ចាប់ជនសង្ស័យបានហើយ ករណីឃាតកម្ម មេខ្យល់ជនជាតិថៃគឺជាឃាតកដៃដល់ ប្លន់សម្លាប់ស្ត្រី ពលករខ្មែរម្នាក់ នៅព្រំដែននាស្រុកអូរជ្រៅទល់មុខជាប់នឹង ស្រុកគោកធ្យូង ខេត្តស្រះកែវ ប្រទេសថៃ
ខេត្ដបន្ទាយមានជ័យ៖សមត្ថកិច្ចនគរបាលផែនការងារព្រំដែន នគរបាលការពារព្រំដែនគោក វរសេនាតូចលេខ៩១១ ការិយាល័យព្រហ្មទ័ណ្ឌម្រឹតធ្ងន់ នគរបាលស្រុកអូរជ្រៅ នៃស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យសហការនឹងនគរបាលការពារព្រំដែន នគរបាលដែនដីភាគីថៃនៅស្រុកគោកធ្យូងខេត្តស្រះកែវ កាលពីថ្ងៃទី០៥ខែមីនាឆ្នាំ២០២៣ បានឃាត់ជនសង្ស័យដៃដល់ម្នាក់ដែលបានប្លន់ សម្លាប់ស្ត្រីពលករខ្មែរម្នាក់ នៅច្រករបៀងនៃព្រំដែន កម្ពុជា ថៃ។
ឃាតកគឺជាមេខ្យល់នាំពលករឆ្លងដែនខុសច្បាប់ ។
នេះបើតាមលោកឧត្តមសេនីយ៍ទោសិទ្ធិ ឡោះ ស្នងការនគរបាលខេត្តបន្ទាយមានជ័យ ប្រាប់អង្គភាពយើង កាលពីល្ងាចថ្ងៃទី០៥ខែមីនាឆ្នាំ២០២៣ ។
លោកបន្តថា ដោយមានជំនាញប៉ិនប្រសប់និងមានកិច្ចសហប្រតបត្តិល្អ ទើបកងកម្លាំងកម្ពុជានិងថៃ ព្រមទាំងអ្នកសហការពាក់ព័ន្ធ ទើបការដ្រាវជ្រាវឈានដល់ចាប់ខ្លួនជនសង្ស័យដៃដល់បាន ” ។
ចំណែកលោកឧត្តមសេនីយ៍ត្រីអ៊ុំ សុផល ស្នងការរងទទួលផែនការងារព្រំដែនខេត្តបន្ទាយមានជ័យ ប្រាប់អង្គភាពយើងដែរថា : សមត្ថកិច្ចភាគីទាំងពីរបាននឹងកំពុងសម្របសម្រួលនិតិវិធីក្នុងការសួរចម្លើយជនសង្ស័យនិងនិតិវិធីបញ្ជូនមកប្រទេសកម្ពុជា ។
សមត្ថកិច្ចបានឱ្យដឹងថាជនសង្ស័យមានឈ្មោះហុង ខាវសិរីវេត (ហៅហុង)ភេទប្រុស អាយុ៥១ឆ្នាំ ជាមេខ្យល់ជនជាតិថៃ រស់នៅភូមិណាំគៀង ឃុំណូនម៉ាក់មុនស្រុកគោកធ្យូង ខេត្តស្រៈកែវ ប្រទេសថៃ។
សូមរំលឹកថា កាលពីថ្ងៃទី០១ខែមីនាឆ្នាំ២០២៣នៅ វេលាម៉ោង១៤និង២០នាទីរសៀល កងល្បាតទី៣ កងការពារព្រំដែនលេខ៥០៣ – អូរបីជាន់ បានប្រទះឃើញសពស្ត្រីពលករខ្មែរម្នាក់ នៅចំណុចក្នុងព្រៃចំការ មីនព្រំដែន ខាងលិចទំនប់ក៥ ពីផ្លូវជាតិលេខ៥៨.ស្លិតនៅភូមិទំនប់ដាច់ ឃុំអូរបីជាន់ ស្រុកអូរជ្រៅ ខេត្ដបន្ទាយមានជ័យ។
គឺទល់មុខថ្នល់ខ្មៅថៃ ភូមិអាងសិលាថៃ.ឃុំណូនម៉ាកម៉ុន ស្រុកគោកធ្យូង ខេត្តស្រះកែវ ប្រទេសថៃ ។
ការស្រាវជ្រាវ ទើបដឹងថា ជនរងគ្រោះ មានឈ្មោះ ស្វៃ សុភត្រ្តាអាយុ៣៨ឆ្នាំ ទីលំនៅភូមិផ្គាំ ឃុំសិង្ហ ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ ។
ការពិនិត្យនិងធ្វើកោសល្យវិច្ច័យឃើញថា សាកសពរងការរបួសផ្នែកក្បាល បែកក្បាលពីក្រោយ៧ស.ម.បែកលើចិញ្ចើម១២ ស ម ក្រោមច្រមុះ៤ ស ម ក្រោមចង្កា៧ស.ម.។
ការបំភ្លឺរបស់ ឈ្មោះ ពេជ្រ រត្នន: អាយុ១៧ឆ្នាំ ត្រូវជាកូនប្រុសបង្កើត របស់ស្ត្រីរងគ្រោះ បានប្រាប់ថា នៅវេលាប្រហែលម៉ោង៩ និង ៣០នាទីម្តាយរបស់គាត់មកដល់ចំណុចផ្សាររោងគ្លឿ ស្រុកអារញ្ញាប្រថេត ខេត្តស្រះកែវប្រទេសថៃ រួចបានបានបែកគ្នា។
មូលហេតុម្តាយរបស់ខ្លួនមានប៉ាស្ព័រ (លិខិតឆ្លងដែន) តែផុតថ្ងៃកំណត់សុពលភាព ក៏សម្រេចចូលមកកម្ពុជាវិញ តែបានដើរតាមច្រកផ្លូវកាត់ (ច្រករបៀង) ។
ចំណែកខ្លួនជាកូនមានប៉ាស្ព័រ ក៏បានបោះត្រាចូលមកផ្លូវត្រង់ច្រកទ្វារអន្តរជាតិខ្លងលឹក- ប៉ោយប៉ែតលុះដល់រលៀលទើបដឹងថា ម្តាយខ្លួនស្លាប់ ៕




