កំពត ៖ ថ្វីត្បិតច្បាប់ចរាចរណ៍ផ្លូវគោកថ្មី ត្រូវបានជំនាញធ្វើការផ្សព្វផ្សាយនៅទូទាំងប្រទេស ព្រមទាំងត្រូវបានសមត្ថកិច្ចបានអនុវត្តជាប្រចាំទៅហើយក្តី ប៉ុន្តែគេនៅតែសង្កេតឃើញអ្នកដំណើរមួយផ្នែកតូចហាក់ពុំទាន់ប្រតិបតិ្តបានគ្រប់ជ្រុងជ្រោយនៅឡើយ។
ដោយឡែក សម្រាប់ការអនុវត្តច្បាប់ចរាចរណ៍ផ្លូវគោក នៅក្នុងខេត្តកំពត បើទោះជាសមត្ថកិច្ចជំនាញបាននិងកំពុងប្រើធម៌ក្តៅដល់អ្នកដំណើរបែបណាក្តី គេនៅតែសង្កេតឃើញមហាជនមួយចំនួន មិនទាន់យល់អ្វីដែលហៅថាច្បាប់ចរាចរណ៍នៅឡើយ។លើសពីនេះ បើតាមគេដឹងពីចំណុចខ្វះខាតដែលឈានទៅដល់ការផាកពិន័យឬដកហូតយានយន្តបណ្តោះអាសន្ន គឺផ្តើមដោយសារម្ចាស់យានយន្តពុំបានបំពាក់ឧបករណ៍និងសម្ភារៈយានយន្តឲ្យបានគ្រប់គ្រាន់ ដូចជាម៉ូតូគ្មានកញ្ចក់មើលក្រោយ គ្មានស្លាកលេខ ឬអ្នកបើកបរ និងអ្នករួមដំណើរមិនពាក់មួកការពារសុវត្ថិភាព។
ជាមួយនឹងការពង្រឹងច្បាប់ខាងលើ ក្នុងអំឡុងប៉ុន្មានថ្ងៃនេះ គោលដៅរបស់សមត្ថកិច្ចជំនាញក្នុងខេត្តកំពត បានចាប់ផ្តើមប្រើកណ្តាប់ដៃដែក ដើម្បីអនុវត្តច្បាប់គឺឃាត់អ្នកដំណើរប្រភេទម៉ូតូដែលមិនពាក់មួកសុវត្ថិភាព ម៉ូតូគ្មានកញ្ចក់ និងឧបករណ៍ពាក់ព័ន្ធផ្សេងៗដោយដកហូតយកទៅរក្សាទុកជាការព្រមាន ប៉ុន្តែការពង្រឹងច្បាប់នេះមិនតម្រូវឲ្យមានការផាកពិន័យជាប្រាក់ឡើយ។
ចំពោះការពង្រឹងច្បាប់ចរាចរណ៍នេះ សមត្ថកិច្ចខេត្តកំពត បានឲ្យដឹងថា៖ មុននឹងឈានទៅអនុវត្តច្បាប់យ៉ាងតឹងរឹុងដូចខាងលើ សមត្ថកិច្ចក៏បានធ្វើការអប់រំផ្សព្វផ្សាយជាសាធារណៈជាច្រើនលើកផងដែរ ក្នុងគោលបំណងឲ្យមហាជននិងអ្នកដំណើរបានយល់ជ្រួតជ្រាប ប៉ុន្តែទោះបីមានការរឹតបន្តឹងបែបនេះទៅហើយក្តី អ្នកដំណើរមួយផ្នែកតូចហាក់ពុំបានចូលរួមគោរពច្បាប់នេះនៅឡើយទេ ទើបខណៈនេះសមត្ថកិច្ចចាប់ផ្តើមប្រើធម៌ក្តៅដោយគ្មានការយោគយល់តែម្តង។សមត្ថកិច្ចបានបន្តថា ការអនុវត្តច្បាប់លើកនេះមិនតម្រូវឲ្យអ្នកដំណើរផាកពិន័យជាថវិកាទេ តែត្រូវដកហូតយានយន្តយកទៅរក្សាទុកនៅកន្លែងក្នុងរយៈពេលបីថ្ងៃទើបប្រគល់ជូនវិញ ធ្វើបែបនេះដើម្បីឲ្យអ្នកដំណើររាងចាល ហើយចូលរួមគោរពច្បាប់ទាំងអស់គ្នា។
ប៉ូលិសថា៖ ម៉ូតូមានកញ្ចក់មើលក្រោយ និងការពាក់មួកសុវត្ថិភាពនៅពេលបើកបរពិតជាសុវត្ថិភាពមួយជួយធានាអាយុជីវិតរបស់យើងបានគ្រប់ពេល។ការគោរពច្បាប់ចរាចរណ៍មិនត្រឹមតែគេចផុតពីការពិន័យរបស់សមត្ថកិច្ចប៉ុណ្ណោះទេ តែវាជាសុវត្ថិភាពមួយជួយកាត់បន្ថយអាត្រាគ្រោះថ្នាក់បានស្ទើ១០០ភាគរយទៅហើយ។
ដូច្នេះដើម្បីធានាសុវត្ថិភាព ក្នុងពេលបើកបរ គប្បីអ្នកដំណើរដែលប្រើប្រាស់យានយន្តគ្រប់ប្រភេទ សូមចូលរួមគោរពច្បាប់ចរាចរណ៍ទាំងអស់គ្នា។ជាមួយនេះអ្នកដំណើរប្រភេទម៉ូតូសូមកុំបើកបរក្នុងល្បឿនលើសកំណត់ កុំបើកបរក្រោមឥទ្ធិពលជាតិស្រវឹង ហើយម៉ូតូត្រូវដាក់កញ្ចក់មើលក្រោយ មានស្លាកលេខត្រឹមត្រូវ ពិសេសអ្នកបើកបរនិងអ្នករួមដំណើរដាច់ខាតត្រូវតែពាក់មួកសុវត្ថិភាពជាប្រចាំផងដែរ៕ សេង ណារិទ្ធ


