បទល្មើសព្រហ្មទណ្ឌឆ្នាំ២០២២នៅខេត្តស្វាយរៀង កើនឡើង២៧លើក បើប្រៀបធៀបទៅនឹងឆ្នាំ២០២១
(ស្វាយរៀង)៖ យោងតាមរបាយការណ៍នៅក្នុងពិធីបើកសន្និបាតបូកសរុបលទ្ធផលការងារប្រចាំឆ្នាំ ២០២២ និងទិសដៅការងារឆ្នាំ ២០២៣ របស់រដ្ឋបាលខេត្តស្វាយរៀង នាព្រឹកថ្ងៃទី២៣ខែមីនាឆ្នាំ២០២៣បានឲ្យដឹងថា បទល្មើសព្រហ្មទណ្ឌ នៅខេត្តស្វាយរៀងកើតឡើងនៅក្នុងឆ្នាំ២០២២ មានចំនួន ៦១លើក បើប្រៀបធៀបនឹងឆ្នាំ២០២១ មាន៣៤លើក កើនឡើងចំនួន២៧លើក។
តាមរបាយការណ៍បានបញ្ជាក់ថា បទល្មើសឧក្រិដ្ឋ ៩លើក រួមមាន លួចមានស្ថានទម្ងន់ទោស១លើក ឃាតកម្ម ៤លើក បង្ខាំងមនុស្សខុសច្បាប់២លើក និងរំលោភសេពសន្ថវៈ ២លើក និងបទល្មើសមជ្ឈិម ៥២លើក បណ្តាលឱ្យមនុស្សស្លាប់ចំនួន ៦នាក់ រងរបួស ២២នាក់ រងគ្រោះ ៣៥នាក់ បាត់បង់ម៉ូតូ ១២គ្រឿង និងបាត់បង់សម្ភារៈប្រើប្រាស់មួយចំនួន ។ សមត្ថកិច្ចធ្វើការបង្រ្កាបបានចំនួន ៥៨/៦១លើក ស្មើនឹង ៩៥% ឃាត់ខ្លួនជនសង្ស័យ ៨៥នាក់ ស្រី ៩នាក់។
ជាមួយគ្នានេះ លោកម៉ែន វិបុល អភិបាលខេត្តស្វាយរៀងបានដាក់ទិសដៅបានណែនាំដល់ អាជ្ញាធរពាក់ពន្ធ័ទាំងអស់ត្រូវបន្តថែរក្សាការពារនូវស្ថិរភាពនយោបាយ សន្តិសុខ សណ្ដាប់ធ្នាប់សាធារណៈ និងរបៀបរៀបរយសង្គម ការបង្ការ ទប់ស្កាត់ និងបង្រ្កាបបទល្មើសនានាឲ្យបានជាអតិបរមា តាមរយៈការជំរុញ និងលើកកម្ពស់ការអនុវត្តគោលនយោបាយភូមិ ឃុំ សង្កាត់មានសុវត្ថិភាព ។
លោកអភិបាលខេត្តបានបញ្ជាក់ថា អាជ្ញាធរ កងកម្លាំងគ្រប់លំដាប់ថ្នាក់ ត្រូវរួមគ្នាការពារនូវសន្តិភាព ពង្រឹងនូវគុណតម្លៃនៃសន្តិភាព និងរួមគ្នាប្រឆាំងឲ្យបានដាច់ខាតទប់ស្កាត់ការប៉ុនប៉ងទាំងឡាយណា ដែលមានបំណងបំផ្លាញនូវសន្តិភាព ជាពិសេសគម្រោងគាំទ្រនានាដែលនាំទៅដល់ការធ្វើបដិវត្តន៍តាមគ្រប់រូបភាព ។
លោកអភិបាលខេត្តក៏បានជំរុញដល់មន្ត្រីពាក់ព័ន្ធទាំងអស់ត្រូវបន្តខិតខំយកចិត្តទុកដាក់ផ្ដល់សេវារដ្ឋបាលជូនប្រជាពលរដ្ឋ ឲ្យបានទាន់ពេលវេលា ប្រកបដោយគុណភាព ប្រសិទ្ធភាព និងប្រសិទ្ធផល ជាពិសេសការផ្ដល់សេវាតាមយន្តការច្រកចេញចូលតែមួយខេត្ត ក្រុង ស្រុក និងឃុំ សង្កាត់ និងត្រូវប្រើប្រាស់ថវិការបស់ខ្លួន ឲ្យបានចំទិសដៅ ឆ្លើយតបទៅនឹងតម្រូវការពិតប្រាកដជាក់ស្ដែងរបស់ប្រជាពលរដ្ឋ នៅមូលដ្ឋាន ប្រកបដោយប្រសិទ្ធភាពបំផុត។
សូមបញ្ជាក់ថា នៅក្នុងកម្មវិធីបើកសន្និបាតបូកសរុបលទ្ធផលការងាររបស់រដ្ឋបាលខេត្តនេះ មានការចូលរួមពីលោកប្រធានក្រុមប្រឹក្សាក្សាខេត្ត លោក លោកស្រីជាអភិបាលរងខេត្ត អភិបាលក្រុង ស្រុកទាំង៨ កងកម្លាំងប្រដាប់អាវុធទាំង៣ប្រភេទ លោកមេឃុំ ចៅសង្កាត់ ស្មៀន ប៉ុស្តិ៍រដ្ឋបាលប្រមាណជិត៥០០នាក់ផងដែរ៕នុតសាប៑ុន




