ខេត្តបន្ទាយមានជ័យ ៖ រូបសំណាក់ប្រាសាទកំពូលបីនៅចំមាត់ច្រកទ្វារអន្តរជាតិប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ សព្វថ្ងៃនេះត្រូវបានក្រសួងមហាផ្ទៃឯកភាពសម្រេចរុះរើដកចេញពីកន្លែងចាស់មកដាក់លើទីតាំងថ្មី ពោលគឺនៅចំណុចរង្វង់មូលក្រុងប៉ោយប៉ែតនាពេលខាងមុខនេះហើយ។ ពីព្រោះនៅចំណុចប្រាសាទចាស់នោះគឺគេត្រូវអភិវឌ្ឍន៍ នៅទៅស្នាក់ការថ្មីជាច្រើនកន្លែងដើម្បីបំរើការងារដល់ទេសចរណ៍ជាបន្តទៀត។
ថ្លែងក្នុងកម្មវិធីផ្ទេរភារកិច្ចជូនដល់អស់លោកប្រធាននិងអនុប្រធានគណៈបក្សប្រជាជនថ្មីក្រុងប៉ោយប៉ែតនៅព្រឹកថ្ងៃទី១៦ខែធ្នូឆ្នាំ២០១៧នេះ នៅសាលាប្រជុំគណៈបក្សក្រុងតែម្តងឯកឧត្តមសួន បវរ អភិបាលនៃគណៈអភិបាលខេត្តបន្ទាយមានជ័យ និងជាប្រធានគណៈបក្សប្រជាជនខេត្តបន្ទាយមានជ័យបានបញ្ជាក់ថា៖រឿងរៀបចំសណ្តាប់ធ្នាប់ក្នុងក្រុង របស់លោកអភិបាលក្រុងថ្មីដែលទើបចូលកាន់ដំណែងថ្មីនេះ គឺវាមានការល្អប្រសើរគួរឱ្យទទួលយកបាន ឯកឧត្តមសួន បវរ បានបន្តទៀតថា៖វាពិតណាស់ហើយត្រង់ថាក្រុងប៉ោយប៉ែត ជាពិសេសគឺទាំងច្រកទ្វារអន្តរជាតិក្តី រង្វង់មូលក្តី តាមដងផ្លូវជាតិក្តីគឺមិនត្រូវឱ្យមានភាពរញ៉េរញ៉ៃនោះទេ។
ឯកឧត្តមបញ្ជាក់ថា៖វាត្រូវតែឱ្យមានភាពស្រស់បំព្រងទាំងអនាម័យទាំង សោភ័ណភាពទូទៅ ជូនប្រជាពលរដ្ឋនិងភ្ញៀវទេសចរណ៍ជាតិនិងអន្តរជាតិ ដែលពួកគាត់ធ្វើដំណើរទៅមកឆ្លងច្រកទ្វាររបស់យើង។
ឯកឧត្តមអភិបាលនៃគណៈអភិបាលខេត្តបានបង្ហើបឱ្យដឹងទៀតថា៖ចំពោះរូបសំណាក់ក្រាំងប្រាសាទកំពូលបីដែលជាតំណាងឱ្យប្រទេសជាតិយើងនៅឯច្រកទ្វារនោះគឺក្រសួងមហាផ្ទៃ បានសម្រេចរុះររើចេញ ដោយយកមកដាក់នៅរង្វង់មូលវិញនាពេលខាងមុខនេះ៕





