កែប ៖ ដើម្បីការពារសន្តិសុខ សណ្តាប់ធ្នាប់ របៀបរៀបរយក្នុងពិធីបុណ្យសមុទ្រនិងការពារសុវត្ថិភាព សម្តេចតេជោ ហ៊ុន សែន និងសម្តេកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ក្នុងពិធីសម្ពោធអគារសិក្សានៅវិទ្យាល័យប៊ុនរ៉ានីចរិយាវង្ស នាពេលខាងមុខនេះ នៅព្រឹកថ្ងៃទី១៩ខែធ្នូ ឆ្នាំ២០១៧ លោកឧត្តមសេនីយ៍ទោ អីុង សំអុល ស្នងការនគរបាលខេត្តកែប បានធ្វើការផ្សព្វផ្សាយគោលការណ៍សំខាន់ៗចំនួន៧ចំណុច សម្រាប់អនុវត្ត ក្នុងគោលបំណងបញ្ចៀសនូវហេតុការណ៍កើតឡើងជាយថាហេតុផ្សេងៗ។
ជាមួយនេះលោកស្នងការក៏បានជម្រុញដល់សាធារណៈជន បងប្អូនប្រជាពលរដ្ឋគ្រប់មជ្ឈដ្ឋានត្រូវអនុវត្តតាមការផ្សព្វផ្សាយដូចខាងក្រោយ៖
ទី១-អាជ្ញាធរនឹងបិទផ្លូវជាតិលេខ33Aចាប់ពីចំណុចមុខសាលាខេត្តកែប រហូតទៅដល់ឆ្នេរហែលទឹក ដោយការបិទចរាចរណ៍នេះនឹងត្រូវបិទចាប់ពីថ្ងៃទី២២រហូតដល់ថ្ងៃទី២៤ខែធ្នូ ឆ្នាំ២០១៧ ហើយយើងឲ្យបងប្អូនជាអ្នកដំណើរដែលត្រូវឆ្លងកាត់នេះធ្វើដំណើរតាមផ្លូវវាង ដោយមានកងកម្លាំងនគរបាលចរាចរណ៍និងកម្លាំងកងរាជអាវុធហត្ថជាអ្នកបង្ហាញផ្លូវ។
ទី២-សាធារណៈជននិងភ្ញៀវដែលមកលេងបុណ្យសមុទ្រនេះ សូមឲ្យមានការប្រុងប្រយ័ត្ន ម្ចាស់ការលើផ្នែកសន្តិសុខផ្ទាល់ខ្លួន ទាំងមធ្យោផ្ទាល់ខ្លួន ក៏ដូចជាគ្រឿងអលង្កាជាដើម ជម្រើសដ៏ល្អគួរផ្ញើរមធ្យោបាយទាំងនោះនៅកន្លែងដាក់បញ្ញើរទើបប្រសើរ ធ្វើបែបនេះយើងជៀសវាងការបាត់បង់ទ្រព្យសម្បតិ្តមានតម្លៃផ្សេងៗ។
ទី៣-លោកស្នើសុំក្នុងការប្រុងប្រយ័ត្នចំពោះក្មេងតូចៗដែលមកតាមជាមួយ ដើម្បីជៀសវាងការវង្វេង ព្រោះក្នុងពិធីបុណ្យសមុទ្រនេះមានមនុស្សច្រើន ហើយបើមានករណីវង្វេងសូមរាយការណ៍ប្រាប់សមត្ថកិច្ចដើម្បីឲ្យជួយប្រកាសរក និងជម្រើសដ៏ល្អគួរសរសេរលេខទូរស័ព្ទដាក់តាមហោប៉ៅកូនរបស់ខ្លួន។
ទី៤-សុំឲ្យប្រុងប្រយ័ត្ននិងបង្កាអគ្គីភ័យមុនពេលចេញពីផ្ទះសូមពិនិត្យមើលភ្លើងទៀន ភ្លើងធូប ឬចរន្តអគ្គិសនី បើអាចបិទបារ៉ែតកាន់តែល្អ ហើយត្រូវបិទបង្អួត ចាក់សោរទ្វារផ្ទះឲ្យបានត្រឹមត្រូវ ។ ចំពោះអាជីវករក្នុងតំបន់ ពិសេសចំណុចផ្សារក្តាមសូមបង្កាប្រុងប្រយ័ត្នខ្ពស់រាល់ការប្រើហ្កាសចំអិនអាហារ គួរបង្កាបំពង់សម្រាប់ពន្លត់អគ្គីភ័យរបស់ខ្លួនជាប្រចាំ។
ទី៥-លោកស្នើសុំកុំឲ្យប្រើប្រាស់ឧបករណ៍ និងសម្ភារៈដែលគណៈកម្មការអន្តរក្រសួងនិងសមត្ថកិច្ចបានហាមឃាត់ និងច្បាប់ហាមប្រាម ដូចជាការប្រើឯកសណ្ឋានខុសច្បាប់ រួមមាន៖ឯកសណ្ឋានប៉ូលិស កងខេមរភូមិន្ទ កងរាជអាវុហត្ថជាដើម។
ជាមួយនេះក្នុងពិធីនេះហាមដាច់ខាតមិនឲ្យប្រើប្រាស់អាវុធជាតិផ្ទុះ ដាវ កាំបិត ខ្នោះដៃ ស្នាប់ដៃ ដែលសុទ្ធសឹងជាឧបករណ៍ល្មើសច្បាប់។ក្រៅពីនោះបើពុំមានការចាំបាច់ គឺមិនអនុញ្ញាតឲ្យប្រើផាវនិងកាំជ្រួចឡើយ។
ទី៦-ស្នើសុំកុំឲ្យមានការបង្ហោះដ្រូន Drone ដោយការប្រើដ្រូននៅទីនោះមានតែអ្នកយកព័ត៌មានទូរទស្សន៍ ក្នុងអង្គភាពណាមួយ ដែលបានស្នើសុំពីគណៈកម្មការអន្តរក្រសួងរួចហើយ។
ទី៧-សាធារណៈជន ពិសេសភ្ញៀវដែលមកលេងនៅទីនេះ ត្រូវស្វែងយល់ពីលេខទូរស័ព្ទរបស់កម្លាំងសមត្ថកិច្ច ព្រោះពេលនេះសមត្ថកិច្ចយើងក៏បានផលិតលេខទូរស័ព្ទទាន់ហេតុការណ៍ជាច្រើនខ្សែផងដែរ។តារយៈនេះ បើសាធារណៈជនមានបញ្ហាមិនប្រក្រតីណាមួយ សូមផ្តល់ដំណឹងជូនសមត្ថកិច្ច ដែលមានគ្រប់កន្លែងនៅទីនោះដើម្បីចាត់ការទាន់ពេលវេលា។
សូមជម្រាបថា៖ ពិធីបុណ្យសុទ្រលើកទី៦ ជុំទី២នៅខេត្តកែប នឹងត្រូវធ្វើឡើងតាមការកំណត់ នៅថ្ងៃទី២២,២៣,២៤ខែធ្នូ ឆ្នាំ២០១៧ ដោយកម្មវិធីនេះនឹងមានការប្រគុំតន្ត្រីគ្រប់ប្រភេទ ទាំងបុរាណ ទាំងសម័យ ដែលមានការចូលរួមសំដែងពីតារាល្បីៗប្រចាំព្រះរាជាណាចក្រកម្ពុជា និងមានការប្រកួតកីឡា លើឆ្នេរខ្សាច់ លើទឹកនិងលើអាកាសផងដែរ ។ ដោយឡែក ស្តង់ដែលយកមកបង្ហាញផលិតផលក្នុងពិធីបុណ្យសមុទ្រនេះមានចំនួន៥២០ស្តង់៕
ណារិទ្ធ






