កំពត ៖ បុរសម្នាក់បានស្លាប់និងពីរនាក់ទៀតរងរបួសធ្ងន់ស្រាល ដោយសារជួបហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍រវាងរថយន្តខ្នាតយក្សព្រលះជាមួយរថយន្តធុនធំ ក្នុងទិសដៅផ្ទុយគ្នា លើកំណាត់ផ្លូវជាតិលេខ៣ កំពត-ព្រះសីហនុ។
ឧបទ្ទវហេតុនេះបានកើតឡើងត្រង់ចន្លោះគីឡូម៉ែត្រ១៥៩-១៦០ស្ថិតក្នុងភូមិគីឡូ១២ ឃុំកោះតូច ស្រុកទឹកឈូ ខេត្តកំពត កាលពីវេលាម៉ោង២២និង២០នាទីយប់ ថ្ងៃទី០៦ខែមករា ឆ្នាំ២០១៧។
តាមប្រភពពីសមត្ថកិច្ចបានឲ្យដឹងថា៖ ការប៉ះទង្គិចគ្នាយ៉ាងដំណំរវាងរថយន្តខ្នាតយក្សនិងរថយន្តខ្នាតធំនេះ គឺផ្តើមឡើងដោយសារកត្តាមនុស្ស ពោល គឺការបើកបរដោយមិនគោរពច្បាប់និងការបើកបរខ្វះភាពប្រុងប្រយ័ត្ន មិនយោគយល់គ្នា ទើបងាយប្រឈមនឹងហេតុការណ៍គ្រោះថ្នាក់យ៉ាងធ្ងន់ធ្ងរបែបនេះ។សមត្ថកិច្ចបានបញ្ជាក់ផងដែរថា៖ គ្រោះថ្នាក់ចរាចរណ៍បណ្តាលឲ្យមានមនុស្សស្លាប់និងរបួសខាងលើ បង្កឡើងដោយរថយន្តម៉ាកហ៊ីយ៉ាន់ដាយ ពណ៌សពាក់ស្លាកលេខ ព្រះសីហនុ 3A-3947ធ្វើដំណើរមកពីលិចទៅកើត ហើយក៏បានរេចង្កូតទៅបុករថយន្តមួយគ្រឿងទៀតដែលបើកមកពីទិសដៅបញ្ច្រាសគ្នាយ៉ាងពេញទំហឹងបណ្តាលឲ្យភាគីម្ខាងស្លាប់និងរបួស រួចអ្នកបើកបរនោះបាន
ចតរថយន្តចោលនៅលើដងផ្លូវ រួចគេចខ្លួនបាត់ស្រមោលតែម្តង។
ដោយឡែកអ្នកបើកបររថយន្តរងគ្រោះ ម៉ាកហ៊ីយ៉ាន់ដាយពណ៌ស ទ្រុងពណ៌ខៀវ ពាក់ស្លាកលេខ 3C-4710ធ្វើដំណើរពីកើតទៅលិចក្នុងទិសដៅផ្ទុយគ្នា អ្នកបើកបរឈ្មោះ លីន នី ភេទប្រុស អាយុ៣៣ឆ្នាំ ស្នាក់នៅភូមិអូរតូច សង្កាត់អណ្តូងខ្មែរ ក្រុង-ខេត្តកំពត(របួសស្រាល) ចំណែកអ្នករួមដំណើរ ដែលរងបួសធ្ងន់ ឈ្មោះ លន លីម ភេទប្រុស អាយុ២៦ឆ្នាំ រស់នៅភូមិអូរតូច សង្កាត់អណ្តូងខ្មែរ ក្រុងកំពត។ចំពោះអ្នកស្លាប់ក្នុងករណីនេះមានឈ្មោះទិត្យ រដ្ឋា ភេទប្រុស អាយុ៣៥ឆ្នាំ(អ្នករួមដំណើរ) រស់នៅភូមិអន្លង់គគីរ ឃុំកណ្តោល ស្រុកទឹកឈូ ខេត្តកំពត។
ក្រោយពីវាស់វែងមធ្យោបាយធុនធ្ងន់ទាំងពីរគ្រឿង ប៉ូលិសចរាចរណ៍ស្រុកក៏បាននាំយកទៅរក្សាទុកនៅក្នុងអធិការដ្ឋាននគរបាលស្រុកទឹកឈូ សម្រាប់ដោះស្រាយគ្នានៅពេលក្រោយ។ចំណែកអ្នករបួស សមត្ថកិច្ចបានបញ្ជូនទៅសង្គ្រោះនៅឯមន្ទីរពេទ្យស៊ុនយាឃៀល ។ ដោយឡែក សពបុរសរងគ្រោះ ក្រុមគ្រួសារក៏បានមកទទួលយកទៅកាន់លំនៅដ្ឋានដើម្បីចាត់ចែងធ្វើបុណ្យតាមប្រពៃណី៕
សេង ណារិទ្ធ




