ក្រសួងសង្គមកិច្ច និងអង្គការដៃគូចំនួន៣ ចុះកិច្ចព្រមព្រៀងជាមួយគ្នា ពង្រឹងលើវិស័យពិការភាព និងជួយជនក្រីក្រនៅកម្ពុជា
(ភ្នំពេញ)៖ លោក អៀម គន្ធឌី រដ្ឋលេខាធិការ ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា នាថ្ងៃទី០៦ ខែមេសា ឆ្នាំ២០២៣ បានរៀបចំពិធីចុះហត្ថលេខា លើគម្រោងកម្មវិធីជាមួយអង្គការចំនួន៣ ក្នុងគោលបំណងពង្រឹងលើវិស័យពិការភាព និងជួយជនក្រីក្រនៅកម្ពុជា។ ក្នុងពិធីចុះហត្ថលេខានោះ គ៏បានពិភាក្សា និងផ្តល់យោបល់ជាមួយអង្គការដៃគូ ដែលបានដាក់ពាក្យស្នើសុំកិច្ចព្រមព្រៀង និងពិភាក្សាពិនិត្យឯកសារ ដែលអង្គការបានបំពេញលក្ខខណ្ឌ នៃកិច្ចព្រមព្រៀងផងដែរ។
លោក អៀម គន្ធឌី បានលើកឡើងថា ក្រសួងសង្គមកិច្ច បាននិងកំពុងជំរុញការអនុវត្តកម្មវិធីអត្តសញ្ញាណកម្មពិការភាពឱ្យមានសន្ទុះគួរឱ្យកត់សម្គាល់ ក្នុងនោះ ចំនួនជនមានពិការភាពរហូតដល់ជាង២៥ម៉ឺននាក់ ត្រូវបានកំណត់អត្តសញ្ញាណកម្ម ដោយជនបង្គោល ឃុំ សង្កាត់ និងបានបោះពុម្ពបណ្ណសម្គាល់ជនមានពិការភាពជាង២០ម៉ឺនបណ្ណជូនបងប្អូនជាជនមានពិការភាពរបស់យើង។
លោកបន្ថែមថា តែទោះជាយ៉ាងណាក៏ដោយ ក៏សកម្មភាពនេះនៅតែបន្តរហូតដល់ក្រុមគោលដៅរបស់យើងបានទទួលនូវការកំណត់អត្តសញ្ញាណកម្មបានគ្រប់ៗគ្នា ដើម្បីជាប្រយោជន៍សម្រាប់ជនមានពិការភាពទូទៅ ដោយមិនមានការប្រកាន់និន្នាការនយោបាយ ឬសាសនាអ្វីឡើយ។
លោក អៀម គន្ធឌី បានបន្ថែមទៀតថា បច្ចុប្បន្ន ជនមានពិការភាពមិនត្រូវបានគេរើសអើង និងត្រូវបានយកចិត្តទុកដាក់ពីគ្រប់មជ្ឈដ្ឋាន ប្រកប ដោយសមភាព និងបរិយាបន្ន ក្នុងការរួមចំណែកលើកកម្ពស់គុណភាព សេវាគាំពារសុខុមាលភាពជនមានពិការភាពតាមរយៈការផ្តល់ឱកាសក្នុងការបម្រើការងារនៅតាមស្ថាប័នរដ្ឋ និងក្នុងវិស័យឯកជន។
គួរបញ្ជាក់ថា អង្គការទាំង៣ ដែលក្រសួងសង្គមកិច្ច ចាប់ជាដៃគូ និងចូលរួមសហការ រួមមាន៖
*ទី១៖ អង្គការសមាគមសហប្រតិបត្តិការកម្ពុជា-ជប៉ុន បច្ចុប្បន្នអង្គការនេះ បានចុះកិច្ចព្រមព្រៀងជាមួយក្រសួងសង្គមកិច្ចចំនួន៩លើកហើយ សម្រាប់រយៈពេល៣ឆ្នាំ។ គម្រោងដែលត្រូវដំណើរការជាមួយក្រសួងសង្គមកិច្ច គឺផ្តល់សេវាបណ្តុះបណ្តាលវិជ្ជាជីវៈដល់ជនមានពិការភាព និងជនក្រីក្រ ដោយចំនាយថវិកា ៧៧២ ២០០ដុល្លារ សម្រាប់រយៈពេល៣ឆ្នាំ នៅទូទាំងរាជធានី-ខេត្ត។
*ទី២៖ អង្គការជនពិការអន្តរជាតិ អង្គការនេះចាប់ផ្តើមដំណើរការក្នុងប្រទេសកម្ពុជា នៅឆ្នាំ១៩៨២ បានចុះកិច្ចព្រមព្រៀងជាមួយក្រសួងសង្គមកិច្ច ចំនួន៤លើកហើយ។ គម្រោងដែលត្រូវដំណើរការជាមួយក្រសួងសង្គមកិច្ចនាពេលនេះ គឺគម្រោងស្តារលទ្ធភាពពលកម្ម ជនមានពិការភាព ព្រមទាំងសមាជិកគ្រួសារនឹងទទួលបាននូវអត្ថប្រយោជន៍ពីអង្គការរួមមានការថែទាំសុខុមាលភាព ការស្តារលទ្ធភាពពលកម្មកាយសម្បទា ដើម្បីគាំទ្រពួកគាត់ឲ្យទទួលបានការចូលរួមក្នុងកិច្ចការសង្គម និងមានគុណតម្លៃនៃជីវិតកាន់តែល្អប្រសើរ គម្រោងនេះចំនាយថវិកា ៨៩៨ ៥២០ដុល្លារ សម្រាប់រយៈពេល៣ឆ្នាំ អនុវត្តនៅខេត្តត្បូងឃ្មុំ និងខេត្តកំពង់ចាម។
*ទី៣៖ អង្គការសហជីពឥណទានមូលនិធិ អូស្រ្តាលី អង្គការនេះ ទើបបានចុះកិច្ចព្រមព្រៀងជាមួយក្រសួងសង្គមកិច្ចលើកទី១ សម្រាប់រយៈពេល៣ឆ្នាំ។ គម្រោងដែលត្រូវដំណើរការជាមួយក្រសួងសង្គមកិច្ច គឺសម្រាប់លើកកម្ពស់សហគ្រិនភាព ជនមានពិការភាព និងស្រ្តី គម្រោងនេះចំនាយថវិកាសរុបចំនួន ៣៨៤ ០០០ ដុល្លារអាមេរិក សម្រាប់រយៈពេល០៣ឆ្នាំ អនុវត្តនៅខេត្តត្បូងឃ្មុំ និងខេត្តកំពង់ចាម៕


















