ក្រុមគ្រូពេទ្យ នៃស្នងការដ្ឋាននគរបាលខេត្ត បន្តចុះត្រួតពិនិត្យសុខភាពដល់កម្លាំងនគរបាលវរសេនាតូចការពារព្រំដែនគោកលេខ៩១១ និងអធិការដ្ឋាននគរបាលក្រុងប៉ោយប៉ែត
ខេត្តបន្ទាយមានជ័យ៖ដោយអនុវត្តន៍តាមការណែនាំ និង បទបញ្ចារបស់លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការនគរបាលខេត្តបន្ទាយមានជ័យ នៅថ្ងៃទី១៤ ខែមីនា ឆ្នាំ២០២៣នេះ ក្រុមការងារគ្រូពេទ្យនៃការិយាល័យសុខាភិបាល ដែលដឹកនាំដោយលោកស្រី វរសេនីយ៍ទោ សែ សុវ៉ារី នាយការិយាល័យ សុខាភិបាល បានបន្តដឹកនាំក្រុមការងារសុខាភិបាល ចុះពិនិត្យ និងព្យាបាលជម្ងឺដល់កម្លាំងនគរបាល វរសេនាតូចការពារព្រំដែនគោកលេខ៩១១ និងអធិការដ្ឋាននគរបាលក្រុងប៉ោយប៉ែត ។
ពិធីនេះធ្វើឡើង ក្នុងគោលបំណងដើម្បីធានានូវ សុខភាពកងកម្លាំងនគរបាលជាតិអោយបានរឹងមាំ ក្នុងការបំរើការងារប្រចាំថ្ងៃ ដែលកំពុងកំពុងប្រចាំការគ្រប់គោលដៅ គ្រប់កងឯកភាពនិងគ្រប់ផ្នែកពាក់ព័ន្ធ។
លោកស្រី វរសេនីយ៍ទោ សែ សុវ៉ារី នាយការិយាល័យសុខាភិបាល បានឲ្យដឹងថា បេសកកម្មនេះ ក្រុមការងារគ្រូពេទ្យនគរបាល ត្រូវបានបែងចែកជា០២ក្រុម និងប្រើប្រាស់ពេលចំនួន០១សប្តាហ៍ទើបរួចរាល់។ ជាក់ស្តែងនៅថ្ងៃទី ១៤ ខែមីនា នេះ ក្រុមទាំង២នេះ ដឹកនាំដោយលោកស្រី និង ចែកវេនព្រឹកនៅ វរសេនាតូចការពារព្រំដែនគោកលេខ៩១១ និងរសៀលនៅអធិការដ្ឋាននគរបាលក្រុងប៉ោយប៉ែត ។
ឆ្លៀតក្នុងឱកាសនោះ លោកឧត្តមសេនីយ៍ទោ ស្នងការ ក៏បានផ្តាំផ្ញើរដល់កងកម្លាំងទាំងអស់ត្រូវ បន្តយកចិត្តទុកដាក់ចំពោះសុខភាពឲ្យបានល្អ ព្រោះសុខភាពសំខាន់ កន្លែងស្អាត រស់នៅស្អាត នាំមកនូវសុខភាពល្អជាពិសេស កន្លែងស្អាតធ្វើឱ្យបងប្អូនប្រជាពលរដ្ឋដែលមកទទួលសេវាសាធារណះ ទទួលបានភាពកកក្តៅ មានភាពរីករាយសប្បាយចិត្ត និងមានទំនប់ចិត្តលើកិច្ចការងាររដ្ឋបាល ជាពិសេសលើការរៀបចំ អនាម័យសុខភាពជាដើម របស់នគរបាលយើង ៕




