(កែប)៖ សហព័ន្ធគ្រូពេទ្យសហភាពសហព័ន្ធយុវជនកម្ពុជា(ស.គ.ស.ស.យ.ក) នៅព្រឹកថ្ងៃទី០៩ខែធ្នូ ឆ្នាំ២០១៧ បានចុះពិនិត្យនិងព្យាបាលជំងឺជូនប្រជាពលរដ្ឋក្នុងទឹកដីខេត្តកែប។
ពិធីនេះបានធ្វើឡើងនៅក្នុងបរិវេណវិទ្យាល័យ ហ៊ុន សែន ចំការដូង នៃឃុំពងទឹក ស្រុកដំណាក់ចង្អើរ ខេត្តកែប ដោយមានការអញ្ជើញចូលរួមដ៏ខ្ពង់ខ្ពស់ លោកបណ្ឌិត ចម ប្រសិទ្ធ ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម និងសិប្បកម្ម លោកហេង សុគង់ តំណាងដ៏ខ្ពង់ខ្ពស់ លោកហ៊ុន ម៉ានី ប្រធានគណៈកម្មាធិការប្រតិបតិ្តសហភាពសហព័ន្ធយុវជនកម្ពុជា លោកទេព យុទ្ធី អភិបាលរង តំណាងដ៏ខ្ពង់ខ្ពស់ លោកកែន សត្ថា អភិបាលនៃគណៈអភិបាលខេត្តកែប ព្រមទាំងក្រុមការងារ នៃសហព័ន្ធគ្រូពេទ្យសហព័ន្ធយុវជនកម្ពុជា។
លោកទេព យុទ្ធី អភិបាលរងខេត្តកែប បានគូសបញ្ជាក់ថា៖នេះជាសកម្មភាពមនុស្សធម៌លើកទី៤ ជុំវិញការពិនិត្យព្យាបាលជំងឺជូនប្រជាពលរដ្ឋដោយឥតគិតថ្លៃ បន្ទាប់ពីការផ្តល់សេវាមនុស្សធម៌តាមរយៈនៃកិច្ចសហការជួយឧបត្ថម្ភគាំទ្រពីព្រះវិហារ ហុង អីុង រួមជាមួយប្រតិភូសមាគមទឹកចិត្តសប្បុរសធម៌ ប៉ាសូឡាវយិនប្រទេសចិន ដែលដឹកនាំដោយ លោជំទាវឧកញ៉ា លឹម ឈីវហួរ សមាជិកក្រុមការងារគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជាចុះជួយខេត្តកែប មានរយៈពេល៥ថ្ងៃ ក្នុងឆ្នាំ២០១៥ ហើយបានធ្វើសកម្មភាពគ្របដណ្តប់ឃុំ សង្កាត់ទាំង៥នៅទូទាងខេត្តសរុបព្យាបាលជំងឺបានចំនួន ៨.៥៧៨នាក់និងចែកអង្ករជូនប្រជាពលរដ្ឋអស់់ចំនួន៨២,៥០តោន។លោកបានបន្តថា៖អំឡុងពេលថ្មីៗនេះ លោកជំទាវ យឹមឆៃលីន ហ៊ុន ម៉ានី ប្រធានកិត្តិយស សហព័ន្ធគ្រូពេទ្យសហភាពសហព័ន្ធយុវជនកម្ពុជា រួមជាមួយឯកឧត្តមរដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ តំណាងឯកឧត្តម ចម ប្រសិទ្ធ ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង ឧស្សាហកម្មនិងសិប្បកម្ម និងជាប្រធានក្រុមការងារគណៈកម្មាធិការកណ្តាល គណបក្សប្រជាជនកម្ពុជាចុះជួយខេត្តកែប បានសហការជាមួយថ្នាក់ដឹកនាំសម្ព័ន្ធគ្រូពេទ្យសហភាពសហព័ន្ធយុវជនកម្ពុជានិងប្រតិភូក្រុមគ្រូពេទ្យជំនាញ បង្កើតឡើងនូវកម្មវិធីចុះមកព្យាបាលជំងឺជូនប្រជាពលរដ្ឋដោយឥតគិតថ្លៃ និងបានផ្តល់នូវឱសថដ៏មានប្រសិទ្ធភាពជូនប្រជាពលរដ្ឋដើម្បីយកទៅព្យាបាលទៅតាមការណែនាំរបស់ក្រុមគ្រូពេទ្យជំនាញ នៅឃុំអង្កោល ស្រុកដំណាក់ចង្អើររួចមកហើយ។ នេះជាសកម្មភាពមនុស្សធម៌លើកទី២សម្រាប់ស្រុកដំពាក់ចង្អើរ ខេត្តកែប ក្រោមវត្តវត្ត ឯកឧត្តមបណ្ឌិតចម ប្រសិទ្ធ។
លោក ហេង សុគង់ បានឲ្យដឹងផងដែរថា៖ កម្មវិធីពិនិត្យជំងឺនឹងអនុវត្តតាមលេខរៀង ដោយចាប់ផ្តើមពីព្រឹករហូតដល់ម៉ោង១២ថ្ងៃត្រង់ ហើយប្រភេទសេវាដែលនឹងត្រូវពិនិត្យនិងព្យាបាលរួមមាន៖១-ជំងឺទូទៅ ២-ជំងឺបេះដូង និងសរសៃឈាម ៣-ជំងឺមនុស្សចាស់ ៤-ជំងឺត្រចៀក ច្រមុះ បំពង់ក ៥-ជំងឺភ្នែក ៦-ជំងឺសើស្បែក និងកាមរោគ ៧-ជំងឺផ្លូវចិត្ត ៨-ជំងឺកុមារ ៩-ជំងឺវះកាត់និងរោគសន្លាក់ ១០-ជំងឺមាត់-ធ្មេញ ១១-ពិនិត្យអេកូសាស្ត្រ ១២-រោគស្ត្រីនិងពិនិត្យផ្ទៃពោះ ១៣-អប់រំសុភាពសាធារណៈ ១៤-ជំងឺតម្រងនោម ១៥-មន្ទីរពិសោធន៍ចល័ត ១៦-ពិនិត្យបឋមនិងសេវាឱសថសាស្ត្រ។
លោកទេសរដ្ឋមន្ត្រី ចម ប្រសិទ្ធ បានឲ្យដឹងថា ៖ សម្ព័ន្ធគ្រូពេទ្យសហព័ន្ធសហភាពសហព័ន្ធយុវជនកម្ពុជា ដែលមានសុទ្ធតែសាស្ត្រាចារ្យវេជ្ជបណ្ឌិត វេជ្ជបណ្ឌិត ទន្តបណ្ឌិត និងឱសថការីដ៏ឆ្នើមៗ ដែលភាគច្រើនបានបញ្ចប់ការសិក្សានៅក្រៅប្រទេស និងបច្ចុប្បន្នបម្រើការងារនៅមន្ទីរពេទ្យធំៗក្នុងរាជធានីភ្នំពេញ ដោយមានកិច្ចសហការជាមួយរដ្ឋបាលខេត្តកែប ស.ស.យ.ក ក្រសួងឧស្សាហកម្ម និងសិប្បកម្ម ស.ស.យ.ក ខេត្តកែប នឹងចុះពិនិត្យ ព្យាបាលជំងឺជូនប្រជាពលរដ្ឋដោយមិនគិតថ្លៃ និងមិនរើសអើងពណ៌សម្បុរ ជំនឿ សាសនា ឬនិន្នាការនយោបាយណាមួយឡើយ ។
លោកទេសរដ្ឋមន្ត្រី បានបញ្ជាក់ទៀតថា៖ បច្ចុប្បន្នបញ្ហាសុខភាពគឺជាចំណុចមួយដ៏សំខាន់ ដូចបងប្អូនដឹងស្រាប់ហើយរយៈពេលប៉ុន្មានខែនេះ សម្តេចតេជោ ហ៊ុន សែន តែងធ្វើពិធីជួបប្រាស្រ័យជាមួយ បងប្អូន កម្មករ កម្មការិនី និយោជិត នៅតាមបណ្តារោងចក្រ សហគ្រាសនានានិងជួបប្រជាពលរដ្ឋ ដើម្បីជួយរកដំណោះស្រាយបញ្ហាទុក្ខកង្វល់របស់ប្រជាពលរដ្ឋយើង ហើយកត្តាសំខាន់ដែលសម្តេចតែងយកចិត្តទុក្ខដាក់នោះ គឺសុខភាពរបស់បងប្អូនទាំអស់ ពិសេសគិតគូរពីរឿងប្រាក់ខែរបស់កម្មករ កម្មការិនី គិតគូរតាំងពីការចំណាយផ្សេងៗ រហូតដល់សេវាកម្មសាធារណៈ ព្រមទាំងការចំណាយក្នុងការព្យាបាលជំងឺដង្កាត់ផ្សេងៗ។ចំពោះបញ្ហាសុខភាពវាជាកត្តាយ៉ាងសំខាន់ ដែលយើងត្រូវគិតគូរពីកត្តាអនាម័យជាចម្បង ។
លោកក៏បានលើកហេតុផលថា៖ ជួនកាលសុខភាពយើងទ្រុឌទ្រោមដោយសារការប្រើប្រាស់ទឹកមិនស្អាត ដូចជានៅខេត្តកែបយើងក៏មិនទាន់មានបណ្តាញទឹកស្អាតប្រើប្រាស់បម្រើសេវាតាមផ្ទះនៅឡើយទេ ដោយពួកគាត់នៅតែមានទម្លាប់ប្រើប្រាស់ទឹកស្រះ ទឹកត្រពាំងឬអណ្តូងនៅឡើយ ជួនកាលយើងយកមកដាក់ច្រោះថ្លាហើយក៏មិនអាចកម្ចាត់មេរោគបានដែរ ទើបធ្វើឲ្យសុខភាពរបស់យើងមានភាពទ្រុឌទ្រោមពីមួយថ្ងៃទៅមួយថ្ងៃ។ដូច្នេះក្នុងពេលខាងមុខលោកនឹងជម្រុញឲ្យមានការធ្វើបណ្តាញទុយោទឹកស្អាតសម្រាប់ស្តុកទឹកដែលបានសម្លាប់មេរោគរួចហើយ ដើម្បីឲ្យប្រជាពលរដ្ឋប្រើប្រាស់ដូចបណ្តាខេត្តនានាដែរ ។
លោកទេសរដ្ឋមន្ត្រី ចម ប្រសិទ្ធ បានបញ្ជាក់ទៀតថា៖បច្ចុប្បន្ននេះសម្តេចតេជោ តែងតែគិតគូរពីសុខ ទុក្ខ ការរស់នៅរបស់ប្រជាពលរដ្ឋគ្រប់មជ្ឈដ្ឋាន ទូទាំងប្រទេស ហើយសម្តេច ក៏បានផ្តោតការយកចិត្តទុកដាក់យ៉ាងខ្លាំងលើបញ្ហាសុខភាព របស់កម្មករ កម្មការិនីរោងចក្រ ពិសេសអ្នកមានផ្ទៃពោះ គឺត្រូវបានទទួលសេវាថែទាំសុខភាព សម្រាប់គាំពារមាតានិងទារកផងដែរ៕ ណារិទ្ធ




