(ពោធិ៍សាត់)៖ ឯកឧត្តម កែវ រតនៈ រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី អគ្គនាយកអគ្គិសនីកម្ពុជា និងជាប្រធានក្រុមការងារចុះជួយស្រុកក្រគរ និងស្រុកកណ្តៀង បានឲ្យដឹងថា ខេត្តពោធិ៍សាត់ គឺជាខេត្តមួយពិតជាធ្វើដំណើរទៅមុខហើយ ដោយដើរទៅមុខបានឆ្ងាយជាវិជ្ជមាន មិនថារោងចក្រ សហគ្រាស នៅស្រុកក្រគរ គឺបាននិងកំពុងដំណើរការក្លាយទៅជាតំបន់សេដ្ឋកិច្ចយ៉ាងសំខាន់។
ការលើកឡើងបែបនេះរបស់ ឯកឧត្តម កែវ រតនៈ បានធ្វើឡើងនាល្ងាចថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២៣ នៅក្នុងពិធីសំណេះសំណាល ទទួលអាហារសាមគ្គី និងចែកជូនវត្ថុអនុស្សាវរីយ៍ ជូនដល់កងកម្លាំងប្រដាប់អាវុធទាំង៣ ជិត១ពាន់នាក់ ដោយបានការចូលរួមពីអភិបាលរងខេត្ត ថ្នាក់ដឹកនាំ មន្ទីរ អង្គភាព និងរដ្ឋបាលស្រុក ក្រុង នៅបរិវេណស្នាក់ការសាខាកាកបាទក្រហមកម្ពុជា ខេត្តពោធិ៍សាត់។
ត្រង់ចំណុចនេះ ឯកឧត្តម បានបញ្ជាក់ថា នេះដោយសារការខិតខំប្រឹងប្រែង និងយកចិត្តទុកដាក់ពី ឯកឧត្តមផ្ទាល់ ជាពិសេស ឯកឧត្តម ស៊ុយ សែម រដ្ឋមន្ត្រីក្រសួងរ៉ែ និងថាមពល និង ឯកឧត្តមអភិបាលខេត្តបន្តជំនាន់ រួមទាំងកងកម្លាំង ប្រដាប់អាវុធទាំង៣ ឃើញថា១៥ឆ្នាំមុន មិនដូច១៥ឆ្នាំឥឡូវនេះទេ ពិតជាមានការរីកចម្រើនច្រើន គឺអាស្រ័យដោយប្រទេសជាតិមានសុខសន្តិភាព ទើបធ្វើឱ្យខេត្តមួយនេះ បោះជំហ៊ានទៅមុខលើគ្រប់វិស័យ។
ឯកឧត្តម កែវ រតនៈ សូមយកឱកាសនេះ សូមសម្តែងអរគុណចំពោះកងកម្លាំងប្រដាប់អាវុធទាំង៣ប្រភេទ ដែលបានកសាងរក្សាការពារសន្តិសុខ សណ្តាប់ធ្នាប់រហូតមកដល់សព្វថ្ងៃ។ ពិតណាស់ថាបើគ្មានសន្តិសុខ ហើយគ្មានការចូលរួមពីកងកម្លាំងប្រដាប់អាវុធទាំង៣នោះទេ ជាពិសេសសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ដែលជាមេទ័ពកំពូល ទើបថ្ងៃនេះយើងមានអ្វីៗគ្រប់បែបយ៉ាង។
ដោយមើលឃើញកងកម្លាំងវរៈសេនាតូចលេខ១ ចំណុះតំបន់ប្រតិបត្តិការសឹករងពោធិ៍សាត់ ឈរជើងតាមបន្ទាត់ព្រំដែនថ្មដា ស្រុកវាលវែង អង្គភាពកងពលតូចអន្តរាគមន៍លេខ១៤ រួមទាំងអង្គភាពការពារព្រំដែនមួយចំនួនទៀត ដើម្បីភ្ជាប់មេត្រីជាមួយអង្គភាពអគ្គិសនី រហូតមកដល់សព្វថ្ងៃ មានចំនួន៤អង្គភាព ដែលឈរជើងតាមបន្ទាត់ព្រំដែន។ អង្គភាពទាំងនោះ គឺជារៀងរាល់ ៣ទៅ ៤ខែម្តង គឺអង្គភាពអគ្គិសនីកម្ពុជា តែងតែចុះសួរសុខទុក្ខ ដោយនាំយកនូវគ្រឿងឧបភោគ បរិភោគ បានជាប់លាប់ជាប្រពៃណីផ្សារភ្ជាប់រហូតមក។ ទាំងអសនេះយើងមិនត្រូវភ្លេចអំពីវីរៈភាពអង់អាចក្លាហាន របស់កងកម្លាំងប្រដាប់អាវុធ ដែលបានខិតខំរក្សាការពារបូរណភាពទឹកដី ទាំងនោះបានទេ តែទោះជាយ៉ាងណាក៏នៅមានចំណុចខ្វះចន្លោះ តែមិនឱ្យដាច់ស្បៀងនោះឡើយ។
ឯកឧត្តមបានជម្រាបជូនថា វិស័យអគ្គិសនីមកដល់បច្ចុប្បនេះ ឃើញថាភ្លើង២៤ម៉ោង គឺជារឿងធម្មតា ប្រជាពលរដ្ឋចេញពី៤០% ឡើងដល់៩០% នៃខ្នងផ្ទះទូទាំងប្រទេស មានភ្លើងប្រាស់ពីបណ្តាញជាតិដូចគ្នា។ បើគិតជាភូមិ៩៩% ទូទាំងប្រទេស ក្នុងចំណោមភូមិជាង ១៤,០០០ភូមិ មានភ្លើងអគ្គិសនីប្រើប្រាស់។
ឯកឧត្តមថា ក្នុងមួយឆ្នាំៗរាជរដ្ឋាភិបាល និងអគ្គិសនីកម្ពុជា បានចំណាយថវិកាប្រមាណជាង ១២០លានដុល្លារ ដើម្បីឱ្យតម្លៃភ្លើងនៅត្រឹមតែ៣៨០ ដល់៧៣០រៀល ក្នុងមួយគីឡូវ៉ាត់ គឺជាការរួមចំណែកជួយដល់ប្រជាពលរដ្ឋ។ ទន្ទឹមនឹងការរីកចម្រើនលើគ្រប់វិស័យក៏ពិតមែន តែមិនទាន់ឆ្លើយតបបានទាំងស្រុងនោះទេ គឺបន្តការកែទម្រង់បន្ថែមច្រើនមុខទៀតទាំងមន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ ក្នុងគោលបំណងលុបបំបាត់ នូវអំពើរពុករលួយ និងជម្រុញឱ្យយុវជន យុវនារី ទទួលការងារនៅតាមមន្ទីរ អង្គភាព និងស្ថាបនកម្លាំងប្រដាប់អាវុធ។
ឯកឧត្តមបានបញ្ជាក់ថា សម្រាប់ឆ្នាំខាងមុខ ប្រមុខរាជរដ្ឋាភិបាលបានទម្លាក់កញ្ចប់ថវិកាយ៉ាងច្រើនដល់មន្ទីរអភិវឌ្ឍន៍ជនបទ គ្រប់រាជធានី ខេត្ត សម្រាប់កសាងនូវហេដ្ឋារចនាសម្ព័ន្ធនៅក្នុងមូលដ្ឋាន ដែលជាតម្រូវការចាំបាច់ របស់ប្រជាពលរដ្ឋនៅក្នុងមូលដ្ឋាន។ នៅចំពោះមុខនេះ សូមឱ្យកងកម្លាំងប្រដាប់អាវុធទាំង៣ គប្បីមានការយោគយល់នូវរាល់កង្វះខាត ព្រោះថាការដោះស្រាយមិនល្អឥតខ្ចោះនោះទេ តែងតែនៅខ្វះចន្លោះហើយ។
នៅក្នុងខណៈនោះ ឯកឧត្តមក៏បានប្រគល់វត្ថុអនុស្សារីយ៍ ជូនដល់កងកម្លាំងប្រដាប់អាវុធ ជិត១ពាន់នាក់ ក្នុងម្នាក់ៗទទួលបាន អង្ករ មី ទឹកត្រី ទឹកស៊ីអ៉ីវ និងថវិកា១០ម៉ឺនរៀល ព្រមទាំងទទួលទានអាហារសាមគ្គីមួយពេល ប្រកបដោយបរិយាកាសរីករាយផងដែរ៕




