កែប ៖ នៅព្រឹកថ្ងៃទី០៧ខែមករា ឆ្នាំ២០១៨នេះ រដ្ឋបាលខេត្តកែប បានប្រារព្ធខួបអនុស្សាវរីយ៍លើកទី៣៩ នៃថ្ងៃមហាជ័យជម្នះ៧មករា ដែលជាទិវាដ៏ប្រវតិ្តសាស្ត្រ ដែលយើងមិនអាចបំភ្លេចបាន។
ពិធីនេះបានប្រព្រឹត្តទៅនៅបរិវេណវិមានឯករាជ្យនៃទឹកដីខេត្តកែប ក្រោមអធិបតីភាព លោកជិន ប៊ុនស៊ាន ទេសរដ្ឋមន្ត្រី ទទួលបន្ទុកបេសកកម្មពិសេស និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាល ចុះជួយខេត្តកែប លោកកែន សត្ថា អភិបាលនៃគណៈ អភិបាលខេត្តកែប អភិបាលរងខេត្តនិង លោក លោកស្រី ប្រធាន អនុប្រធានមន្ទីរអង្គភាពជុំវិញខេត្ត កម្លាំងប្រដាប់អាវុធគ្រប់អង្គភាព លោកគ្រូ អ្នកគ្រូ ក្រុមសម្ពន្ធយុវជនស្រលាញ់សន្តិភាព យុវជន ស ស យ ក មន្ត្រីរាជការ ព្រមទាំងសិស្សានុសិស្សយ៉ាងច្រើនកុះករ។
តាមសន្ទរកថារបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងជាប្រធានគណបក្សប្រជាជនកម្ពុជា ដែលអានដោយ លោកកែន សត្ថា អភិបាលខេត្តកែបបានរំលឹកថា៖ អត្ថន័យជាប្រវតិ្តសាស្ត្រនៃថ្ងៃជ័យជម្នះ ៧មករានិងសមិទ្ធផលដែលកើតចេញពីថ្ងៃ៧មករា ក្នុងរយៈពេល៣៩ឆ្នាំ ដែលបាននាំប្រទេសជាតិឲ្យចេញផុតពីវាលពិឃាត ហើយនាំមកនូវសុខ សន្តិភាព ហើយគ្រប់បណ្តាខេត្ត ក្រុងប្រែក្លាយជាតំបន់ទេសចរណ៍ប្រកបដោយប្រជាប្រិយភាព ។
កម្ពុជាដែលពីមុនធ្លាប់ជាទីកន្លែងប្រើអាវុធដាក់គ្នាក៏បានក្លាយជាប្រទេសមួយដែលគោរពយ៉ាងខ្ជាប់ខ្ជួននូវគោលការណ៍នៃលទ្ធិប្រជាធិបតេយ្យ សេរីពហុបក្ស តាមរយៈការរៀបចំយ៉ាងទៀងទាត់នូវការបោះឆ្នោតដោយសេរី ត្រឹមត្រូវនិងយុត្តិធម៌ ។ ពីកម្ពុជាដែលជាប្រទេសត្រូវទទួលរងការហ៊ុមព័ទ្ធនិងភាពឯកោទាំងខាងសេដ្ឋកិច្ចនិងនយោបាយ បានក្លាយទៅជាប្រទេសមួយដែលកំពុងសមាហរណកម្មខ្លួនយ៉ាងសកម្មទៅក្នុងរចនាសម្ព័ន្ធ និម្មាបនកម្មតំបន់និងពិភពលោក និងកំពុងបំពេញតួនាទីយ៉ាងសកម្មដោយស្មើសិទ្ធិ និងស្មើភាពក្នុងគ្រប់កិច្ចការតំបន់និងនៅលើឆាកអន្តរជាតិ។ពីកម្ពុជាដែលជាប្រទេសអន់ខ្សោយខាងសេដ្ឋកិច្ចនិងក្របដណ្តប់ដោយភាពក្រីក្រ មានអសន្តិសុខស្បៀងបានក្លាយជាប្រទេសនាំស្បៀងចេញ ហើយស្ថិតនៅក្នុងចំណាត់ថ្នាក់នៃប្រទេស ដែលសម្រេចបានកំណើនសេដ្ឋកិច្ចខ្ពស់ប្រកបដោយចីរភាពក្នុងអត្រាមធ្យម៧.៧ភាគរយ ក្នុងមួយឆ្នាំនៃរយៈពេលពីរទសវត្សរ៍ចុងក្រោយនេះ ព្រមទាំងសម្រេចបាននូវវឌ្ឍនភាពយ៉ាងល្អប្រសើរក្នុងការកាត់បន្ថយភាពក្រីក្រ ក៏ដូចជាការកែលម្អសូចនាករសង្គមសំខាន់ៗរាប់ពុំអស់ ។ ទាំងអស់នេះ គឺជាការផ្លាស់ប្តូរដ៏ធំធេងជាប្រវតិ្តសាស្ត្រ ដែលកើតចេញពីការដឹកនាំដ៏ត្រឹមត្រូវខាងនយោបាយ ប្រកបដោយឆន្ទៈប្តូរផ្តាច់ និងការចូលរួមយ៉ាងសកម្មពីសំណាក់ប្រជាជនគ្រប់ៗរូបក្នុងការអនុវត្តនូវសិទ្ធិ និងកាតព្វកិច្ចរបស់ខ្លួនដែលបង្កើតជាកម្លាំងមហាសាមគ្គីដើម្បីកសាង និងការពារមាតុភូមិ ការលះបង់អស់ពីកម្លាំងកាយ-ចិត្ត របស់មន្ត្រីគ្រប់លំដាប់ថ្នាក់ និងកងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ ក្នុងការបម្រើជាតិនិងប្រជាជន ។ ការធ្វើសហប្រតិបតិ្តការរវាងចរន្តនយោបាយ និងពីគ្រប់មជ្ឈដ្ឋានផ្សេងៗទៀត ក្នុងសង្គមដោយឈរលើឧត្តមប្រយោជន៍ជាតិ និងតាមគោលការណ៍នៃលទ្ធិប្រជាធិបតេយ្យសេរីពហុបក្ស ព្រមទាំងការជួយឧបត្ថម្ភដ៏ស្មោះពីសំណាក់បណ្តាប្រទេសជាមិត្តជិតឆ្ងាយនិងសហគមន៍អន្តរជាតិ។
នេះជាកត្តាធំៗនៃជ័យជម្នះ និងជាមេរៀន បទពិសោធន៍ជាប្រវតិ្តសាស្ត្រ ដែលទាំងអស់គ្នាគប្បីយល់ដឹងឲ្យបានច្បាស់និងចងចាំជារៀងរហូតដើម្បីកុំឲ្យប្រវតិ្តសាស្ត្រដ៏ជូរចត់នេះអាចកើតឡើងជាថ្មីវិញបាន នៅលើមាតុភូមិដ៏កំសត់របស់យើង។
ថ្លែងក្នុងអង្គមិទ្ទីងនាពេលនេះ លោកជិន ប៊ុន ស៊ាន បានលើកឡើងថា៖ ក្នុងរយៈពេល៣៩ឆ្នាំនេះ ប្រទេសយើងដោយមានសម្តេច តេជោ ហ៊ុន សែន ជាប្រមុខដឹកនាំ ក៏បានធ្វើឲ្យវឌ្ឍនភាពសង្គម មានភាពរីកចម្រើន។សមិទ្ធផលដែលសម្រេចបានយ៉ាងច្រើនកន្លងមកមិនមែនកើតឡើងដោយឯកឯងនោះទេ គឺបានកើតឡើងដោយសារការខិតខំប្រឹងប្រែងរបស់ថ្នាក់ដឹកនាំនៃគណបក្សប្រជាជនកម្ពុជា ហើយការបន្តចូលរួមថែរក្សាសុខ សន្តិភាព ស្ថិរភាពនយោបាយ ការចូលរួមចំណែកកសាងសង្គមទាំងអស់គ្នា នឹងនាំមកនាវាកម្ពុជាឆ្ពោះទៅរកការអភិវឌ្ឍបន្ថែមទៀត ក្នុងពេលខាងមុខនិងរួមចំណែកលើកកម្ពស់ជីវភាព ក៏ដូចជាជួយកាត់បន្ថយភាពក្រីក្រដល់បងប្អូនប្រជាពលរដ្ឋរបស់យើង។
បន្ទាប់ពីការប្រារព្ធមិទ្ទីងខួបអនុស្សាវរីយ៍ទី៣៩នៃទិវាជ័យជម្នះ៧មករានេះ គណៈអធិបតី ក៏បានចូលរួមបង្ហោះប៉េងប៉ោងជានិមិត្តរូបផងដែរ៕
សេង ណារិទ្ធ








