កំពត ៖ វេទិកាពិគ្រោះយោបល់ស្តីពីគម្រោងអាជីវកម្មផលិតចំណីសត្វ និងដុតថ្មកំបោរ ត្រូវបានធ្វើឡើង កាលពីព្រឹកថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០១៧នៅភូមិស្ដេចគង់ ឃុំស្ដេចគង់ខាងត្បូងស្រុកបន្ទាយមាស ខេត្តកំពត ក្រោមវត្តមានដ៏ខ្ពង់ខ្ពស់ លោកចាន់ ចេស្តា អភិបាល នៃគណៈអភិបាលខេត្តកំពត។ អង្គវេទិកាសាធារណៈ នេះមានការចូលរួមពីសំណាក់ប្រជាពលរដ្ឋ ប្រមាណជាង២០០នាក់ដើម្បីធ្វើការពិគ្រោះយោបល់ លើគម្រោងអាជីកម្មផលិតចំណីសត្វនិង ដុតថ្មកំបោរ របស់សហគ្រាស លី គឹមវុន នៅភ្នំស្ដេចគង់ហៅថាភ្នំស្ដេចគម្រង់។
វេទិកាសាធារណៈនេះរៀបចំឡើងដោយ ក្រសួងរ៉ែ និងថាមពល និងអាជ្ញាធរខេត្តកំពត។
.មានប្រសាសន៍ជួបជាមួយប្រជាពលរដ្ឋ លោក ចាន់ ចេស្ដាអភិបាលខេត្តបានថ្លែងអំណរគុណចំពោះប្រជាពលរដ្ឋដែលតែងតែមានជំនឿទុកចិត្តលើការដឹកនាំដ៏ត្រឹមត្រូវរបស់សម្ដេចតេជោហ៊ុនសែន ដែលបច្ចុប្បន្នប្រទេសជាតិកំពុងតែមានសុខសន្តិភាពនិងមានការអភិវឌ្ឍន៍រីកចម្រើនលើគ្រប់វិស័យបម្រើបាននូវសេចក្ដីត្រូវការរបស់ប្រជាពលរដ្ឋ ហើយឈានដល់ដំណាក់កាល មួយដែលធ្វើឲ្យជីវភាពប្រជាជនមានការរីកចម្រើននៅក្នុងគ្រួសារនីមួយៗជាបណ្ដើរៗ។
លោក អភិបាលខេត្តក៏បាន មានប្រសាសន៍ រំលឹកដែរថា៖ប្រទេសជាតិបើគ្មានសុខសន្តិភាពគឺកុំថាឡើយការអភិវឌ្ឍន៍ សូម្បីតែសិទ្ធិសេរីភាពផ្សេងៗក៏គ្មានដែរ។ដូច្នេះតាមរយៈគោលនយោបាយយុទ្ធសាស្ត្រ របស់រាជរដ្ឋាភិបាល ក្រោមការដឹកនាំដ៏ត្រឹមត្រូវរបស់សម្ដេចតេជោហ៊ុនសែន គឺបានពង្រឹង និងធានាបាន នាំមកនូវសុខសន្តិភាពស្ថិរភាពនយោបាយផ្ទៃក្នុងបានល្អប្រសើរ រួមនិងការកសាងបាននូវសមិទ្ធផលធំៗជាច្រើនទៀតជូនជាតិនិងប្រជាជនយើង។
ជាពិសេសផ្តល់ឱកាសការងារដល់ពលរដ្ឋក្នុងការចូលរួមចំណែកកាត់បន្ថយភាពក្រីក្រ និងជួយបង្កើនសេដ្ឋកិច្ចគ្រួសារ និងសង្គមជាតិដូចដែលអង្គវេទិកាយើងបានជួបជុំគ្នានាពេលនេះជាការជាក់ស្ដែង។លោក ចាន់ ចេស្តា អភិបាលខេត្តក៏បានសំណូមពរស្នើឲ្យសហគ្រាសផ្តល់អាទិភាពជាចម្បងដល់ពលរដ្ឋក្នុងមូលដ្ឋានភូមិឃុំក្នុងការទទួលបានឱកាសការងារធ្វើនៅក្នុងសហគ្រាស ដើម្បីកាត់បន្ថយភាពលំបាករបស់ពលរដ្ឋទៅធ្វើការនៅឆ្ងាយស្រុក និងជួយបង្កើនប្រាក់ចំណូលក្នុងគ្រួសារផងដែរ។
នៅក្នុងវេទិការសាធារណៈនោះដែរលោក ហេង ចាន់ធួនអនុរដ្ឋលេខាធិការតំណាងលោក ស៊ុយ សែម រដ្ឋមន្ត្រីក្រសួងរ៉ែនិងថាមពល ក៏បានលើកឡើងដែរថា ៖ក្រុមហ៊ុន និងសហគ្រាសគឺជាដៃគូរអភិវឌ្ឍសេដ្ឋកិច្ចប្រទេសជាតិមិនអាចខ្វះបាន ។ ជាពិសេសផ្តល់ឱកាសការងារនិងបង្កើនសេដ្ឋកិច្ចគ្រួសារឈានដល់់ការកាត់បន្ថយបាន ភាពក្រីក្រ ជូនដល់់គ្រួសារប្រជាពលរដ្ឋ និងសង្គមជាតិទាំងមូល។ ប៉ុន្តែនៅក្នុងកិច្ចអភិវឌ្ឍន៍អ្វីមួយ រាជរដ្ឋាភិបាលក៏ដូចក្រសួង ស្ថាប័នជំនាញនីមួយៗ ត្រូវតែអនុវត្តនូវគោលនយោបាយជាតិច្បាស់លាស់ស្របទៅនឹងលក្ខខណ្ឌរបស់ក្រសួង មុនពេលចេញអាជ្ញាប័ណ្ណឲ្យក្រុមហ៊ុន ឬសហគ្រាសណាមួយបើកធ្វើអាជីវកម្ម ឬវិនិយោគ។ ដើម្បីជាការធានានិរន្តរភាព បម្រើដល់ផលប្រយោជន៍គ្នាទៅវិញទៅមក រវាងរដ្ឋនិងអ្នកវិនិយោគ។ពិសេសពាក់ព័ន្ធប្រជាពលរដ្ឋនិងអាជ្ញាធរក្នុងមូលដ្ឋានដែលតម្រូវឲ្យមានការចូលរួមផ្ដល់់យោបល់និងការគាំទ្រផងដែរ ដូចដែលគោលបំណងនៃអង្គវេទិកាយើងនាពេលនេះ។
លោក អនុរដ្ឋលេខាធិការក៏បានគូសបញ្ញាក់ទៀតថា៖ នៅខេត្តកំពតគឺជាខេត្តមួយមានសក្ដានុពលក្នុងវិស័យរ៉ែ និងថាមពលកំពុងបានដំណើរការផលិត និងបានរួមចំណែកដល់់ចំណូលសេដ្ឋកិច្ចជាតិផងដែរ។ ហើយតាមរយៈចំណូលថវិកាទាំងនេះ នឹងជួយធ្វើឲ្យមានការអភិវឌ្ឍក្នុងមូលដ្ឋាន កាត់បន្ថយភាពក្រីក្ររបស់ប្រជាពលរដ្ឋ និងជួយបង្កើនកំណើនសេដ្ឋកិច្ចប្រទេសទាំងមូលទៀតផង។
អង្គវេទិកានេះបានបញ្ចប់បន្ទាប់ពី មានការចូលរួមមតិយោបល់ពីអាជ្ញាធរ ប្រជាពលរដ្ឋនិងព្រះសង្ឃ ដែលបានលើកសំណូមពរឲ្យបង្កើនការអភិវឌ្ឍបន្ថែមទៀតនិងសុំដោះស្រាយពាក់ព័ន្ធ នឹងការធ្វើផ្លូវ និងបណ្ដាញអគ្គិសនីក្នុងមូលដ្ឋាន ដោយមានការគាំទ្រហើយពុំមានការលើកឡើងពីផលប៉ះពាល់នៃការធ្វើអាជីកម្មរបស់សហគ្រាសលី គឹមវុនផលិតចំណីសត្វនិង ដុតថ្មកំបោរនេះឡើយ៕ ណារិទ្ធ






