អភិបាលស្រុកដំណាក់ចង្អើរ អំពាវនាវដល់ប្រជាពលរដ្ឋប្រគល់ឧបករណ៍នេសាទល្មើសច្បាប់ជូនសមត្ថកិច្ច ឬមន្ត្រីជំនាញ និងអាជ្ញាធរ
ខេត្តកែប៖ លោក ឆាង ឆៃ អភិបាលនៃគណៈអភិបាលស្រុកដំណាក់ចង្អើរ ខេត្តកែប បានធ្វើការអំពាវនាវដល់ប្រជាពលរដ្ឋ និងប្រជានេសាទដែលមានឧបករណ៍ល្មើសច្បាប់ដូចជា លបកន្ទុយកណ្តុរ លបពោះវៀនជ្រូក លបប្រើស១០០ និងឧបករណ៍ឆក់គ្រប់ប្រភេទ ត្រូវប្រគល់ជូន សមត្ថកិច្ច ឬមន្ត្រីជំនាញជលផល និងអាជ្ញាធរមូលដ្ធានរបស់ខ្លួនឲ្យបានមុនថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០២៣។
តាមរយៈផេកហ្វេសប៊ុក Facebook ផ្លូវការរបស់រដ្ធបាលស្រុកដំណាក់ចង្អើរ លោក ឆាង ឆៃ បញ្ជាក់ថា ការប្រើឧបករណ៍ល្មើសច្បាប់ គឺបំផ្លាញទាំងខ្លួនឯង បំផ្លាញទាំងជីវចម្រុះគ្រប់ប្រភេទក្នុងបាទសមុទ្រទៀតផង។
លោក អភិបាលស្រុក ក៏បានអរគុណដល់បងប្អូនប្រជានេសាទដែលមានស្មារតីភ្ញាក់រលឹកទាន់ពេលវេលា ហើយលះបង់ការនេសាទ ដោយប្រើឧបករណ៍ល្មើសច្បាប់ និងប្រគល់ជូន សមត្ថកិច្ច មន្ត្រីជំនាញជលផល ឬអាជ្ញាធរធ្វើការដុតបំផ្លាញចោល។
សូមបញ្ជាក់ថា រដ្ឋបាលខេត្តកែប បានចេញសេចក្តីជូនដំណឹងលេខ ០២៣/២៣ សជណ ចុះថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០២៣ ស្តីពី “ឪសានវាទនៃសេចក្តីជូនដំណឹងស្តីពី ការហាមធ្វើនេសាទដោយឧបករណ៍លបកណ្តុរ លបពោះវៀនជ្រូក លបប្រើស១០០ និងឧបករណ៍ឆក់ត្រីគ្រប់ប្រភេទក្នុងដែននេសាទខេត្តកែប”។
លិខិតមានខ្លឹមសារថា ខេត្តកែប ជាខេត្តទេសចរណ៍ធម្មជាតិ កំពុងមានការទាក់ទាញភ្ញៀវទេសចរណ៍មកទស្សនាសម្រាកកំសានជាហូរហែយ៉ាងច្រើនកុះករ ដោយសារស្ថានភាពភូមិសាស្ត្រអំណោយផលល្អ មានឆ្នេរយ៉ាងស្រស់ស្អាត រួមជាមួយទេសភាពដ៏ទាក់ទាញគួរឲ្យចង់គយគន់ មានខ្យល់អាកាសបរិសុទ្ធ ដែលប្រជុំទៅដោយកោះ និងផ្ទៃសមុទ្រខៀវស្រងាត់ ដែលសម្បូរទៅដោយជីវចម្រុះដូចជា ស្មៅសមុទ្រ ផ្កាថ្ម មច្ឆាជាតិធំតូចគ្រប់ប្រភេទ រួមទាំងពពួកផ្សោត ជ្រូកទឹក សេះសមុទ្រ រួមនិងប្រភេទសត្វកម្រជាច្រើនទៀត៕ អត្ថបទ៖ ទ្រី ហៀន






