ខេត្តបាត់ដំបង ៖ កាលពីថ្ងៃទី ២០ ធ្ន្ ឆ្នាំ ២០១៧ អគារសិក្សាមួយខ្នង ជាអំណោយរបស់អង្គការ មូលនិធិអប់រំផ្ការចារ ត្រូវបានសម្ពោធដាក់ឲ្យប្រើប្រាស់ ក្រោមអធិបតីភាព ឯកឧត្ដម អ៊ឹង វីរះជាតិ រដ្ឋលេខាធិការ ទីស្ដីការគណៈរដ្ឋមន្ដ្រី និងជាអនុប្រធានក្រុមការងារថ្នាក់ជាតិចុះជូយស្រុកឯកភ្នំបានអញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ ។
អគារសិក្សានេះ មាន ៥ បន្ទប់ ជាអំណោយរបស់ អង្គការមូលនិធិអប់រំផ្ការចារ និង សប្បុរសជនអាមេរិក សាងសង់ នៅបរិវេណសាលាបឋមសិក្សាព្រែកស្នោ នៅភូមិព្រែកស្នោ ឃុំព្រែកខ្ពប ស្រុកឯកភ្នំ ខេត្តបាត់ដំបង ។
លោកស្រី ចិន្ដា ឈឺ នាយិការអង្គការមូលនិធិអប់រំផ្កាចារ និងលោក រ៉ាស់ ថេបលីន (Mr RUSS TAPLIN) សប្បុរសជនជាតិអាមេរិក បានមានមតិសំណេះសំណាលយ៉ាងស្និទ្ធស្នាល ជាមួយ ក្រុមប្រឹក្សាស្រុក អភិបាលរងស្រុក អធិការរងស្រុក និងមេបញ្ជាការផ្នែកសឹករងស្រុក មេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថស្រុក ប្រធានអនុប្រធាន ការិយាល័យ មន្ដ្រីរាជការជុំវិញស្រុក មេឃុំ មេភូមិ លោកនាយកសាលា លោកគ្រូ អ្នកគ្រូ សិស្សានុសិស្សចូលរួមចំនួន ៣០០នាក់ និងប្រជាពលរដ្ឋប្រហែល ៥០០ នាក់ ព្រមទាំងភ្ញៀវកិត្តិយសជាតិ និងអន្ដរជាតិ ។
អគារសិក្សាថ្មីនេះ នឹងត្រូវបានសិស្សានុសិស្សទាំងអស់ នៅក្នុងមូលដ្ឋាននេះបានរៀនសូត្រ និង ទទួលបានចំណេះ ដឹងល្អ សម្រាប់អនាគតរបស់ពួកគេ ហើយសង្ឃឹមថា ប្អូនៗសិស្សានុសិស្ស នឹងខិតខំប្រឹងប្រែងរៀនសូត្រ ពីព្រោះពួកគេ គឺជាទំពាំងស្នងប្ញស្សី និងជា សសរទ្រូង ប្រទេសជាតិ ៕







