អភិបាលក្រុងបាវិត៖ កត្តាសន្តិភាព ធ្វើឲ្យប្រទេសកម្ពុជាមានការរីកចម្រើនលើគ្រប់វិស័យទាំងវិស័យពុទ្ធចក្រ និងអាណាចក្រ
ស្វាយរៀង៖ លោក លឹម សៀងហេង អភិបាលក្រុងបាវិតនៅព្រឹកថ្ងៃទី ១១ ខែ មីនា ឆ្នាំ ២០២៣ នេះបានចូលរួមសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការនៅក្លោងទ្វាររបងវត្តរួមនិងសមិទ្ធផលនានាស្ថិតក្នុងវត្តពោធិ៍ថ្មី ហៅវត្តបាវិតស្ថិតក្នុងភូមិច្រកលាវ សង្កាត់បាវិត ក្រុងបាវិត ខេត្តស្វាយរៀងដែលចំណាយការសាងសង់អស់ប្រមាណជិត ២០ ម៉ឺនដុល្លារ។
ព្រះតេជគុណ សេក ផានិត ចៅអធិការវត្តពោធិ៍ថ្មីហៅវត្តបាវិតបានមានសង្ឃដីកាឲ្យដឹងថា សមិទ្ធផលនានារួមមានក្លោងទ្វារចំនួន ៣ របងវត្តរួមនិងស្ដូបតម្កល់ព្រះពុទ្ធរូបដែលបានធ្វើពិធីសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការនាពេលនេះគឺបានចាប់ផ្ដើមកសាងចាប់ពីឆ្នាំ ២០២០ រហូតមកដល់ចុងឆ្នាំ ២០២២ទើបរួចរាល់ហើយជាស្ថាពរសរុបថវិកាសាងសង់ប្រមាណជិត ២០ម៉ឺនដុល្លារសហរដ្ឋអាមេរិកដោយបានការចូលរួមឧបត្ថម្ភគាំទ្រពីសំណាក់ពុទ្ធបរិស័ទជិតឆ្ងាយទាំងក្នុងប្រទេសនិងក្រៅប្រទេស។
ព្រះចៅអធិការក៏សូមថ្លែងអំណរគុណចំពោះសប្បុរសជននានាទាំងអស់ដែលបានជួយឧបត្ថម្ភទាំងសម្ភារៈនិងបច្ច័យដើម្បីកសាងនូវសមិទ្ធផលនានាជាច្រើនដើម្បីទុកជាគរុភណ្ឌរបស់វត្តសម្រាប់ពុទ្ធបរិស័ទគោរពបូជាទៅថ្ងៃក្រោយតាមបែបកន្លងព្រះពុទ្ធសាសនាដែលជាសាសនារបស់រដ្ឋត្រូវបានប្រជាពលរដ្ឋភាគច្រើនគោរពបូជាប្រតិបត្តិតាំងពីដើមរៀងរហូតមកដល់ពេលបច្ចុប្បន្ន។
លោក លឹម សៀងហេងបានថ្លែងថា សមិទ្ធផលទាំងអស់នេះគឺកើតចេញពីព្រះគំនិតផ្ដួចផ្ដើមរបស់ព្រះតេជគុណចៅអធិការវត្ត លោកតាអាចារ្យគណ:កម្មាវត្ត ពុទ្ធបរិស័ទជាច្រើននាក់ទៀតដែលបានគៀងគរសប្បុរសជននានាជិតឆ្ងាយទាំងក្នុងនិងក្រៅប្រទេសដើម្បីជួយកសាងឱ្យលេចចេញជាផ្លែផ្កានៅសមិទ្ធផលផ្សេងៗជាច្រើនសម្រាប់តម្កល់ទុកនៅទីវត្តអារាមដើម្បីឲ្យពុទ្ធបរិស័ទបានធ្វើបុណ្យទាននិងរក្សាសីលតាមប្រពៃណីព្រះពុទ្ធសាសនា។
លោកបានបន្តថា ជាក់ស្តែងនៅថ្ងៃនេះយើងទាំងអស់គ្នាបានធ្វើបុណ្យរួមហើយក៏បានចូលរួមនៅក្នុងពិធីសម្ពោធដាក់ប្រើប្រាស់ជាផ្លូវការរួមគឺដើម្បីទុកជាគុណប្រយោជន៍ដល់ពុទ្ធបរិស័ទទាំងអស់គ្នាទៅថ្ងៃក្រោយ។
លោកអភិបាលក្រុងបានមានថ្លែងសង្កត់ធ្ងន់ថា យើងមានអ្វីៗដូចសព្វថ្ងៃនេះក៏ដោយសារតែប្រទេសជាតិមានសុខសន្តិភាពពេញលេញ ហេតុដូច្នេះហើយយើងទាំងអស់គ្នា ត្រូវចូលរួមរក្សាការពារនៅសុខសន្តិភាពដូចសព្វថ្ងៃនេះឲ្យបានយូរអង្វែង ហើយយើងទាំងអស់គ្នាត្រូវបន្តគាំទ្ររាជរដ្ឋាភិបាលកម្ពុជាដែលមានសម្ដេចតេជោជានាយករដ្ឋមន្ត្រីនិងបន្តគាំទ្រ លោក ហ៊ុន ម៉ាណែត ជាបេក្ខភាពនាយករដ្ឋមន្ត្រីទៅថ្ងៃខាងមុខដើម្បីអភិវឌ្ឍន៍ប្រទេសឲ្យមានការរីកចម្រើនបន្ថែមទៀត៕




