិស្ថានយ៉ាងធ្ងន់ធ្ងរជាពិសេសបានបំផ្លាញដល់ជម្រកសត្វព្រៃរាប់រយប្រភេទដែលកំពុងអាស្រ័យជីវិតក្នុងព្រៃមួយនេះ ។ គេបន្តថាសកម្មភាពក្រុមហ៊ុនដួងស្រួចដែលបាននឹងកំពុងធ្វើនោះ គឺមិនបានប្រមូលផលអនុផលព្រៃឈើទៅតាមច្បាប់ដែលបានកំណត់នោះទេ គឺប្រើប្រាស់គ្រឿងចក្រធន់ធ្ងន់ឈូសឆាយផ្តួលរំលំដើមឈើតែម្តង។ ព្រោះបើយោងទៅតាមលិខិតរបស់រដ្ឋបាលសាលាខេត្តមណ្ឌលគិរីបានសរសេរក្នុងរបាយការណ៏ក្នុងកិច្ចប្រជុំមួយដែលមានសមាភាពចូលរួមដូចជាតំណាងរដ្ឋបាលសាលាខត្ត មន្ទីរអង្គភាពជំនាញរួមមានមន្ទីរបរិស្ថានខណ្ឌរដ្ឋបាលព្រៃឈើផ្នែករដ្ឋបាលព្រៃឈើសែនមនោរម្យអាជ្ញារស្រុកអាជ្ញារឃុំនឹងតំណាងក្រុមហ៊ុនដួងស្រួចដាក់ជូនគណៈអភិបាលខេត្តមណ្ឌលគិរី ។ មានចំនុចដែលត្រូវអនុវត្តន៏ដូចជា ក្រុមហ៊ុនដួងស្រួចត្រូវអនុវត្តន៏សាកល្បងក្នុងការប្រមូលផលអនុផលព្រៃឈើនៅក្នុងឃុំ ចំនួនពីរគឺឃុំស្រែអំពូមនិងឃុំក្រង់តេះ។ មិនត្រូវឲ្យមានការប៉ះពាល់ជាមួយប្រជាពលរដ្ឋឬធ្វើអោយប៉ះពាល់ដីព្រៃតមព្រៃអារក្សនឹងចំណីអូរ ។ ក្រុមហ៊ុនត្រូវអនុវត្តនតែក្នុងរង្វង់ទីតាំងដែលបានស្នើរសុំធ្វើការសាកល្បង ប្រសិនបើធ្វើក្រៅពីទីតាំងនោះ ក្រុមហ៊ុនត្រូវទទួលខុសត្រូវចំពោះមុខច្បាប់.។
យោងតាមសម្តីរបស់លោក ប៊ុន លី នាយសង្កាត់រដ្ឋបាលព្រៃឈើក្រង់តេះបាននិយាយប្រាប់ក្រុមអ្នកព័ត៌មានថា ក្រុមហ៊ុនដួងស្រួចបានឈូសឆាយដីព្រៃខុសទីតាំងដែលបានកំណត់ក្នុងឯកសារថែមទាំងធ្វើឲ្យមានការប៉ះពាល់ដល់ដីប្រជាពលរដ្ឋដែលមានប្លង់ត្រឹមត្រូវទៀតផង។
លោក ជ័យ សុខា នាយផ្នែករដ្ឋបាលព្រៃឈើសែនមនោរម្យក៏បានបញ្ជាក់ឲ្យដឹងនៅព្រឹកថ្ងៃទី
១១មករា២០១៨ថានៅពេលនេះជនជាតិយួនទាំង៨នាក់ដែលសមត្ថកិច្ចឃុំខ្លួនរង់ចាំក្រុមហ៊ុនយកឯកសារពាក់ព័ន្ឋមកផ្ទៀងផ្ទាត់ ។
លោកនាយផ្នែកបន្តថា ក្រុមហ៊ុនធ្វើខុសបច្ចេកទេសយ៉ាងណានោះត្រូវចាំមើលរបាយការណ៏ដែលខេត្តបានប្រជុំនាពេលកន្លងមក។
លោក កែវ សុភគ៌ ប្រធានមន្ទីរបរិស្ថានខេត្តមណ្ឌលគិរីបានឲ្យដឹងថា ករណីខាងលើនេះ លោកមិនដឹងថា ក្រុមហ៊ុនមានច្បាប់កម្រិតណានោះទេ ។ តែដោយផ្អែកលើជំនាញរបស់លោកត្រូវតែឃាត់ ព្រោះបើតាមលោកដឹងសកម្មភាពក្រុមហ៊ុនខាងលើគឺផ្ទុយពីច្បាប់ច្រើនជាងត្រូវច្បាប់ ។
លោក សុខ សេរ៉ា នាយយករងសាលាខេត្តបានឲ្យដឹងថា «ក្រុមហ៊ុនខាងលើនោះ ពិតជាមានច្បាប់ដីសម្បទានសង្គមកិច្ចពិតប្រាកដមែនតែការឈូសឆាយរបស់ក្រុមហ៊ុនត្រឹមត្រូវតាមទីតាំងរឺមិនត្រឹមត្រូវខ្ញុំមិនដឹងទេតែជនជាតិវៀតណាមមកធ្វើការនោះស្របច្បាប់រឺមិនស្របច្បាប់នោះជារឿងរបស់ក្រុមហ៊ុន» ។
តំណាងក្រុមហ៊ុន ដួង ស្រួច គ្រុប ឈ្មោះ ធី បាននិយាយយ៉ាងខ្លីនៅព្រឹកថ្ងៃទី១១ មករា ២០១៨ ថានៅពេលនេះ គេកំពុងធ្វើការផ្ទៀងផ្ទាត់លើផែនទីថាតើការកាប់ឈួសឆាយនោះ ក្នុងទីតាំងបានកំណត់ឬអត់ ៕







