ភ្នំពេញ៖ ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត បានថ្លែងថា រាជរដ្ឋាភិបាលខិតខំប្រឹងប្រែងបណ្តុះបណ្តាលជំនាញស្រប ទៅតាមតម្រូវការទីផ្សារការងារ និងខិតខំពង្រីកនូវឱកាសការងារកាន់តែច្រើនលើគ្រប់វិស័យ ដែលអាចធ្វើទៅបានជូនប្រជាពលរដ្ឋ។
ការថ្លែងរបស់ឯកឧត្តមបណ្ឌិតបែបនេះ ធ្វើឡើងក្នុងឱកាសអញ្ជើញពិធីសម្ពោធអគារតេជោសែន វិទ្យាសាស្ត្រ និងបច្ចេកវិទ្យាជាន់ខ្ពស់ និងពិធីប្រគល់សញ្ញាបត្រជូននិស្សិត នៃវិទ្យាស្ថានជាតិពហុបច្ចេកទេសកម្ពុជា នៅព្រឹកថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២៣នេះ។
ឯកឧត្តមបណ្ឌិតថ្លែងថា «រដ្ឋាភិបាលមានភារកិច្ចក្នុងការពង្រីកឱកាសការងារឱ្យបានច្រើនលើគ្រប់វិស័យតាមលទ្ធភាពដែលអាចធ្វើទៅបាន ហើយផ្តល់ជូនពលរដ្ឋគ្រប់រូបនូវសិទ្ធិស្របច្បាប់ និងឱកាសក្នុងការជ្រើសរើសជំនាញ និង មុខវិជ្ជារៀនសូត្រទាំងក្នុងសាលា និងផ្ទាល់ខ្លួន ព្រមទាំងធានាសិទ្ធិ ក្នុងការប្រកបរបរតាមចំណង់ចំណូលចិត្តរបស់ខ្លួន។ ប្រជាពលរដ្ឋមានសិទ្ធិជ្រើសរើសនូវមុខវិជ្ជា និងជំនាញដែលខ្លួនស្រលាញ់ពេញចិត្ត ដើម្បីធ្វើការរៀនសូត្រ ដោយពុំបារម្ភអំពីទីផ្សារការងារ ឬ អាចប្តូរជំនាញ ឱ្យស្របតាមតម្រូវការនៃទីផ្សារការងារដែលមានស្រាប់ ឬខិតខំបង្កើតឱកាសទីផ្សារថ្មីសម្រាប់ជំនាញ និង ផលិតផលដែលគាត់បង្កើតបាន។ ក្នុងន័យនេះ រាជរដ្ឋាភិបាល នឹងបន្តបើកចំហសិទ្ធិក្នុងការប្រកបរបររបស់ប្រជាពលរដ្ឋ ព្រមជាមួយគ្នាធ្វើការប្រឹងប្រែងយកអស់គ្រប់លទ្ធភាពក្នុងការបង្កើតឱកាសការងារបន្ថែមទៀត ជូនប្រជាពលរដ្ឋរបស់ខ្លួនផងដែរ»។
ឯកឧត្តមបន្តទៀតថា ក្នុងបរិបទនៃសាកលភាវូបនីយកម្ម ដើម្បីកម្ពុជាអាចរក្សាបាននូវភាពម្ចាស់ការ និង ការប្រកួតប្រជែងលើទីផ្សាអន្តរជាតិ យើងទាមទារចាំបាច់នូវការធ្វើទំនើបនីយកម្មលើគ្រប់វិស័យ ក្នុងនេះ វិស័យអប់រំ និងបណ្តុះបណ្តាល ជាវិស័យអាទិភាពចម្បង ដើម្បីធានាបាននូវការផលិតមូលធនមនុស្សកម្ពុជាដែលប្រកបដោយសមត្ថភាព, ចំណេះដឹង និងក្រមសីសធម៌ខ្ពស់ ។
ជាមួយគ្នានេះ ឯកឧត្តមលើកឡើងថា ការធ្វើទំនើបនីយកម្មលើវិស័យអប់រំ និងបណ្តុះបណ្តាល ទាំងលើជំនាញរឹង និងជំនាញទន់ ត្រូវបោះជំហានពីសាលារៀនដែលជាថ្នាលបណ្តុះបណ្តាលដ៏សំខាន់ ហើយត្រូវផ្តោតចម្បងលើកម្មវិធីសិក្សា, សាស្ត្រាចារ្យ, លោកគ្រូ, អ្នកគ្រូ និង ឧបករណ៍ សម្ភារនានា ។ លើសពីនេះ ក៏ត្រូវផ្តោតលើការស្រាវជ្រាវ និងអភិវឌ្ឍដើម្បីធានានូវទំនើបនីយកម្ម និងភាពសម្បូណ៌បែប សំដៅលើកកម្ពស់នូវនវានុវត្តន៍លើគ្រប់វិស័យ។
ក្នុងឱកាសនោះដែរ ឯកឧត្តមបណ្ឌិតក៏សូមគោរពថ្លែងអំណរគុណដ៏ជ្រាលជ្រៅដល់ សម្តេចតេជោនាយករដ្ឋមន្ត្រី ចំពោះការជួយជ្រោមជ្រែង ប្រកបដោយចក្ខុវិស័យវែងឆ្ងាយ និងការពង្រីកការបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ ដើម្បីគាំទ្រដល់ការអភិវឌ្ឍសង្គម-សេដ្ឋកិច្ច និង ធនធានមនុស្សកម្ពុជាឱ្យកាន់តែប្រសើរទ្បើងថែមទៀត៕




