រដ្ឋបាលខេត្តកំពត រៀបចំពិធីប្រកាសជាផ្លូវការ ទីក្រុងកំពត ជាទីក្រុងទេសចរណ៍គ្មានផ្សែងបារី
(ខេត្តកំពត)៖ កាលពីព្រឹកថ្ងៃទី១០ ខែមីនា ឆ្នាំ២០២៣ រដ្ឋបាលខេត្តកំពត សហការជាមួយក្រសួងទេសចរណ៍ បានរៀបចំពិធីប្រកាសជាផ្លូវការ ទីក្រុងកំពត ជាទីក្រុងទេសចរណ៍គ្មានផ្សែងបារី ក្រោមអធិបតីភាព ឯកឧត្តម ហោ សារុន រដ្ឋលេខាធិការក្រសួងទេសចរណ៍ ឯកឧត្តម បណ្ឌិត ម៉ៅ ធនិន អភិបាលខេត្តកំពត និងឯកឧត្តម ញ៉ូវ សាឯម ប្រធានក្រុមប្រឹក្សាខេត្ត ព្រមទាំងតំណាងអង្គការសុខភាពពិភពលោក តំណាងសហព័ន្ធត្រួតពិនិត្យថ្នាំជក់អាស៊ីអាគ្នេយ៍ នៅសាលសន្និសីទបូកគោ នៃសាលាខេត្តកំពត។
សូមជម្រាបថា ជ័យលាភីដែលខេត្តកំពតទទួលបាន រួមមាន៖ ១-ក្រុងទេសចរណ៍គ្មានផ្សែងបារីទី១ នៅកម្ពុជា របស់សហព័ន្ធត្រួតពិនិត្យថ្នាំជក់អាស៊ីអាគ្នេយ៍, ២-ពានជ័យលាភីទីក្រុងទេសចរណ៍គ្មានផ្សែងបារី របស់ក្រសួងទេសចរណ៍, ៣-វិញ្ញាបនបត្រទទួលស្គាល់ ក្រុងកំពត ជាទីក្រុងទេសចរណ៍គ្មានផ្សែងបារី របស់ក្រសួងទេចរណ៍។
បន្ទាប់ពីពិធីប្រកាសជាផ្លូវការ ទីក្រុងកំពត ជាក្រុងទេសចរណ៍គ្មានផ្សែងបារីរួចមក គណៈអធិបតី និងសមាជិក សមាជិកាទាំងអស់ ព្រមទាំងថ្នាក់ដឹកនាំមន្ទីរ ស្ថាប័នជុំវិញខេត្ត កងកម្លាំងទាំងបី អាជ្ញាធរដែនដី គ្រប់លំដាប់ថ្នាក់ កម្លាំងសហភាពសហព័ន្ធយុវជនកម្ពុជាខេត្តកំពត សម្ពន្ធយុវជនស្រលាញ់សន្តិភាព សិស្ស និស្សិត បានចូលរួមដង្ហែពានទីក្រុងស្អាតរំដួល៣ទង ឆ្នាំ២០២២-២០២៤ ដោយបានដង្ហែពីសាលាខេត្តឆ្ពោះទៅរង្វង់មូលទុរេន នៃក្រុងកំពត។
សូមបញ្ជាក់ផងដែរថា ខេត្តកំពតទទួលបានជ័យលាភី រំដួល៣ទង ក្នុងទិវាជាតិទីក្រុងស្អាត លើកទី១១ ឆ្នាំ២០២៣ ក្រោមប្រធានបទ”ទីក្រុងស្អាត បដិសណ្ឋារកិច្ចល្អម្ចាស់ផ្ទះកម្ពុជាផ្តល់ភាពកក់ក្តៅ” និងពិធីប្រកាសជ័យលាភីទីក្រុងស្អាតលើកទី៣ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា កាលពីថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០២៣ នៅឯសណ្ឋាគារ សុខាភ្នំពេញ៕ សេង ណារិទ្ធ




