ខេត្តបន្ទាយមានជ័យ ៖ នៅម៉ោង៨និង៣០នាទីព្រឹកថ្ងៃទី១៤ខែធ្នូឆ្នាំ២០១៧នេះអាជ្ញាធរក្រុងប៉ោយប៉ែតដែលដឹងនាំដោយលោកសាន ស៊ានហូ អភិបាលនៃគណៈអភិបាលក្រុងប៉ោយប៉ែតថ្មី បានចុះចាប់ស្ទូច រថយន្តតាក់ស៊ីដែលចតយ៉ាងអនាធិបតេយ្យនៅចំណុចរង្វង់មូលច្រកទ្វារអន្តរជាតិ ប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។
ដែលថ្គើនទៅនឹងការណែនាំអបរំអភិបាលនៃគណៈអភិបាលក្រុងប៉ោយប៉ែតថ្មីជាច្រើនលើកច្រើនសាររួចមកហើយដោយបានដាក់បទបញ្ជាឱ្យរាល់រថយន្តទាំងអស់ត្រូវរកចំណតរថយន្តដោយខ្លួនឯង ធ្វើយ៉ាងណាឱ្យជៀសផុតពីចំណុចរង្វង់មូលនេះជាហេតុ បង្កឱ្យមានការកកស្ទះនិងប៉ះពាល់ដល់វិស័យទេសចរថែមទៀតផង។
សូមជំរាបដែរថា៖នៅក្នុងនោះគេបានសង្គេតឃើញមានកម្លាំងសមត្ថកិច្ចចម្រុះដែលដឹកនាំដោយលោក សាន ស៊ានហូ ផ្ទាល់តែម្តងបានចាប់រថយន្តម៉ាក ហាយឡេនដឺ សេរី ០៣ ពាក់ស្លាកលេខ ភ្នំពេញ-2L8326 ពណ៌ស្ករ ជាកម្មសិទ្ធរបស់ឈ្មោះ លត់ ចិត្ត ភេទប្រុសអាយុ៤៩ឆ្នាំ រស់នៅភូមិបាលិលេយ្យ២ សង្កាត់និងក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ។ ដែលបុរសជាម្ចាស់រថយន្តនោះ រវល់តែដេកលក់ហើយចតរថយន្តចោលនៅរង្វង់មូល ស្រាប់តែត្រូវចៅហ្វាយក្រុងបញ្ជាឱ្យយកឡានស្ទូចមកស្ទូចយកទៅដាក់នៅសាលាក្រុងតែម្តងដើម្បីជាការប្រមានដល់អ្នកផ្សេងទៀត។
គួររំលឹកដែរថា ៖ តាមការឱ្យដឹងពីលោក សាន ស៊ានហូ អភិបាលនៃគណៈអភិបាលក្រុងប៉ោយប៉ែតថ្មីដែលលោកបានអះអាងថា៖លោកទុករយៈពេលត្រឹមថ្ងៃទី១៧គឺការរៀបចំសណ្តាប់ធ្នាប់ពីរង្វង់មូលច្រកទ្វារអន្តរជាតិទៅដល់ផ្សារកណ្តាលទាំងសងខាងផ្លូវជាតិលេខ៥ ឱ្យរួចចប់សព្វគ្រប់ជាស្ថាពរដោយខានមិនបាន។
លោកបានបន្តទៀតថា៖ការចាប់ផ្តើមអនុវត្តនោះគឺចាប់ផ្តើមពីថ្ងៃទី១២រហូតមកដល់ថ្ងៃទី១៧ខែឆ្នាំដ៏ដែល ហើយបើបុគ្គលណាមួយរឹងទទឹងមិនព្រមអនុវត្តតាមទេនោះលោកនិងចាត់វិធានការក្តៅគគុកទៅតាមនិតិវិធីច្បាប់ ដោយមិនយល់យោគថាបុគ្គលនោះជានរណានោះទេ។
លោកថា៖ភារកិច្ចទាំងអស់នេះគឺមិនសំដៅទៅលើធម៌ក្តៅឬធម៌ត្រជាក់នោះទេ សំខាន់ឱ្យជនរួមជាតិទាំងអស់រួមសហការរក្សាសណ្តាប់ធ្នាប់ឱ្យបានល្អប្រសើរជូនភ្ញៀវជាតិនិងអន្តរជាតិ ដែលកំពុងធ្វើដំណើរទៅមកឆ្លងកាត់ច្រកទ្វារអន្តរជាតិនេះ ទៅកាន់តំបន់ទេសចរផ្សេងៗនៅទូទាំងប្រទេសកម្ពុជាយើងសព្វថ្ងៃនេះ។
ដោយឡែក ការចាប់យករថយន្តមួយគ្រឿងមកដាក់នៅអធិការដ្ឋានក្រុងប៉ោយប៉ែតដើម្បីឲ្យម្ចាស់ឱ្យចូលខ្លួនមកធ្វើកិច្ចសន្យាត្រឹមត្រូវ ដោយមិនអនុញ្ញាតិឱ្យយករថយន្តទៅចាប់មយនៅរង្វង់មូលដូចមុនៗទៀតនោះឡើយ៕







