ខេត្តស្ទឹងត្រែង ៖ ទីតាំងលក់សាច់សត្វព្រៃមួយកន្លែងនៅផ្សារស្ទឹងត្រែងរងការបង្ក្រាបដោយកម្លាំងប៉េអឹមកាលពីវេលាម៉ោង៩និង១៥នាទីព្រឹកថ្ងៃទី១៩ខែធ្នូឆ្នាំ២០១៧។
ប្រភពអោយដឹងថាការបង្ក្រាបរឹបអូស សាច់សត្វព្រៃនិងសត្វព្រៃរស់ល្មើស ច្បាប់ខាងលើកម្លាំងកងរាជអាវុធហត្ថបានដឹកនាំដោយលោកអៀង វ៉ាន់ឌី មេបញ្ជាការកងរាជអាវុធហត្ថខេត្តស្ទឹងត្រែងដោយមានការចូលរួមសម្របសម្រួលពិនិត្យលោកព្រះរាជអ្ញារងអមសាលាដំបូងខេត្តរួមមន្ត្រីខណ្ឌរដ្ឋបាលព្រៃឈើ។
មន្ត្រីកងរាជអាវុធហត្ថអោយដឹងថាស្ថិត ក្នុងសកម្មភាពចុះបង្ក្រាបទីតាំងលក់សត្វព្រៃខុសច្បាប់ខាងលើកម្លាំងអាវុធហត្ថបានឃាត់ខ្លួនជនសង្ស័យម្នាក់ជាម្ចាស់ទីតាំងមានឈ្មោះហួត តារា ភេទប្រុសអាយុ ៣០ឆ្នាំបច្ចុប្បន្នស្នាក់នៅភូមិរាជានុកូលសង្កាត់ស្ទឹងត្រែងក្រុងស្ទឹងត្រែង។
មន្ត្រីផ្នែករដ្ឋបាលព្រៃឈើក្រុងស្ទឹងត្រែង អោយដឹងថាវត្ថុតាងចាប់យកដោយកម្លាំងកងរាជអាវុធហត្ថរួមមានសាច់ជ្រូកព្រៃចំនួន៤៥គីឡូក្រាមអណ្តើកចំនួន៣ក្បាលទម្ងន់១៥គីឡូក្រាមក្រពះប្រម៉ាក្រៀមចំនួន៣សត្វរញីរស់ចំនួន៥ក្បាលសត្វត្រកួតរស់ចំនួន៣ក្បាលទម្ងន់១៦គីឡូក្រាម។
ក្រោយធ្វើកំណត់ហេតុរួមកម្លាំងកងរាជអា
វុអធហត្ថបានប្រគល់វត្ថុតាងល្មើសច្បាប់ទៅអោយជំនាញរដ្ឋបាលព្រៃឈើបន្តនីតិវិធី។ជាក់ស្តែងសត្វព្រៃរស់ត្រូវបាននាំទៅសង្គ្រោះនៅតំបន់មានសុវត្តិភាពចំណែកសាច់ព្រៃត្រូវដុតកម្ទេចចោលនៅបរិវេណខណ្ឌរដ្ឋបាលព្រៃឈើ៕




