កម្លាំងអាវុធហត្ថខេត្តបន្ទាយមានជ័យ បញ្ជូនជនត្រូវចោទម្នាក់ ទៅតុលាការពាក់ព័ន្ធករណីឆបោក
(បន្ទាយមានជ័យ)៖ នៅវេលាម៉ោង ១០៖៣០នាទីថ្ងៃទី៤ ខែមីនា ឆ្នាំ២០២៣ កម្លាំងការិយាល័យព្រហ្មទណ្ឌ សហការជាមួយកម្លាំងមូលដ្ឋានកងអាវុធហត្ថក្រុងប៉ោយប៉ែត បានចុះអនុវត្តដីកាបង្គាប់ឱ្យនាំខ្លួន របស់ចៅក្រមស៊ើបសួរ សាលាដំបូងខេត្តបន្ទាយមានជ័យ លើជនត្រូវចោទឈ្មោះ ជាង សៀងហៃ អាយុ៣៥ឆ្នាំ រស់នៅភូមិមិត្តភាព សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត រួចបានបញ្ជូនទៅតុលាការ នៅរសៀលថ្ងៃទី៤ ខែមីនា ឆ្នាំ២០២៣នេះ ដើម្បីអនុវត្តតាមនីតិវិធី។
យោងតាមដីកាបង្គាប់ឱ្យនាំខ្លួនរបស់លោក រស់ សាម៉ឺឌី ចៅក្រមស៊ើបសួរសាលាដំបូងខេត្តបន្ទាយមានជ័យ ចុះថ្ងៃទី២៨ ខែមីនា ឆ្នាំ២០២៣ ជនត្រូវចោទត្រូវបានតំណាងអយ្យការសម្រេចធ្វើការចោទប្រកាន់ពីបទ «ឆបោក» ប្រព្រឹត្តនៅភូមិសាមគ្គីមានជ័យ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត កាលពីថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០២០ តាមបញ្ញត្តិមាត្រា ៣៧៧ ផ្ដន្ទាទោសតាមមាត្រា ៣៧៨ នៃក្រមព្រហ្មទណ្ឌ។
ក្រោយចាប់ខ្លួនជនត្រូវចោទ ជាង សៀងហៃ ត្រូវបានបញ្ជូនទៅកាន់សាលាដំបូងខេត្តបន្ទាយមានជ័យ ដើម្បីអនុវត្តតាមនីតិវិធី៕




