(កែប)៖ ពិធីប្រកាសសម្ពន្ធយុវជនស្រលាញ់សន្តិភាពសាខាខេត្តកែប ត្រូវបានប្រព្រឹត្តទៅដ៏មហាឡារឹក កាលពីព្រឹកថ្ងៃទី១០ខែធ្នូ ឆ្នាំ២០១៧ ក្រោមអធិបតីភាព លោកកែន សត្ថា ប្រធានគណៈកម្មាធិការគណបក្សប្រជាជនកម្ពុជាខេត្តកែប លោកជុំ កុសល ទីប្រឹក្សាផ្ទាល់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងលោក ប៉ាន់ខែម ប៊ុនថន ជំនួយការសម្តេចតេជោ ហ៊ុន សែន។
ពិធីនេះបានធ្វើឡើងនៅក្នុងសាលប្រជុំគណបក្សប្រជាជនខេត្តកែប ដោយមានការចូលរួមពីសំណាក់ក្រុមសម្ពន្ធយុវជនស្រលាញ់សន្តិភាពចំនួន៤៤០នាក់។
ក្រោយពីបានប្រកាសផ្តល់តួនាទីលោកសុទ្ធ ពុទ្ធិម៉ានីន ជាប្រធានសម្ពន្ធយុវជនស្រលាញ់សន្តិភាព សាខាខេត្តកែប លោកប្រធានសាខា ក៏បានឡើងប្តេជ្ញាចិត្តថានឹងខិតខំពង្រឹងសមត្ថភាពក្រុមយុវជនរបស់ខ្លួនឲ្យបានរឹងមាំ ដោយឈរលើគោលការណ៍ទាំង៤ចំណុចឲ្យមានប្រសិទ្ធភាព គឺក្រុមសម្ពន្ធយុវជនត្រូវតែចេះច្រៀង គោរពភ្លេងជាតិ គោរពភ្លេងគណបក្សប្រជាជន ហើយជានិច្ចកាលគឺត្រូវបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា ហ៊ានធ្វើអ្វីៗគ្រប់យ៉ាងដើម្បីគណបក្សប្រជាជនកម្ពុជា ទោះជាស្ថិតក្នុងតម្លៃណាក៏មិនរាថយ និងចំណុចចុងក្រោយគឺមិនវាយប្រហារមន្ត្រីណាមួយក្នុងជួរគណបក្សប្រជាជនកម្ពុជាឡើយ។
លោកប៉ាន់ខែម ប៊ុនថន បានលើកឡើងថា៖សម្ពន្ធយុវជនស្រលាញ់សន្តិភាពត្រូវដើរលើផ្លូវមួយ តាមមាគ៌ា គណបក្សប្រជាជនកម្ពុជា បម្រើផលប្រយោជន៍ជាតិរួមគ្នាជាមួយគណបក្សប្រជាជន ដោយគ្មានការរើសអើង ។ ជារួមដើម្បីក្លាយជាសមាជិកនៃសម្ពន្ធយុវជនស្រលាញ់សន្តិភាព គឺត្រូវអនុវត្តគោលការណ៍សំខាន់ ៤ ចំណុចរួមមាន ៖ ទី១-ត្រូវចេះច្រៀងបទចម្រៀងគោរពភ្លេងជាតិ និងគោរពភ្លេងគណបក្សប្រជាជនកម្ពុជា។ ទី២-ត្រូវបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា។ទី៣-ហ៊ានលះបង់និងធ្វើគ្រប់បែបយ៉ាងដើម្បីគណបក្សប្រជាជនកម្ពុជា ទោះជាស្ថិតក្នុងតម្លៃណាក៏ដោយ។ និងចំណុចទី៤-មិនវាយប្រហារមន្ត្រីណាមួយ ក្នុងជួរគណបក្សប្រជាជនកម្ពុជា ។
ជាមួយនេះ លោកក៏បានបញ្ជាក់ផងដែរថា៖ចាប់ពីម៉ោងនេះទៅ មិនអាចឲ្យបុគ្គលណា ឬក្រុមណាមួយបង្កបញ្ហាមកកាន់គណបក្សប្រជាជនកម្ពុជាឬបង្កភាពអនាធិបតេយ្យឲ្យសង្គមជាតិនោះទេ បើសិនជាមានយុវជនស្រលាញ់សន្តិភាពនឹងប្រឈមមុខដើម្បីតបត ដោយមិនអនុញ្ញាតឲ្យក្រុមទាំងនោះបង្កបញ្ហាឡើយ ព្រោះអ្នកទាំននោះមិនមែនជាម្ចាស់សន្តិភាព ហើយក៏គ្មានរួមចំណែកការពារសន្តិភាពដែរ។
លោក ជុំ កុសល ក៏បានឲ្យដឹងយ៉ាងដូច្នោះថា៖ ក្រុមសម្ពន្ធស្រលាញ់សន្តិភាពនេះ ជាអង្គការចាត់តាំងមហាជនមួយដែលទទួលស្គាល់ដោយគណបក្សប្រជាជនកម្ពុជា និងទទួលស្គាល់ពីប្រមុខរាជរដ្ឋាភិបាលកម្ពុជា ដែលជាប្រធានគណបក្សប្រជាជន ។ ចឹងបានជាលោកប្រកាសជាផ្លូវការ ដើម្បីឲ្យពង្រីកសមាជិកភាពរបស់ខ្លួនទូទាំងប្រទេស ដើម្បីគណបក្សប្រជាជន ។ ប៉ុន្តែខាងអង្គការចាត់តាំងយុវជនជាច្រើននៅក្នុងគណបក្សប្រជាជនកម្ពុជាយើង ដោយបានជំរុញដល់យុវជនធ្វើកិច្ចការជាច្រើនដើម្បីសង្គម ជាពិសេសការងារគណបក្ស ។ ថ្វីបើក្របខណ្ឌដែលយើងបាន គឺគណបក្សដែលកំពុងប្រជែងអំណាច ជាមួយគណបក្សប្រជាជនកម្ពុជាយើងត្រូវបានរំលាយតាមអំណាចសាលដីកាតុលាការកំពូលក៏ពិតមែន ប៉ុន្តែមិនមែនមានន័យថាយើងអត់ដៃគូឡើងប្រកួត បែរជាយើងរង់ចាំលទ្ធផលដោយស្វ័យប្រវត្តិគឺមិនអាចទៅរួចទេ ។ ផ្ទុយទៅវិញ តាមអនុសាសន៍ណែនាំដ៏ខ្ពង់ខ្ពស់របស់សម្តេចតេជោ គឺឲ្យបង្កើនសមត្ថភាពទ្វេរដង ដាច់ខាតមិនត្រូវធ្វេសប្រហែសឡើយ។
មានមតិសំណេះសំណាលនាឱកាសនោះ លោកកែន សត្ថា ប្រធានគណៈកម្មាធិការគណបក្សប្រជាជនកម្ពុជាខេត្តកែប បានបញ្ជាក់ថា៖ ពាក្យថាយុវជនស្រលាញ់សន្តិភាពគឺមានអត្ថន័យធំធេងណាស់ ព្រោះនៅលើសកលលោកប្រទេសណាក៏គេចង់បានសុខសន្តិភាពដែរ ។ ក្នុងនាមយើងជាយុវជនរបស់គណបក្សប្រជាជនកម្ពុជា ត្រូវមានតួនាទីដូចម្តេច?៖ ជារួមយុវជនគឺត្រូវស្រលាញ់ជាតិ មាតុភូមិ និងស្រលាញ់ប្រជាពលរដ្ឋរបស់យើង ។
លោកថា ៖ ក្នុងនាមជាយុវជនស្រលាញ់សន្តិភាព ដែលជាសមាសភាពមួយរបស់គណបក្សប្រជាជនកម្ពុជា ត្រូវតែប្រឆាំងដាច់ខាតនូវគ្រប់កាលៈទេសៈណាដែលធ្វើឲ្យប្រទេសជាតិយើងធ្លាក់ទៅក្នុងភ្នក់ភ្លើងសង្គ្រាមឡើងវិញ។
លោកបានបញ្ជាក់ទៀតថា ៖ គណបក្សប្រជាជនកម្ពុជា ពិតជាមានការលំបាកគ្រប់បែបយ៉ាង ទម្រាំទទួលបានសន្តិភាពយ៉ាងពេញលេញរហូតមកដល់បច្ចុប្បន្ន គឺរែកផងពន់ផង តស៊ូគ្រប់ឧបសគ្គ ដើម្បីឲ្យប្រទេសជាតិឆ្លងផុតពីឋាននរកអវិចី ហើយក៏បានធ្វើកិច្ចការជាច្រើនរាប់ពុំអស់ដើម្បីប្រជាជននិងប្រទេសជាតិរបស់យើង រហូតមានការលូតលាស់និងរីកចម្រើនមកទល់សព្វថ្ងៃនេះ៕ ណារិទ្ធ







